ខ្មែរ​ក្រហម
ជាតិ
ប្រតិកម្ម​ចម្រុះ​ជុំវិញ​ការស្លាប់​របស់លោក អៀង សារី
14, Mar 2013 , 10:58 am        
រូបភាព
ភ្នំពេញ ៖ លោក អៀង សារី មេដឹកនាំ​របប​អាវខ្មៅ​ខ្មែរក្រហម​ម្នាក់​ដែលមាន​អាយុ៨៧ឆ្នាំ​បានទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត៍​នេះ​នៅ​មន្ទី​ពេទ្យរុស្ស៊ី រាជធានី​ភ្នំពេញ។ បន្ទាប់ពី​ទទួលអនិច្ចកម្ម​ភ្លាម ប្រតិកម្ម​ចម្រុះ​ពី​គ្រប់​មជ្ឈដ្ឋាន​ត្រូវបានធ្វើ​ឡើងជា​បន្តបន្ទាប់។


លោក អំ សំអាត ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​របស់លោក អៀង សារី ពីព្រោះ​ការបាត់បង់​លោក អៀង សារី គឺជា​ការបាត់បង់​អាថ៌កំបាំង​មួយចំនួនធំ​ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ១៩៧៥ និង​ឆ្នាំ១៩៧។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការស្លាប់​របស់លោក អៀង សារី គឺជា​ការបាត់បង់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របស់​ខ្មែរក្រហម។ ប្រជាជន​ខ្មែរ​ប្រមាណ​ជា២លាន​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​របប​អាវខ្មៅ​ដែល​បាន​កាន់កាប់​អំណាច​ជាង៣ឆ្នាំ។

លោក ខៀវ កញ្ញា​រិ​ទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយភ្លាមៗនៅឡើយ​ទេ បន្ទាប់ពី​ការស្លាប់​លោក អៀង សារី។

លោក សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​សម្តែង​ការសោកស្តាយ និង​បាន​ស្តីបន្ទោសភ្លាមៗចំពោះ​ការពន្យា​ពេល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម។ លោក​តំណាងរាស្ត្រ​រូបនេះ​បាន​បញ្ជាក់ថា៖«លោក​ឃើញស្រាប់​ហើយ​ថា មេដឹកនាំ​ខ្មែរក្រហម លោកតា ម៉ុក បាន​ស្លាប់។ ឥឡូវ លោក អៀង សារី បាន​ស្លាប់​ទៀត តែ​ដំណើរការ​កាត់ក្តី​នៅតែ​ពន្យា​ពេល។ ខ្ញុំ​សូមអោយ​អង្គការសហប្រជាជាតិ​ចាត់វិធានការ​កាត់ទោស​អោយបាន​លឿន និង​មិនត្រូវ​ស្ថិតនៅក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ»។

និស្សិត​ឆ្នាំ​ទី៤នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​ឈ្មោះ រ៉ាវី បាន​បញ្ចេញ​ទស្សនៈ​ថា លោក​មានការ​សោកស្តាយ​ណាស់​ពីព្រោះ ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​មិនទាន់​ទទួលបាន​យុត្តិធម៌​ផង​ស្រាប់តែ​ជនជាប់ចោទ​បាន​ស្លាប់​ទៅហើយ៕









© រក្សាសិទ្ធិដោយ thmeythmey.com