អន្តរជាតិ
ទារិកា​ឥណ្ឌា Chahat មាន​ទម្ងន់​រហូតដល់​១៧​គីឡូក្រាម​ក្នុង​អាយុ​ត្រឹម​៨​ខែ​
20, Apr 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អាយុ​ត្រឹមតែ​៨​ខែ​ប៉ុណ្ណោះ ក្មេងស្រី​ឥណ្ឌា​ឈ្មោះ Chahat Kumar មាន​ទម្ងន់​រហូតដល់​ទៅ​ជាង​១៧​គីឡូក្រាម ដោយ​ទម្ងន់​ទ្វេរ​ជា​ពីរ​សម្រាប់​កុមារ​ទូទៅ​ដែលមាន​អាយុ​ប្រហាក់ប្រហែល​នាង​។ ឪពុកម្តាយ​របស់​ក្មេងស្រី​រូបនេះ បាន​អះអាង​ប្រាប់​ទូរទស្សន៍ Barcroft TV ថា ទម្ងន់​របស់ Chahat បាន​ចាប់​ឡើង​តាំងពី​ពេល​នាង​មាន​អាយុ​៤​ខែ​មក​។​


​ស្ថិតនៅ​តំបន់ Amritsar រដ្ឋ Punjab ប្រទេស​ឥណ្ឌា ទារិកា Chahat Kumar កើតមក​ក្នុង​ទម្ងន់​ដូចជា​ក្មេង​ទូទៅ​។ ប៉ុន្តែ​នា​រយៈពេល​៤​ខែ​ចុងក្រោយ ទម្ងន់​របស់​នាង​បាន​កើន​ឡើងជា​លំដាប់​រហូត​ទៅជា​ង​១៧​គីឡូក្រាម​ក្នុង​អាយុ​ត្រឹមតែ​៨​ខែ​ប៉ុណ្ណោះ​។ ទម្ងន់​នេះ​ស្មើ​ក្មេង​ដែលមាន​អាយុ​៤​ឆ្នាំ​។​

​លោក Suraj Kumar អាយុ​២៣​ឆ្នាំ និង​អ្នកស្រី Reena អាយុ​២១​ឆ្នាំ មានការ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​កូនស្រី​របស់ខ្លួន ខណៈ​ទម្ងន់​របស់ Chahat កាន់តែ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អ្នកស្រី Reena បាន​រៀបរាប់​ប្រាប់ Barcroft TV ថា​៖ «​មុន​កើត Chahat យើង​មានកូន​ប្រុស​ម្នាក់ ប៉ុន្តែ​គេ​បាន​ស្លាប់​ទៅហើយ​។ បច្ចុប្បន្ន​យើង​មានកូន​តែ​ម្នាក់​ប៉ុណ្ណោះ យើង​មិន​ចង់​បាត់បង់​រូបនាង​ឡើយ​។ ខ្ញុំ​តែងតែ​ព្រួយបារម្ភ​ពី​សុខភាព​របស់​នាង​»​។​

Chahat តែងតែ​យំទារ​ញ៉ាំ​ចំណី​ជានិច្ច​។ «​នេះ​មិនមែនជា​កំហុស​របស់​យើង​ជា​ឪពុកម្តាយ​ទេ​។ ព្រះ​ជា​ម្ចាស់​ប្រទាន​លក្ខខណ្ឌ​បែបនេះ​ចំពោះ​នាង​... ខ្ញុំ​មាន​អារម្មណ៍មិនល្អ​ឡើយ នៅ​ពេលឮ​មនុស្ស​ខ្លះ​សើចចំអក​ថា នាង​ធាត់​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់លោក Suraj ដែលជា​ឪពុក​។​

​ជាមួយគ្នានេះ ឪពុកម្តាយ Chahat បាន​បដិសេធ​ចំពោះ​ការ​លើកឡើងថា ពួកគាត់​ឲ្យ​កូន​ផឹកថ្នាំ​ឡើង​ទម្ងន់​។ បញ្ហា​ប្រឈម​សព្វថ្ងៃ​គឺ Chahat ពិបាក​ក្នុងការ​ដកដង្ហើម និង​គេង​។ គ្រួសារ​តែងតែ​ពិគ្រោះ​ជំងឺ​ជាមួយ​ពេទ្យ​ប្រចាំ​តំបន់ ប៉ុន្តែ​អ្វីដែល​ពិបាក​នោះ ពេទ្យ​មានការ​ស្មុ​គ្រ​ស្មាញ​រក​សរសៃ​ដើម្បី​ចាក់​ថ្នាំ ឬ​ជួស​ឈាម ពីព្រោះ​ស្បែក​របស់ Chahat ក្រាស​ពេក​។​

​លោកគ្រូ​ពេទ្យ Vasudev Sharma ដែលជា​អ្នកពិនិត្យ Chahat ជាប្រចាំ​នោះ បាន​អះអាងថា​៖ «​នេះ​ជា​ករណី​ឡើង​ដំបូង​ដែល​ខ្ញុំ​បានឃើញ​ក្នុង​ជីវិត​របស់ខ្ញុំ ដែលមាន​ក្មេង​ឡើង​ទម្ងន់ បន្ទាប់ពី​កើត​បានតែ​៤​ទៅ​៥​ខែ​។ ដោយសារ​កុមារ​នេះ មាន​សាច់​ច្រើនពេក ខ្ញុំ​មិនអាច​ធ្វើការ​ពិនិត្យ​ឈាម​បានល្អ​ត្រឹមត្រូវ​នោះឡើយ​»​។

​លោក Vasudev បាន​ណែនាំ​ឪពុកម្តាយ Chahat ទៅរក​ពេទ្យ​ជំនាញ​ផ្នែក​កុមារ ប៉ុន្តែ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ ទើប​ពួកគាត់​បន្ត​សេវាកម្ម​សុខាភិបាល​នៅ​មូលដ្ឋាន​។ លោក Vasudev បាន​បញ្ជាក់ថា បច្ចុប្បន្ន គេ​ត្រូវ​រក​វិធី​ទប់ទល់​កុំ​ឲ្យ Chahat ឡើង​ទម្ងន់​ទៀត ដោយ​ឲ្យ​ញ៉ាំ​តិច ព្រោះ​បច្ចុប្បន្ន​នាង​ញ៉ាំ​ដូច​ក្មេង​អាយុ​១០​ឆ្នាំ​។​
​ទន្ទឹមនឹង​ការចង់​ដឹង​ពី​ស្ថានភាព​ជំងឺ អ្នកស្រី Reena មាន​ក្តី​សុបិន​ថា កូនស្រី​របស់ខ្លួន​មាន​អនាគត​ល្អ ហើយ​អាច​លេង​ដូច​ក្មេង​ទូទៅ ពីព្រោះ​គាត់​មិន​ចង់ឃើញ Chahat បន្ត​ជួប​បញ្ហា​សុខភាព​នោះឡើយ​៕

សូមទស្សនាវីដេអូ៖




Tag:
 ទារិកា​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com