កីឡាអន្តរជាតិ
អន្តរជាតិ
អត្ត​ព​លិ​កជាប់​សែ​រាជវង្ស​បី​ប្រទេស​មាន​វត្ត​មាននៅ​ស៊ី​ហ្គេម​
22, Aug 2017 , 8:39 am        
រូបភាព
​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (Sea Games) លើក​ទី​២៩ ដែល​ម៉ាឡេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​លើក​នេះ មាន​អត្ត​ព​លិ​ក​សរុប​ជិត​៥០០០​នាក់ មកពី​១១​ប្រទេស​ចូលរួម​ប្រកួតប្រជែង​។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់​មាន​អត្ត​ព​លិ​កបួន​អង្គ​មកពី​បី​ប្រទេស​ផ្សេងគ្នា​ដែល​ជាប់​សែ​រាជវង្ស មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ប្រចាំ​តំបន​អាស៊ាន​នេះដែរ​។​

​ព្រះអង្គម្ចាស់​ក្ស​ត្រី Sirivannavari Nariratana និង​សេះ​របស់​ព្រះ​នាង​ឈ្មោះ Prince Charming កំពុង​ប្រកួតប្រជែង​ក្នុង​កីឡា​ជិះសេះ​។ ម្ចាស់​ក្ស​ត្រី​ដែលមាន​អាយុ ៣០ ឆ្នាំនេះ​ជា​បុត្រី​របស់​ស្តេច​ថៃ​បច្ចុប្បន្ន Vajiralongkorn​។ ព្រះ​នាង​ក៏​ធ្លាប់​បានទទួល​មេដាយមាស​ក្នុងការ​ប្រកួត​វិញ្ញាសា​វាយ​សី​ជា​ក្រុម​ផងដែរ​ក្នុង​ការប្រកួត Sea Game កាលពី​ឆ្នាំ​២០០៥ ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​
  
                                          ម្ចាស់​ក្ស​ត្រី Sirivannavari Nariratana

​សែ​រាជវង្ស​ម្នាក់ទៀត​គឺជា​កីឡាករ​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ គឹ​ព្រះអង្គម្ចាស់ Faiq Bolkiah​។ ព្រះ​អង្គជា​បុត្រ​របស់​ព្រះអង្គម្ចាស់ Jefri Bolkiah និង​ជា​ក្មួយប្រុស​របស់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah​។​
  
                                                       ព្រះអង្គម្ចាស់ Faiq Bolkiah​

Faiq មាន​អាយុ ១៩​ឆ្នាំ ជា​កីឡាករ​បម្រុង​របស់​ក្រុម Leicester City នៃ​ក្របខ័ណ្ឌ Premier League ហើយ​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​នេះ​កាល​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី​។​
 
Faiq ក៏មាន​បងប្រុស​ជីដូន​មួយម្នាក់​ទៀត​ឈ្មោះ Abdul Mateen ដែលជា​បុត្រ​របស់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah ដែល​បានមក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះដែរ​។ Mateen មាន​អាយុ ២៦​ឆ្នាំ ជា​កីឡាករ​ជិះសេះ​វាយ​កូន​បាល់ (Polo) របស់​ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ​។​
  
                      Abdul Mateen ដែលជា​បុត្រ​របស់​ស្តេច​ព្រុយ​ណេ Hassanal Bolkiah

​ចំណែក​សែ​រាជវង្ស​មួយអង្គ​ទៀត​ជា​អត្ត​ព​លិ​ក​របស់​ម៉ាឡេស៊ី គឺ​ស៊ុ​លត​ង់ Mizan Zainal Abidin ជា​ស៊ុ​ល​តង់​មកពី​រដ្ឋ Terengganu និង​ជា​កីឡាករ​ប្រណាំងសេះ ។ ស្ដេច​ស៊ុ​លត​ង់ Mizan មាន​វ័យ ៥៥ ឆ្នាំ បានឈ្នះ​មេដាយមាស​មួយ​រួច​ហើយពី​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​លើក​ទី​២៩​នៅក្នុង​ផ្ទះ​ខ្លួន​នេះ ពីការប្រកួត​ប្រណាំងសេះ​ចម្ងាយ ៨០ គីឡូម៉ែត្រ​នៃ​វិញ្ញាសា​Team Endurance។
  
                             ស៊ុ​លត​ង់ Mizan Zainal Abidin

​សូមបញ្ជាក់ថា កីឡារ​ស៊ី​ហ្គេម​ប្រព្រឹត្តទៅ​រៀងរាល់​២​ឆ្នាំ​ម្តង ហើយ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​លើក​ទី​២៩​នេះ មាន​វិញ្ញាសា​ជាង​៤០០ នៃ​ប្រភេទ​កីឡា​ចំនួន​៣៨ ដោយមាន​អត្ត​ព​លិ​ក​សរុប​ជិត​៥០០០​នាក់ មកពី​១១​ប្រទេស ដើម្បី​ប្រកួតប្រជែង​គ្នា​ដណ្តើម​មេដាយ​ចាប់ពី​ថ្ងៃទី​១៩ រហូតដល់​ថ្ងៃទី​៣០ ខែសីហា​ខាងមុខនេះ​៕

Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  សែ​រាជវង្ស
© រក្សាសិទ្ធិដោយ thmeythmey.com