អន្តរជាតិ
ឌូ​ទើ​តេ សារភាពថា ប្អូនជីដូនមួយ​ខ្លួន​ចូលរួម​ក្រុម​ភេរវជន​ដែល​ច្បាំង​នៅ​ក្រុង Marawi
28, Jun 2017 , 8:19 pm        
រូបភាព
​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) បាន​សារភាពថា បងប្អូន​ជីដូនមួយ​ខ្លួន​ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​សកម្មប្រយុទ្ធ Maute ដែល​កំពុង​ច្បាំង​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រុង Marawi ដែរ ហើយ​ក្នុងចំណោម​ពួកគេ​មាន​ម្នា​ក់បាន​ស្លាប់​បាត់ទៅហើយ​។ ប្រធានាធិបតី​រូបនេះ​ថា​លោក​ឈឺចាប់​ខ្លាំង​ពេល​ឃើញ​ស្ថានភាព​បែបនេះ​តែ​លោក​សន្យា​កសាង​ទីក្រុង​ដែល​ខ្ទេចខ្ទាំ​ឡើងវិញ​។​


​បន្ទាប់ពី​បាត់​មុខ​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចេញមុខ​ជាថ្មី​ចូលរួម​ក្នុង​កម្មវិធី​បរិភោគ​អាហារ​ល្ងាច​នៅ​វិមាន​ប្រធានាធិបតី​ដើម្បី​អបអរ​នៃ​ការបញ្ចប់​បុណ្យ​បួស Ramadan​។ ក្នុង​ពិធី​នោះ​លោក​បាន​បង្ហើប​ថា បងប្អូន​ជា​ដូន​មួយ​របស់លោក​ក៏​ជា​សមាជិក​ក្រុម​ភេរវជន Maute នៅ​ក្រុង Marawi ដែរ​។​

​ក្នុង​ពិធី​ដែលមាន​វត្តមាន​សមាជិក​គណៈរដ្ឋមន្ត្រី និង​មេដឹកនាំ​ក្រុម​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ ( Moro Islamic Liberation Front) ថា​៖«​ខ្ញុំ​ក៏​សោកសៅ​ដូចជា​អ្នក​ទាំងអស់គ្នា​ដែរ​។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ពី​ការ​ប្រ​រ​យុទ្ធ​គ្នា​នៅ​ក្រុង Marawi ឡើយ​ទោះបីជា​ក្នុង​គណៈរដ្ឋមន្ត្រី​ក៏ដោយ​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់​។ ខ្ញុំ​ក៏មាន​បងប្អូន​ជា​ដូន​មួយ​ដែល​ស្ថិតក្នុង​ក្រុម​ភេរវជន Maute ដែរ​»​។​

​បើតាម​សម្តី​ប្រធានាធិបតី ក្នុងចំណោម​បងប្អូន​ជីដូនមួយ​រប​ស់លោក ដែល​ទៅ​ចូលរួម​ជាមួយ​ក្រុម Maute នោះ​មាន​ម្នា​ក់បាន​ស្លាប់​បាត់ទៅហើយ​។ លោក​បន្តថា​៖ «​ព្រោះតែ​ពួកគេ​នៅ​ក្រុង Marawi ដែរ  បងប្អូន​ជីដូនមួយ​ខ្ញុំ​ម្នាក់​ស្លាប់​បាត់ទៅហើយ​»​។


​ក្រៅពី​បង្ហាញ​អារម្មណ៍​ឈឺចាប់​ដែលមាន​បងប្អូនជីដូន​មួយ​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន លោក ឌូ​ទើ​តេ ក៏​លើកឡើង​ផងដែរ​ពី​កង្វល់​របស់​លោ​ល​ចំពោះ​ការអូសបន្លាយ​នៃ​ការប្រយុទ្ធ​គ្នា​នេះ​។ ប៉ុន្តែ​លោក​សន្យាថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​កសាង​ក្រុង Marawi ដ៏​ស្រស់ស្អាត​ដែល​ខ្ទេចខ្ទាំ​ព្រោះ​ការប្រយុទ្ធ​គ្នា​ឡើងវិញ​នៅពេល​ខាងមុខ​។

​លោក ឌូ​ទើ​តេ បាន​អះអាងថា ពេលដែល​លោក​ស្ថិតនៅក្នុង​ក្រុង​ម៉ូស្គូ ហើយ​លោក​ប្រកាស​ដាក់​តំបន់​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក លោក​ដឹង​ច្បាស់​ថា ការប្រយុទ្ធ​មិន​ចប់ៗ​ឆាប់​ឡើយ​។ ប៉ុន្តែ​លោក​មិនមាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពីនេះ​ដែល​អាច​កម្ចាត់​ក្រុម​ជ្រុលនិយម​នេះ​បានឡើយ​។​

«​ខ្ញុំ​មិន​សប្បាយចិត្ត​ឡើយ​ដែល​ក្រុង Marawi ស្ថិតក្នុង​សភាព​លំបាកលំបិន​បែបនេះ​។ ខ្ញុំ​មិន​សប្បាយចិត្ត​ដែល​អ្នក​រងទុក្ខវេទនា​និង​ឈឺចាប់​ឡើយ​។ ខ្ញុំ​មិនឃើញ​មាន​អ្វីដែល​ធ្វើ​ឲ្យ​យើង​សប្បាយចិត្ត​ទោះបីជា​យើង​ឈ្នះ​សង្គ្រាម​ក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌូ​ទើ​តេ​។​

​បន្ថែម​ពីនេះ ប្រមុខរដ្ឋ​ហ្វីលីពីន​ខាងលើ​ក៏បាន​សន្យា​ជាមួយ​ប្រជាជន​ក្រុង Marawi ដោយ​ជួយ​កសាង​និង​ស្តារ​ទីក្រុង​ដែល​រងគ្រោះ​ព្រោះ​ការប្រយុទ្ធ​គ្នា​នេះ​ឡើងវិញ​ដែរ​។ លោក ឌូ​ទើ​តេ អធិប្បាយ​ថា លោក​នឹងធ្វើ​ឲ្យ​ទីក្រុង​នេះ​រីកលូតលាស់​និង​មាន​វិបុលភាព​ឡើងវិញ ព្រោះ​លោក​មិនអាច​ក្លាយជា​មេដឹកនាំ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​ហ្វីលីពីន​ឡើយ​។

​ការប្រយុទ្ធ​គ្នា​ចាប់ពី​ថ្ងៃ ២៣ ឧសភា​រវាង​ទាហាន​រដ្ឋាភិបាល​និង​ក្រុម​ភេរវជន Maute ដែលមាន​ភក្តីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) មានការ​ប្រើប្រាស់​យន្តហោះ​ទម្លាក់​គ្រាប់បែក និង​កាំភ្លើង​ធំ​បាញ់​ផ្លោងចូល​ទីក្រុង​ផង​។ ទីក្រុង​ដែល​ធ្លាប់​ស្រស់ស្អាត​បែរជា​ស្ថិតក្នុង​សភាព​បែកបាក់ ខ្ទេចខ្ទាំ​ដោយសារ​ការប្រយុទ្ធ​គ្នា​នេះ ហើយ​មនុស្ស​ជាង បី​រយ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​រួចទៅហើយ​ក្នុងនោះ​មាន​ទាហាន​ប្រហែល ៧០​នាក់​ឯណោះ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  Maute
  Marawi
© រក្សាសិទ្ធិដោយ thmeythmey.com