អន្តរជាតិ
នាវាចម្បាំង​ចិន និង​រុស្ស៊ី បណ្ដាក់​វេន​គ្នា​ទស្សនកិច្ច​នៅ​ហ្វីលីពីន
02, May 2017 , 1:48 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចាប់ដៃជាមួយមន្ត្រីយោធាកងទ័ពជើងទឹកចិន ខណៈលោកទស្សនកិច្ចនាវាចម្បាំងចិនកំពុងចតនៅកំពង់ផែក្រុង Davao (រូបភាព Rappler)
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ចាប់ដៃជាមួយមន្ត្រីយោធាកងទ័ពជើងទឹកចិន ខណៈលោកទស្សនកិច្ចនាវាចម្បាំងចិនកំពុងចតនៅកំពង់ផែក្រុង Davao (រូបភាព Rappler)
​មិនយូរប៉ុន្មាន​ក្រោយ​នាវា​រុស្ស៊ី ២​គ្រឿង​ទៅ​ទស្សនកិច្ច​នៅ​ហ្វីលីពីន នាវា​កងទ័ពជើងទឹក​ចិន ៣​គ្រឿង​ក៏បាន​ទៅដល់​កំពង់ផែ​របស់​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ ខែមេសា ទៀត​ដើម្បី​បំពេញ​ទស្សនកិច្ច ៣​ថ្ងៃ ។ នេះ​ជា​លើក​ទី​១ ក្នុង​រយៈពេល ៧​ឆ្នាំ​មកនេះ ដែល​នាវាចម្បាំង​ចិន​បង្ហាញ​វត្ត​មាននៅ​ហ្វីលីពីន ស្របពេល​ទំនាក់ទំនង​ទ្វេភាគី​កំពុងតែ​ល្អូក​ល្អឺ​ន​ខ្លាំង​ក្រោម​អាណត្តិ​ប្រធានាធិបតី Rodrigo Duterte ។​


​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​១ ខែឧសភា បាន​ទៅ​ទស្សនកិច្ច​លើ​នាវាចម្បាំង​របស់​ចិន ដែល​បាន​មកដល់​ហ្វីលីពីន​កាលពី​ចុង​សប្ដាហ៍​មុន​។ ពីលើ​នាវាចម្បាំង​របស់​ចិន លោក​ប្រធានាធិបតី Duterte បាន​លើកសរសើរ​អានុភាព​ដ៏​ខ្លាំងក្លា​របស់​កងទ័ពជើងទឹក​មហា​យក្ស​ចិន ដែល​អាច​បង្ក​គ្រោះថ្នាក់​សម្រាប់​ហ្វីលីពីន ប៉ុន្តែ​វត្តមាន​នាវា​ចិន​ពេលនេះ ជា​ផ្នែក​មួយ​នៃ​ការកសាង​ទំនុកចិត្ត​រវាង​ប្រទេស​ទាំង​២​។​

​បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន បាន​ឡើង​ពិនិត្យមើល​នាវា​ចិន​ទាំង ៣​គ្រឿង​ដែល​កំពុង​ចត​នៅ​កំពង់ផែ​ក្រុង Davao ជា​ស្រុកកំណើត​របស់ Duterte ផ្ទាល់​។ លោក Duterte បាន​និយាយ​ពីលើ​នាវា​ចិន ថា នាវាចម្បាំង​របស់​ពិត​ជា​អស្ចារ្យ​មែន ព្រោះ​ដំណើរការ​ដោយ​កុំព្យូទ័រ​។ លោក​ក៏​និយាយ​របៀប​កំប្លែង​ដែរ​ថា​៖ «​កាណុង​បាញ់​មី​ស៊ី​ល​រប​ស់វា កំពុង​តម្រង់​ឆ្ពោះ​មក​ហ្វីលីពីន ហើយ​បើ​កាណុង​នេះ​ទម្លាក់​តែ​បន្តិច ហ្វីលីពីន​ពិតជា​ខ្ទេច​មិន​ខាន​»​។​

​នាវា​ចិន​ទាំង ៣​គ្រឿង​មាន​នាវា​ពិឃាត ១​គ្រឿង​ផង​នោះ នឹង​បន្ត​ចត​នៅ​កំពង់ផែ​ក្រុង Davao នៅ​ថ្ងៃទី​២ ខែឧសភា​នេះ​ទៀត​។ ប្រធានាធិបតី Duterte បញ្ជាក់ថា វត្តមាន​របស់​នាវា​ចិន បង្ហាញ​ពី​មិត្តភាព ក៏ដូចជា​ការកសាង​ជំនឿ​ចិត្ត​រវាង​ចិន និង​ហ្វីលីពីន​។ លោក ក៏បាន​ស្នើ​ទៅ​ចិន​ដើម្បី​ទៅ​ទស្សនកិច្ច​លើ​នាវា​ទាំង ៣​គ្រឿង​នេះដែរ ព្រោះ​លោក​ចង់ឃើញ​នាវា​ចិន​។​

​នេះ ជា​លើកដំបូង​ដែល​ចិន​បញ្ជូន​នាវា​ទៅកាន់​ហ្វីលីពីន គឺ​ចាប់តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​។ ពោល គឺ​ក្រោម​អាណត្តិ​របស់​អតីត​ប្រធានាធិបតី Benigno Aquino III ។ គឺ​លោក Aquino នេះហើយ ដែល​ប្ដឹង​ចិន​ទៅកាន់​តុលាការអន្តរជាតិ​ជុំវិញ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​។ ពេលនោះ ចិន ពិតជា​ខឹង​នឹង​ហ្វីលីពីន​ខ្លាំងណាស់ ព្រោះ​តុលាការអន្តរជាតិ​សម្រេច​កាត់ក្ដី​ឲ្យ​ហ្វីលីពីន​ជា​អ្នកឈ្នះ​លើ​សំណុំ​រឿងនេះ​។​

​យ៉ាងណាក្ដី សាលក្រម​នេះ មិន​ត្រូវបាន​រដ្ឋបាល​ប្រធានាធិបតី Duterte យកមក​និយាយ​ឡើយ ព្រោះ​អាច​នាំ​ឲ្យ​ល្អក់កករ​ទំនាក់ទំនង​ជាមួយ​ចិន​។ ហ្វីលីពីន ក៏​មិនបាន​យក​សាលក្រម​នេះ ទៅ​បញ្ចូល​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អាស៊ាន​ដែរ បើទោះជា​ខ្លួន​ជា​ប្រធាន​កិច្ចប្រជុំ​ក្ដី​។ លោក Duterte អះអាងថា រឿងរ៉ាវ​សាលក្រម អាច​យកមកអនុវត្ត​ពេល​ក្រោយ ដ្បិត​ពេលនេះ​ហ្វីលីពីន​មិន​ចង់​បង្ខំ​ចិន​ឡើយ ហើយ​ម្យ៉ាងទៀត សាក​ក្រម​នេះ​ក៏​ទំនង​មិនអាច​ដាក់​សម្ពាធ​លើ​ចិន​បានដែរ​៕ 


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
  ចិន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com