អន្តរជាតិ
អាជ្ញាធរ​ទុយ​នី​ស៊ី ស៊ើបអង្កេត​ករណី​បញ្ឈប់​រថភ្លើង​តាមផ្លូវ​ដើម្បី​ទិញ​ផ្លែឈើ​
28, Jun 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ស្ថាប័ន​អយស្ម័យយាន​ទុយ​នី​ស៊ី កាលពី​សប្តាហ៍​មុន បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​របស់​អ្នកបើក​រថភ្លើង​ម្នាក់ ដែល​បាន​បញ្ឈប់​រថភ្លើង​ដើម្បី​ទិញ​ផ្លែឈើ​នៅតាម​ផ្លូវ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​វីដេអូ​ខ្លី​មួយ ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម និង​សារព័ត៌មាន​នៅក្នុង​ប្រទេស​ទុយ​នី​ស៊ី​។ នៅក្នុង​វីដេអូ​នោះ អ្នកដំណើរ​ម្នាក់​បាន​ថត​ចេញពី​ក្នុង​រថភ្លើង ស្តីពី​សកម្មភាព​របស់​អ្នកបើកបរ ដែល​បាន​បញ្ឈប់​រថភ្លើង​ដើម្បី​ទិញ​ផ្លែឈើ​នៅតាម​ផ្លូវ ក្នុង​តំបន់ Sahel ប្រទេស​ទុយ​នេ​ស៊ី​។​

«​មើល​នោះ​! គេ​បញ្ឈប់​រថភ្លើង​ទាំងមូល​ដើម្បី​ទិញ​ផ្លែ​ប៉ែស​»​។ អ្នកដំណើរ​ដែល​បាន​ថត បាន​ស្រែក ខណៈ​អ្នកដំណើរ​ផ្សេងទៀត​នៅក្នុង​រថភ្លើង​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​តាម​រូបភាព​វីដេអូ គេ​សង្កេតឃើញ​អ្នកលក់ បាន​ច្រក​ផ្លែឈើ​ក្នុង​ស្បោង ហើយ​បាន​យក​វា​ទៅ​ឲ្យ​អ្នកដំណើរ​ម្នាក់​។ ក្រោយ​អ្នក​ដើរចេញ រថភ្លើង​បាន​បន្តដំណើរ​ទៅមុខទៀត​។​

​លោក Hassen Miadi ប្រធាន​ស្ថាប័ន​អយស្ម័យយាន​ទុយ​នី​ស៊ី បាន​ថ្លែងប្រាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​វិទ្យុ Mosaique FM ថា ស្ថាប័ន​របស់លោក​បាន​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ដោយ​អ្នកបើកបរ​ប្រឈម​នឹង​ការដាក់ពិន័យ​រដ្ឋបាល ចំពោះ​ទង្វើ​ដែល​មិន​នឹកស្មាន​ដល់​។​

​ប្រធាន​ទទួលបន្ទុក​ផ្លូវដែក​នៅ​ទុយ​នី​ស៊ី​រូបនេះ បាន​គូសបញ្ជាក់ថា សកម្មភាព​ដែល​ថត​ចេញពី​ក្នុង​រថភ្លើង បានធ្វើ​ឲ្យ​ស្ថាប័ន​លោក​ខូច​ឈ្មោះ​យ៉ាងខ្លាំង​៕




Tag:
 ប្លែកៗ​
  រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com