អន្តរជាតិ
របប​សឹក​ថៃ អួតថា ខ្លួន​ទិញ​នាវាមុជទឹក​ពី​ចិន​ថោក​ជាងគេ ហើយ​បាន​មី​ស៊ី​ល Free ទៀត​
26, Apr 2017 , 5:26 pm        
រូបភាព
នាវាមុជទឹក Yuan-class S26T ដែលរដ្ឋាភិបាលថៃសម្រេចទិញពីចិន
នាវាមុជទឹក Yuan-class S26T ដែលរដ្ឋាភិបាលថៃសម្រេចទិញពីចិន
​រដ្ឋាភិបាលយោធា​ថៃ បាន​និយាយ​ការពារ​គម្រោង​ទិញ​នាវាមុជទឹក​ពី​ចិន​ក្នុងតម្លៃ​ដល់​ទៅ​១៣,៥​ពាន់​លាន​បាត ក្រោយ​អនុម័ត​គម្រោង​ទិញ​នាវាមុជទឹក​នេះ ទើប​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៤ ខែមេសា​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​និយាយថា រដ្ឋាភិបាល ធ្វើ​អ្វីៗ​ដោយមាន​តម្លាភាព​ទាំង​អស់ហើយ​ម្យ៉ាងទៀត ការទិញ​នាវាមុជទឹក​នេះ​ទៀតសោត ក៏៏​មានតម្លៃ​ទាប​ជាង​អ្នកដទៃ ហើយ​ថែមទាំង​បាន​មី​ស៊ី​ល​ឥតគិតថ្លៃ​ទៀតផង​។​


​ការ​លាក់បាំង​គម្រោង​ទិញ​នាវាមុជទឹក​ពី​ចិន​របស់​រដ្ឋាភិបាលយោធា​ថៃ ធ្វើ​សាធារណជន​អន់ចិត្ត​យ៉ាងខ្លាំង​។ គម្រោង​ទិញ​នាវាមុជទឹក​ចំនួន ៣​គ្រឿង​សម្រាប់​បម្រើការ​ក្នុង​ជួរ​ទ័ពជើងទឹក ត្រូវបាន​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​យល់ព្រម​ទាំង​ពីថ្ងៃ​ទី​១៨ ខែមេសា​មកម្ល៉េះ ប៉ុន្តែ​ព័ត៌មាន​នេះ ទើប​ត្រូវបាន​ទម្លាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​ប៉ុណ្ណោះ​។ កងទ័ពជើងទឹក​ថៃ គឺជា​អ្នកចេញលុយ​សម្រាប់​ទិញ​នាវាមុជទឹក​ថ្នាក់ Yuan ប្រភេទ S26T ដោយ​ខ្លួនឯង​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា កងទ័ពជើងទឹក​ថៃ នឹង​ទិញ​នាវាមុជទឹក​ចំនួន ៣​គ្រឿង​ដែលមាន​តម្លៃ​សរុប​ចំនួន ៣៦​ពាន់​លាន​បាត​សម្រាប់​រយៈពេល ១១​ឆ្នាំ​។ ការបិទបាំង​ព័ត៌មាន​នេះ បង្ក​ជាការ​រិះគន់ថា រដ្ឋាភិបាលយោធា ចង់​លាក់​ព័ត៌មាន​នេះ ហើយ​ខ្លះទៀត​ក៏​ចោទ​ជា​សំណួរ​លើ​គុណភាព​នាវាមុជទឹក​ដែល​ផលិត​ដោយ​ចិន​ទៅទៀត​។

​យ៉ាងណាក្ដី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ Prawit Wongsuwon និយាយ​ការពារ​គម្រោង​នេះ​ថា រដ្ឋាភិបាល​គ្មានអ្វី​ត្រូវ​លាក់បាំង​លើ​គម្រោង​ទិញ​នាវាមុជទឹក​នេះឡើយ​។ ប៉ុន្តែ​លោក​ក៏​អះអាង​ដែរ​ថា ឯកសារ​ខ្លះ​នៃ​គម្រោង​ទិញ​នេះ ជា​ឯកសារ​សម្ងាត់​ទាក់ទង​សន្តិសុខ​ជាតិ ដែល​មិនអាច​បញ្ចេញ​ជា​សាធារណៈ​ឡើយ​។ លោក​បន្ត​ដែរ​ថា ទ័ពជើងទឹក សម្រេចចិត្ត​ទិញ​នាវា​របស់​ចិន ព្រោះ​មានតម្លៃ​ថោក​ជាង​នាវា​ដែល​ដាក់លក់​ដោយ​ប្រទេស​ផ្សេងទៀត​។​

​បើតាម​សម្ដី​របស់​ប្រមុខ​ការពារជាតិ​ថៃ នាវាមុជទឹក​ផលិត​ដោយ​ចិន ក៏មាន​បំពាក់​ប្រព័ន្ធ​តួប៊ីន​សប់​ខ្យល់ (Air Turbine Pump) ដែល​អាច​ឲ្យ​នាវា​ស្ថិតក្រោម​ទឹក​ដល់​ទៅ ២១​ថ្ងៃ​ឯណោះ​។ លើសពីនោះ មិន​ត្រឹមតែ​ទិញ​បាន​នាវាមុជទឹក​ក្នុងតម្លៃ​ថោក​ឡើយ ថៃ ក៏​នឹង​ទទួលបាន​ការផ្ដល់ជូន​ពិសេស​ដូចជា​សម្ភារ​យោធា និង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​ដោយ​ឥតគិតថ្លៃ​ថែមទៀត​។​

​នាវាមុជទឹក​ទី​១ នឹង​មកដល់​ថៃ​នៅ​រយៈពេល ៥​ទៅ​៦​ឆ្នាំ​ទៀត​ឯណោះ​។ នាវាមុជទឹក​ប្រភេទ​នេះ អាច​ត្រូវ​ពង្រាយ​នៅឯ​សមុទ្រ Andaman ដែល​តំបន់​មាន​ជម្រៅ​ជ្រៅ​ជាង​ឈូង​សមុទ្រ​ថៃ និង​មាន​លក្ខណៈ​អំណោយផល​សម្រាប់​ការធ្វើដំណើ​របស់​នាវា​។ របប​យោធា​ថៃ ធ្លាប់​លើកឡើងថា ការទិញ​នាវាមុជទឹក​នេះ គឺជា​រឿង​ចាំបាច់​ដើម្បី​ការពារ​ទឹកដី និង​ការពារ​ពី​ការគំរាមកំហែង​ណាមួយ​មកលើ​សន្តិសុខ​ប្រទេស​ក្នុងករណី​មាន​ជម្លោះ​ក្នុង​កើតឡើង​៕ 


Tag:
 ថៃ​
  ចិន​
  នាវាមុជទឹក
© រក្សាសិទ្ធិដោយ thmeythmey.com