កីឡាអន្តរជាតិ
អន្តរជាតិ
តើត្រូវចំណាយប៉ុន្មានដើម្បីផ្តាច់កិច្ចសន្យា Ronaldo ពី Real Madrid? 07, Aug 2017 , 5:14 pm
![](https://image.thmeythmey.com/pictures/2017/08/07/thumb2/ronaldo-front.jpg)
×![]()
Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រជាច្រើនដែលចូលចិត្តទស្សនាការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ Premier League មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលរូបគេបានប្រកាសថាចង់ចាកចេញពីអេស្ប៉ាញហើយត្រលប់ទៅអង់គ្លេសវិញ។ ប្រសិនបើប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះចាកចេញមែន តើក្រុមដែលចង់បានរូបគេទៅរួមក្រុមនឹងត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីទិញផ្តាច់កិច្ចសន្យា [Release Clause] ពីក្រុម Real Madrid នោះ។
ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid វ័យ៣២ឆ្នាំរូបនេះ កំពុងតែជាប់ពាក់ព័ន្ធក្នុងករណីកេងបន្លំពន្ធ ហើយហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងជីវិតនៅក្នុងប្រទេសអេស្ប៉ាញ។
ក្រោយពីព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានចោទប្រកាន់រូបគេថាមិនបានបង់ពន្ធចូលរដ្ឋក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនសន្ធឹករហូតដល់ ១៧.៣លានដុល្លារ គិតចាប់តាំងពីឆ្នាំ ២០១០ មកនោះ Ronaldo ក៏បានប្រកាសចង់ចាកចេញពីក្រុមស្តេចសរ ត្រឡប់ទៅអង់គ្លេសវិញ។ រូបគេបានប្រាប់តុលាការថា នៅអង់គ្លេសគេមិនមានបញ្ហាអ៊ីចឹងទេ ហើយនេះជាមួលហេតុដែលគេចង់ត្រឡប់ទៅទឹកដីអង់គ្លេសវិញ។
![](https://image.thmeythmey.com/pictures/2017/08/07/thumb2/ronaldo-inside.jpg)
ជុំវិញការចង់ចាកចេញនេះ តើអតីតសមាជិកក្រុម Manchester United នឹងមានតម្លៃខ្លួនប៉ុន្មានប្រសិនបើក្រុមនៅអង់គ្លេសមួយសម្រេចយករូបគេទៅរួមក្រុម ខណៈបច្ចុប្បន្ន CR7 នៅជាប់កិច្ចសន្យាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២១ ឯណោះ។
បើតាមការផ្សាយរបស់ Mirror ម្ចាស់ពាន Ballon d'Or ៤សម័យនេះមានតម្លៃខ្លួន ១.១៨ ពាន់លានដុល្លារអាមេរិក ប្រសិនបើចង់ទិញផ្តាច់កិ្ចសន្យារបស់គេ។ តម្លៃខ្លួនខ្ពស់កប់ពពកដែលមិនគួឲ្យជឿនេះ កើតឡើងក្រោយពេលក្លិបអ្នកមានរបស់បារាំង Paris Saint Germain ហ៊ានថ្លៃ ២៦០លានដុល្លារដើម្បីទិញផ្តាច់កិច្ចសន្យាយក Neymar ពីក្លិបយក្សអេស្ប៉ាញ Barcelona កាលពីថ្មីៗនេះ៕
![](https://image.thmeythmey.com/pictures/2017/08/07/thumb2/neymar-inside.jpg)
Tag:
បាល់ទាត់
Cristiano Ronaldo
Neymar
PSG
© រក្សាសិទ្ធិដោយ thmeythmey.com