កីឡាអន្តរជាតិ
អន្តរជាតិ
ទៅប្រាប់​អាជ្ញាកណ្ដាល​ថា មានការ​រើសអើង​ខ្លួន ប៉ុន្តែ​បែរជា​ទទួលបាន​កាត​លឿង​
01, May 2017 , 7:19 pm        
រូបភាព
​ខ្សែបម្រើ​ក្រុម Pescara កីឡាករ Sulley Muntari បាន​ដើរ​ចេញពី​ទីលាន​បាល់ទាត់​តែម្តង ក្រោយពី​អាជ្ញាកណ្ដាល​បានផ្តល់​កាត​លឿង​ដល់​ខ្លួន ខណៈ​កីឡាករ​ស្បែក​ខ្មៅ​រូបនេះ​បាន​រាយការណ៍​ប្រាប់​អាជ្ញាកណ្ដាល ពី​ការរើសអើង​ជាតិ​សាសន៍​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​គូបដិបក្ខ​មកលើ​រូបគេ​នា​អំឡុង​ការប្រកួត​លី​ក​អ៊ីតាលី Serie A កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​


​អតីត​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​សុំ​ឲ្យ​អាជ្ញាកណ្ដាល​លោក Daniele Minelli បញ្ឈប់​ការប្រកួត​រវាង​ក្រុម Cagliari និង Pescara នៃ​ការប្រកួត​លី​ក​កំពូល​អ៊ីតាលី Serie A បន្ទាប់ពី​មានការ​រើសអើង​ជាតិ​សាសន៍​មកលើ​ខ្លួន​។ ប៉ុន្តែ​ការស្នើ​របស់​អតីត​ខ្សែបម្រើ​របស់​ក្រុម Portsmouth និង Sunderland ត្រូវបាន​លោក​អាជ្ញាកណ្ដាល​សញ្ជាតិ​អ៊ីតាលី​ផ្តល់​កាត​លឿង​ទៅ​ឲ្យ​រួប​គេ​ទៅវិញ ដែល​ធ្វើ​ឲ្យ Sulley Muntari សម្រេចចិត្ត​ដើរចេញ​ពី​ទីលាន​ប្រកួត​ភ្លាមៗ​តែម្តង​។ Muntari បាន​ស្រែក​ទាំង​កំហឹង​ខ្លាំងៗ​ទៅកាន់​អ្នកគាំទ្រ​របស់​ក្រុម Cagliari ដោយ​បង្ហាញថា​«​នេះ​ជា​សម្បុរ​របស់ខ្ញុំ​»​។​



«​អាជ្ញាកណ្ដាល​មិនមែន​គ្រាន់តែ​ជា​អ្នក​ផ្លុំ​កញ្ចែ​នៅលើ​ទីលាន​ប៉ុណ្ណោះ​ទេ គាត់​ត្រូវតែ​ធ្វើ​អ្វី​គ្រប់យ៉ាង​លើសពីនេះ​»​។ នេះ​ជាការ​អះអាង​របស់​អតីត​សមាជិក​ក្រុម Inter Milan និង AC Milan ក្រោយ​ចប់​ការប្រកួត​នេះ​។ Muntari បន្ថែមថា​៖«​ខ្ញុំ​បាន​សួរ​គាត់​ថា​តើ​គាត់​បានលឺ​ពាក្យ​ជេរប្រមាថ និង​រើសអើង​ដែល​ឬទេ​? ខ្ញុំ​បាន​ទទូចថា​គាត់​ត្រូវតែមាន​ភាពក្លាហាន​ដើម្បី​បញ្ឈប់​ការប្រកួត​នេះ​»​។​

​ចំណែកឯ​គ្រូបង្វឹក​ក្រុម Pescara លោក Zdenek Zeman យល់ឃើញថា Muntari គ្រាន់​ចែចង់​ប្រាប់​អាជ្ញាកណ្ដាល​ដើម្បី​ឲ្យ​ធ្វើការ​អន្តរាគមន៍​ប៉ុណ្ណោះ​។ Muntari ធ្វើ​ត្រូវ​ហើយ ប៉ុន្តែ​រូបគេ​មិនគួរ​ដើរចេញ​ពី​ទីលាន​ខណៈ​ការប្រកួត​មិនទាន់បាន​បញ្ចប់​នោះឡើយ​៕


Tag:
 បាល់ទាត់​
  រើសអើង​ជាតិ​សាសន៍​
  Sulley Muntari
© រក្សាសិទ្ធិដោយ thmeythmey.com