កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle លើកពាន Championship ដោយសារ Aston តាមស្មើ Brighton នៅនាទីចុងក្រោយ 08, May 2017 , 3:10 pm
× លោក Rafael Benitez បានជួយសារិការព្រៃ Newcastle United លើកពាន Championship នៃលីកលំដាប់ទី២អង់គ្លេសបន្ទាប់ពីយកឈ្នះក្រុម Barnsley ៣-០ ខណៈ Blackburn Rovers ត្រូវធ្លាក់ទៅលេងលីកលំដាប់ទី៣ League1 របស់អង់គ្លេស នៅរដូវកាលក្រោយ។
មុនជំនួបកាត់សេចក្តីសប្តាហ៍ចុងក្រោយ Newcastle ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ២ មាន៩១ពិន្ទុ បានប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយ Brighton & Hov Albion ដែលឈរនៅចំណាត់ថ្នាក់លេខ១មាន៩២ពិន្ទុ ដើម្បីដណ្តើមពាន Championship។ លទ្ធផលចុងក្រោយក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Rafael Benitez អាចរក៣ពិន្ទុបន្ថែមដោយយកឈ្នះ Barnsley ៣-០ ខណៈ Brighton អាចរកបានតែ១ពិន្ទុប៉ុណ្ណោះ ក្រោយ Jack Grealish បានវាយបកតាមស្មើ ១-១ សម្រាប់ម្ចាស់ផ្ទះ Aston Villa នៅនាទី៨៩។
សរុបពិន្ទុចុងក្រោយបន្ទាប់ពីធ្វើការប្រកួតទាំង៤៦លើកដូចគ្នា Newcastle មាន៩៤ពិន្ទុ និង Brighton មាន៩៣ពិន្ទុ។ តែយ៉ាងណាក៏ដោយក្រុមទាំង២អាចឡើងមកលេងនៅពានលំដាប់កំពូល Premier League នៅរដូវកាលក្រោយដូចគ្នា។
ក្លិប៤ដែលត្រូវប្រជែងគ្នាឡើងទៅ Premier League ជាមួយ Newcastle និង Brighton រួមមាន Reading, Sheffied Wednesday, Huddersfield Town និង Fulham ។
ចំណែក Blackburn Rovers បានធ្លាក់ទៅលេងនៅ League1 ដែលជាលីកទី៣របស់អង់គ្លេសនៅរដូវកាលក្រោយ បន្ទាប់ពីមិនអាចរកគ្រាប់បាល់បានច្រើនពីការប្រកួតចុងក្រោយរបស់ខ្លួន។ អតីតម្ចាស់ជើងឯក Premier League រដូវកាលឆ្នាំ១៩៩៥នេះ មាន៥១ពិន្ទុ ស្មើក្រុមចំណាត់ថ្នាក់លេខ២១ Nottingham Forest ដូចគ្នាដែរ ប៉ុន្តែចាញ់គ្រាប់បាល់ស៊ុតបញ្ចូលទី។
ខណៈ Blackburn Rovers, Wigan Athletic និង Rotherham United ធ្លាក់ទៅលេង League 1 ក្រៅរបស់ពួកគេនៅ Championship ត្រូវជំនួសដោយ Sheffield United, Bolton Wanderers រីឯ Scunthorpe United, Fleetwood Town, Bradford City និង Millwall ប្រជែងគ្នាយក១កៅអីចុងក្រោយ៕
Tag:
បាល់ទាត់
Championship
Rafael Benitez
© រក្សាសិទ្ធិដោយ thmeythmey.com