កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទៅដល់អូស្ត្រាលីត្រៀមប៉ះ Jeff Horn ចុងសប្តាហ៍នេះ 27, Jun 2017 , 8:19 am
![](https://image.thmeythmey.com/pictures/2017/06/26/thumb2/pacguiao-front.jpg)
×![]()
ស្តេចប្រដាល់អាស៊ី Manny Pacquiao បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីហើយដើម្បីត្រៀមឡើងសង្វៀនប្រកួតជាមួយអ្នកប្រដាល់មិនស្គាល់ចាញ់ Jeff Horn នៅថ្ងៃទី២ ខែកក្កដា ចុងសប្តាហ៍នេះ។
បើតាមការចុះផ្សាយរបស់ Rappler កំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន ដែលមានរហស្សនាមថា “Pacman” នឹងឡើងការពារខ្សែក្រវាត់ WBO របស់ខ្លួនជាមួយអ្នកប្រដាល់អូស្ត្រាលី Jeff Horn នាកីឡដ្ឋាន Suncorp Arena ស្ថិតនៅក្រុង Brisbane ប្រទេសអូស្ត្រាលី ដែលអាចផ្ទុកទស្សនិកជនបានដល់ទៅជាង៥ម៉ឺននាក់។
ម្ចាស់ជើងឯកខ្សែក្រវាត់៨ស្ថាប័នវ័យ៣៨ឆ្នាំដែលមានប្រវត្តិប្រកួត៥៩ដងចាញ់៦ដងនិងស្មើ២ដងនេះ បានធ្វើដំណើរចេញពីស្រុកកំណើតរបស់គេនៅទីក្រុង General Santos ប្រទេសហ្វីលីពីន ឆ្ពោះទៅទីក្រុង Brisbane ហើយបន្តការហ្វឹកនៅទីនោះតាំងពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនាមកម្លេះ។
![](https://image.thmeythmey.com/pictures/2017/06/26/thumb2/pac.jpg)
Pacguiao និងភរិយាធ្វើដំណើរទៅដល់ក្រុងBrisbane ប្រទេសអូស្ត្រាលី
ចំណែកអ្នកប្រដាល់សញ្ជាតិអូស្ត្រាលី វ័យ២៩ឆ្នាំនេះ Jeff Horn ធ្លាប់ឡើងវាយ១៦ដង ឈ្នះ១៥ និងស្មើម្តង។ អ្នកប្រដាល់មិនដែលចាញ់រួបនេះ ចាប់ផ្តើមក្លាយជាអ្នកប្រដាល់អាជីពនៅឆ្នាំ២០០៦ និងធ្លាប់ជាអត្តពលិកនាការប្រកួតអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងដ៍ផងដែរ។
សម្រាប់ការប្រកួតលើកនេះ Horn ជឿជាក់ថានឹងអាចរក្សាកំណត់ត្រាមិនដែលចាញ់របស់គេ និងដណ្តើមខ្សែក្រវាត់ពី Pacquiao បានក្នុងនាមជាម្ចាស់ផ្ទះ ដែលស្ថិតក្រោមក្រសែភ្នែកទស្សនិកជនរាប់ម៉ឺននាក់នោះ៕
Tag:
ប្រដាល់
Manny Pacquiao
Jeff Horn
WBO
© រក្សាសិទ្ធិដោយ thmeythmey.com