កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao-Horn កំពុងចរចាការប្រកួតលើកទី២ លើសង្វៀនដដែល 23, Aug 2017 , 8:59 am
![](https://image.thmeythmey.com/pictures/2017/08/22/thumb2/box-front.jpg)
×![]()
អ្នកប្រដាល់ Manny Pacquiao ប្រហែលនឹងជួបជាមួយ Jeff Horn ជាថ្មីម្តងទៀតដើម្បីដណ្តើមខ្សែក្រវាតពិភពលោកមកវិញនៅចុងឆ្នាំនេះ ដែលធ្វើឡើងនៅទីក្រុង Brisbane ប្រទេសអូស្ត្រាលីដរដែល។
សារព័ត៌មានអូស្ត្រាលី ABC បានចុះផ្សាយថា ចៅហ្វាយក្រុង Brisbane លោក Graham Quirk បញ្ជាក់ថា៖«យើងបានបើកកិច្ចប្រជុំមួយដើម្បីចរចាកាលពីថ្ងៃចន្ទ ទី២១ ខែសីហា អំពីការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន និងអ្នកប្រដាល់អូស្ត្រាលី Jeff Horn ជាលើកទីពីរ ហើយទំនងជានឹងអាចកើតឡើងនៅចុងឆ្នាំនេះ»។
![](https://image.thmeythmey.com/pictures/2017/08/22/thumb2/inside.jpg)
Quirk បន្ថែមថាឱកាសសម្រាប់ការប្រកួតនេះ គឺដើម្បីឲ្យអ្នកប្រដាល់អាស៊ី វ័យ ៣៨ឆ្នាំដ៏ល្បីល្បាញបានស្ងប់ចិត្តវិញបន្ទាប់ពីបាត់បង់ខ្សែក្រវាត់ WBO របស់ខ្លួនយ៉ាងចម្រូងចម្រាស់ក្រោមថ្វីដែអ្នកប្រដាល់អតីតគ្រូបង្រៀន វ័យ២៩ឆ្នាំ កាលពីខែកក្កដាកន្លងទៅ។
កិច្ចប្រជុំខាងលើនេះធ្វើឡើងដោយមានវត្តមាន លោកស្រី Annastacia Palaszczuk ជានាយករដ្ឋមន្ត្រីរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី, រដ្ឋមន្ត្រីទេសចរណ៍ Kate Jones, អ្នករៀបចំព្រឹត្តិការណ៍កីឡាប្រដាល់លោក Dean Lonergan និងរួមទាំង Horn ផងដែរ។
![](https://image.thmeythmey.com/pictures/2017/08/22/thumb2/aa.jpg)
ឆ្វេង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ Kate Jone, នាយករដ្ឋមន្ត្រីនៃរដ្ឋ Queensland លោកស្រីAnnastacia Palaszczuk, Jeff Horn និងលោក Dean Lonergan
លោកចៅហ្វាយក្រុង Brisbane បានលើកឡើងទៀតថា៖«យើងស្ថិតនៅក្នុងជំហរមួយនៅពេលនេះដែល Brisbane Marketing នឹងត្រូវបានរៀបចំឡើងដើម្បីចូលរួមក្នុងដំណើរការចរចានេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័នរូបនេះនឹងយល់ព្រមវាយជាមួយអ្នកប្រដាល់មិនដែលចាញ់នៅសង្វៀដដែលនេះឬក៏អត់នោះទេ»។
ប្រសិនជាការប្រកួតសងសឹកនេះកើតឡើងរវាង Pacquiao-Horn មែននោះ កាលបរិច្ឆេទនៃការប្រកួតនេះអាចនឹងធ្វើឡើងនៅខែវិច្ឆិកាចុងឆ្នាំ២០១៧នេះ៕
Tag:
ប្រដាល់
Manny Pacquiao
Jeff Horn
WBO
© រក្សាសិទ្ធិដោយ thmeythmey.com