អន្តរជាតិ
 អនុរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​សង្ខេប​អំពី​ការស៊ើបអង្កេត​លើ​ទំនាក់ទំនង​រវាង​លោក​ត្រាំ​និង​រុស្ស៊ី
21, May 2017 , 10:39 am        
រូបភាព
ដោយ: VOA
​លោក Darrell Issa សមាជិកសភា​ស​.​រ​.​អា​.​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា លោក​ពេញចិត្ត​ដោយសារ​លោក Robert Mueller អតីត​នាយក​ការិយាល័យ FBI នឹងមាន​សេរីភាព​ក្នុងការ​ស៊ើបអង្កេត​នៅពេល​លោក​ដឹកនាំ​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​នៃ​ក្រសួង​យុ​ត្តិ​ធ៌​ម ស​.​រ​.​អា​.​អំពី​លទ្ធភាព​នៃ​ការឃុបឃិត​គ្នា​មួយ​រវាង​ពួក​អ្នក​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់ ត្រាំ និង​ប្រទេស​រុស្ស៊ី​។​


​លោក Issa និង​សមាជិក​ឯទៀតៗ​នៃ​សភាតំណាងរាស្ត្រ​អាមេរិកាំង​បានទទួល​ការធានារ៉ាប់រង​ពី​លោក Rod Rosenstein អនុរដ្ឋមន្ត្រី​ក្រសួង​យុ​ត្តិ​ធ៌​ម​ស​.​រ​.​អា​.​នៅក្នុង​ការនិយាយ​ត្រួសៗ​បិទទ្វារ​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​វិមាន​កា​ពី​តូ​ល​អំពី​ការដែល​លោក​បានតែងតាំង​លោក Mueller ឱ្យ​ដឹកនាំ​ការស៊ើបអង្កេត​នេះ​។​

​លោក Issa បាន​និយាយប្រាប់​ពួក​អ្នកកាសែត​នៅក្រោយ​ការនិយាយ​ត្រួសៗ​នេះ​ថា​៖ «​អ្វីដែល​ខ្ញុំ​ដឹង​ហើយ​ដែល​ខ្ញុំ​ពេញចិត្ត​ណាស់​នោះ​គឺថា​រដ្ឋអាជ្ញា​ពិសេស​នឹងមាន​វិសាល​ភាពជា​ចាំបាច់​ក្នុងការ​តាម​តម្រុយ​ណាមួយ និង​តម្រុយ​ទាំងអស់​ទាក់ទិន​នឹង​ការប៉ុនប៉ង​របស់​រុស្សី​ក្នុងការ​ធ្វើឱ្យមាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​របស់​យើង​»​។​

​លោក Mueller បាន​ត្រូវ​តែងតាំង​ជា​រដ្ឋអាជ្ញា​ពិសេស​នៅក្រោយ​លោក ត្រាំ បាន​ដក​លោក James Comey នាយក​ការិយាល័យ FBI ចេញពី​តំណែង​កាលពី​ថ្ងៃទី​៩​ខែឧសភា ដែល​បាន​បង្កើន​កង្វល់​ថា ការបណ្តេញ​ចេញពី​តំណែង​នេះ​ជាការ​ប៉ុនប៉ង​មួយ​ដោយ​លោក​ប្រធានាធិបតី​ក្នុងការ​រារាំង​ការស៊ើបអង្កេត​របស់លោក Comey អំពី​លទ្ធភាព​នៃ​ការរួម​គំនិត​គ្នា​រវាង​ក្រុម​អ្នក​ឃោសនាបោះឆ្នោត​របស់លោក ត្រាំ និង​ប្រទេស​រុស្សី​នៅមុន​ការបោះឆ្នោត​កាលពី​ឆ្នាំទៅ​មិញ​។​

​ការចេញ​បង្ហាញខ្លួន​របស់លោក Rosenstein នៅមុខ​ពួក​សមាជិកសភា​តំណាងរាស្ត្រ​អាមេរិកាំង​ជាការ​ចេញ​បង្ហាញមុខ​លើក​ទី​ពីរ​របស់លោក​នៅក្នុង​វិមាន​កា​ពី​តូ​ល​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Rosenstein បាន​និយាយ​ត្រួសៗ​ជម្រាប​ព្រឹទ្ធសភា​នៅក្នុង​ការប្រជុំ​បិទទ្វារ​មួយ​ដែល​ពីដំបូង​បាន​ត្រូវ​គ្រោង​ធ្វើ​ដើម្បីឱ្យ​លោក​ពន្យល់​អំពី​ហេតុដូចម្តេច​បានជា​លោក ត្រាំ បាន​ដក​លោក Comey ចេញពី​តំណែង ក៏ប៉ុន្តែ​ការផ្តោត​ការយកចិត្តទុកដាក់​បាន​ប្តូរ​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​លោក Rosenstein បានតែងតាំង​លោក Mueller ឱ្យធ្វើជា​រដ្ឋអាជ្ញា​ពិសេស​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com