អន្តរជាតិ
លោកស្រី មឺ​ហ្កែ​ល ស្កាត់​ទៅ​ជួប​លោក ពូ​ទីន នៅ​Sochi រំពឹង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​
02, May 2017 , 4:50 pm        
រូបភាព
​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល (Angela Merkel) ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន (Vladimir Putin) នៅ​ថ្ងៃ​អង្គារ​ទី ២​ឧសភា​នា​តំបន់​លំហែកាយ Sochi​។​នេះ​ជា​ជំនួប​ទ្វេភាគី​លើកដំបូង​បំផុត​រវាង​មេដឹកនាំ​ទាំងពីរ​ចាប់ពី​ឆ្នាំ ២០១៥ ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ​រវាង​មេដឹកនាំ​ទាំងពីរ ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​ឡើងវិញ​ដែរ​។​


​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល ស្កាត់​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន នៅ​តំបន់ Sochi នៅ​ថ្ងៃ​អង្គារ​ទី ២​ឧសភា​នេះ​។ ទំនាក់ទំនង​អា​ល្លឺ​មង់​និង​រុស្ស៊ី​អាច​នឹង​ប្រសើរឡើង​នៅពេល​ខាងមុខ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី​របស់​ប្រមុខ​រដ្ឋាភិបាល​អឺ​ល្លឺ​ម៉​ង់​នេះ​។

​ទំនាក់ទំនង​រវាង​អាល្លឺម៉ង់ និង​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​ក្រោយ​ពេលដែល​វិបត្តិ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១៤ ហើយ​លោកស្រី​អធិការបតី​រូបនេះ​ជា​អ្នក​ដែល​គាំទ្រ​ខ្លាំងជាងគេ​ចំពោះ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កន្លងមក​។ ជាការ​ឆ្លើយតប​ចំពោះ​ការដាក់ទណ្ឌកម្ម រុស្ស៊ី​បានសម្រេច​ហាមឃាត់​ទំនិញ​ឬ​ផលិតផល​កសិកម្ម​រប​ស់លោក​ខាងលិច​វិញ​ផងដែរ​

​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី អធិការបតី​អាល្លឺម៉ង់​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី និង​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី ក្រោយ​ពេលដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អំពាវនាវ​ឲ្យ​មានការ​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​រុស្ស៊ី​ជាមួយ​លោកខាងលិច​ឡើងវិញ​ក្នុងពេលដែល​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​Sigmar Gabriel នៅ​ខែមីនា​កន្លងមក​។

​ក្នុងជំនួប​ទ្វេភាគី​លើក​នេះ មេដឹកនាំ​ទាំងពីរ​អាច​ជជែក​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ជាពិសេស​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​វិស័យ​ការទូត និង​សេដ្ឋកិច្ច រួមទាំង​ការ​លេប​យក​ទឹកដី Crimea និង​ជម្លោះ​អ៊ុយ​ក្រែ​ន​ក៏​ស្ថិតក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ដែរ​។

​មុន​ដំណើរ​ទស្សនកិច្ច​នេះ​មកដល់ អ្នកនាំពាក្យ​អធិការបតី Steffen Seibert បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​វា​មាន​ប្រធានបទ​ពី​សំខាន់ៗ​ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​។ ក្នុងនោះ​មានការ​ក្រសោប​យក​ទឹកដី​Crimea ដែល​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ និង​ការបង្ក​អស្ថិរភាព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដោយ​ការជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ដែល​ចង់​ផ្តាច់ខ្លួន​»​។​

​លោកស្រី អធិការបតី​អាល្លឺម៉ង់ បាន​បំពេញ​ទស្ស​កិច្ច​នៅ​រុស្ស៊ី​ចុងក្រោយ​នៅ​ខែឧសភា​ឆ្នាំ ២០១៥ ហើយ​លោ​ស្រី​ក៏បាន​ជួប​ជាមួយ​លោកពូ​ទីន ដែរ​។ ប៉ុន្តែ​ក្នុងឱកាស​ខួប ៧០​ឆ្នាំ​នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី ២ លោកស្រី និង​បណ្តា​មេដឹកនាំ​លោកខាងលិច​ភាគច្រើន​មិន​ចូល​រួមការ​ប្រារព្ធ​ពិធី​នេះ​នៅ​ក្រុង​ម៉ូស្គូ​ឡើយ​។ អាល្លឺម៉ង់​និង​ប្រទេស​លោកខាងលិច​ឯទៀត​បន្ត​ថ្កោលទោស​រុស្ស៊ី​និង​ចោទប្រកាន់ថា ក្រេ​ម​ឡាំង​បន្ត​គាំទ្រ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មកដល់​បច្ចុប្បន្ន​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជម្លោះ​ប្រដាប់អាវុធ​ឈានដល់​ទីបញ្ចប់​និង​កេងចំណេញ​ស្ថានការណ៍​ផង​។ ប៉ុន្តែ វត្តមាន​លោកស្រី​អធិការបតី​អាល្លឺម៉ង់​នៅ​រុស្ស៊ី​លើក​នេះ អាច​នឹង​បញ្ចប់​ភាពល្អក់​ករក​ដែល​កើតមាន​កន្លងមក​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​អាល្លឺម៉ង់​និង​រុស្ស៊ី​។​

​បន្ថែម​ពីនេះ​មេដឹកនាំ​ទាំងពីរ​រុស្ស៊ី​និង​អាល្លឺម៉ង់ អាច​នឹង​ជជែក​ពី​ការរៀបចំ​កិច្ចប្រជុំ​ប្រទេស​២០​នៅ Hamburg  ប្រទេស​អាល្លឺម៉ង់​នា​ខែកក្កដា​ខាងមុខ​ផង​។ វិមាន​ក្រេ​ម​ឡាំង​បាន​ទទួលស្គាល់ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន  និង​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល នឹង​ជជែក​គ្នា​ពី​កិច្ចប្រជុំ​ប្រទេស​២០​នេះ​ក្នុងជំនួប​ពិភាក្សា​នៅ Sochi ។ ជារួម​លោក ពូ​ទីន នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស ២០​ខាងមុខនេះ ហើយ​លោក​នឹង​អាច​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​លើកដំបូង​ផងដែរ​។​

​ដោយឡែក មុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អែន​ជេ​ឡា មឺ​ហ្កែ​ល  កាលពី​សប្តាហ៍​មុន គេ​ឃើញ​រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​លោកស្រី Federica Mogherini បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ូស្គូ​ដែរ ហើយ​លោកស្រី​បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​រុស្ស៊ី​មិន​ជាប់គាំង​ឡើយ​។ ប៉ុន្តែ​លោកស្រី​មើលឃើញថា ទំនាក់ទំនង​នេះ​នៅ​ប្រឈម​ឧបសគ្គ​ដោយសារ​ការ​លូកលាន់​របស់​រុស្ស៊ី​ក្នុង​ជម្លោះ​ស៊ី​រី និង​បញ្ហា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​៕


Tag:
 អែន​ជេ​ឡា មឺ​ហ្កែ​ល​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  Sochi
© រក្សាសិទ្ធិដោយ thmeythmey.com