ខ្មែរ​ក្រហម
ជាតិ
ជនជាប់ចោទ នួន ជា មាន​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ
29, Mar 2013 , 1:56 pm        
រូបភាព
លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម បានប្រកាស​ផ្ទាល់មាត់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថា លោក នួន ជា អាយុ៨៦ឆ្នាំ មាន​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូប​លោក។  សេចក្តីសម្រេច​ជា​លាយលក្ខណ៍អក្សរ​នឹង​ចេញ​នាពេលខាងមុខ។


កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បាន​បើកសវនាការ​លើ​សម្បទា​របស់​ជនជាប់ចោទ លោក នួន ជា។ នៅក្នុង​សវនាការ​ដែល​មិនមាន​វត្តមាន​ជនជាប់ចោទ​នោះ អ្នកជំនាញ​បាន​វាយតម្លៃថា លោក នួន ជា មាន​កាយសម្បទា​ល្អ​ធម្មតា។

លោក និល ណុន បាន​បញ្ជាក់ថា៖ «ថ្វី​ត្បិត ជនជាប់ចោទ នួន​ជា មាន​អាយុ​ច្រើន និង​មាន​សុខភាព​ផ្លូវកាយ ទន់ខ្សោយ​ក៏ដោយ ក៏​របាយការណ៍ និង​សក្ខីកម្ម នាពេលថ្មីៗរបស់​អ្នកជំនាញ​វេជ្ជសាស្ត្រ ដែល​តុលាការ​បាន​ចាត់តាំង បានបញ្ជាក់​ច្បាស់​ថា ជនជាប់ចោទ នួន​ជា នៅតែមាន​សម្បទា​ចូលរួម​សវនាការ»។

ជាមួយគ្នា​នោះ​ផងដែរ លោក​ចៅក្រម និល ណុន ក៏បាន​ប្រកាស​ពី​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ​លើ​ការ​បំបែកសំណុំរឿង០០២ ផងដែរ ដើម្បី​ព​ន្លឿ​ន​ឲ្យ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព៕


© រក្សាសិទ្ធិដោយ thmeythmey.com