កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន WTA ចេញមុខការពារ Sharapova ដែលទទួលបាន Wildcard 26, Apr 2017 , 7:19 pm
× ប្រធានសហព័ន្ធកីឡាវាយកូនបាល់ស្ត្រី (WTA) លោក Steve Simon បានចេញមុខការពារកីឡាការិនីវាយកូនបាល់ Maria Sharapovaដោយផ្ទាល់ ក្រោយនាងត្រូវបានរិះគន់ពីការទទួលបាន Wildcard ដែលជាសិទ្ធិមិនចាំបាច់ប្រកួតវគ្គជម្រុះ។ លោកបានលើកហេតុផលការពារSharapovaថា ទាំងនេះគឺសមនឹងទទួលបានសម្រាប់អ្នកធ្លាប់ប្រើប្រាស់សារធាតុញៀននៅក្នុងវិស័យកីឡាដ៏ទៃទៀតដូចគ្នា។
បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់កីឡាការិនីដូចគ្នាអំពីការផ្តល់សិទ្ធិមិនចាំបាច់ប្រកួតវគ្គជម្រុះ(Wildcard) ដល់កីឡាការិនីស្រស់ស្អាតសញ្ជាតិរុស្ស៊ី Sharapova ដែលធ្លាប់បានប្រើប្រាស់សារធាតុប៉ូវកំលាំងនៅពេលប្រកួតនោះ លោក Steve Simonដែលជាប្រធានសហព័ន្ធកីឡាវាយកូនបាល់ស្ត្រីបានចេញមុខការពារ Sharapova ដោយផ្ទាល់តែម្តង។
លោក Simon បានប្រាប់ BBC Sport ថា៖«ចូលអ្នកក្រលេកមើលទៅកីឡានៅក្របខណ្ឌដ៏ទៃ អំពីរបៀបនៃការដោះស្រាយជាមួយកីឡាករ កីឡាការិនីដែលត្រឡប់មកធ្វើការប្រកួតវិញបន្ទាប់ពីត្រូវរងពិន័យនោះ។ កីឡាករទោំងនោះបានត្រឡប់មករកក្រុមវិញ និងចាប់ផ្តើមការប្រកួតរបស់ពួកគេបន្តទៀត»។
កីឡាការិនីសញ្ជាតិអ៊ីតាលី វ័យ៣៤ឆ្នាំ Vinci បានសម្តែងការមិនពេញចិត្តសម្រាប់ការផ្តល់សិទ្ធិប្រកួតមិនបាច់ជម្រុះ(wildcard) ទៅឲ្យអតីតជើងឯកលេខ១ពិភពលោករបស់រុស្ស៊ី Sharapova ក្នុងការប្រកួតពាន Stuttgart Open ជុំទីមួយដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៦នេះ។
លោក Steve Simon បានបន្ថែមទៀតថា៖« វានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាងនៅក្នុងការប្រកួតធំៗ ដូច្នេះនាងគ្រាន់តែត្រូវពិន័យជាប្រាក់គឺគ្រប់គ្រាន់ហើយ»។
លោក Steve Simon ប្រធានសហព័ន្ធកីឡាវាយកូនបាល់ស្ត្រី WTA
សូមបញ្ជាក់ថា ម្ចាស់ជើងឯក Grand Slam ៥សម័យកាល Maria Sharopova បានជាប់បម្រាមមិនអោយធ្វើការប្រកួតរយៈពេល២ឆ្នាំ ដោយពិនិត្យឃើញថាបានប្រើប្រាស់សារធាតុញៀន ឬសារធាតុប៉ូវកម្លាំងនៅពេលប្រកួត នៃពានរង្វាន់ Grand Slam នៅប្រទេសអូស្ត្រាលី Australian Open កាលពីខែមករា ឆ្នាំ២០១៦។ ប៉ុន្តែតុលាការនៃអាជ្ញាកណ្តាលកីឡាហៅកាត់ថា(Cas) សម្រេចបន្ធូបន្ថយទោសសល់ត្រឹម១៥ខែប៉ុណ្ណោះ៕
Tag:
វាយកូនបាល់
WTA
Maria Sharapova
Wildcard
© រក្សាសិទ្ធិដោយ thmeythmey.com