ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ប្រៃ​ពេក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​លើស​សម្ពាធ​ឈាម​ទេ តែ​ក៏​ជាប់ទាក់ទង​នឹង​មហារីកក្រពះ​ដែរ​
25, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​យើង​ដឹង​ហើយ​ថា ជាតិ​ប្រៃ ឬ​អំបិល គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប ដែល​វា​អាចជួយ​បង្កើន​រសជាតិ​ម្ហូប​ដែល​យើង​ទទួលទាន​កាន់តែ​ឆ្ងាញ់​តាមរយៈ​ភាព​ប្រៃ​របស់​វា​។ ក្រៅពីនេះ វា​ក៏​ត្រូវបាន​គេ​ប្រើ​ដើម្បី​រក្សា​អាហារ​ឲ្យ​បានយូរ ដោយ​ការ​ប្រឡាក់សាច់ ព្រមទាំង​អាចជួយ​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​ថែមទៀត​ផង​។​


​កាលពី​ប្រមាណ បី​ទសវត្ស​ន៍​មុន កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​របស់​ជាតិ​ប្រៃ​នេះ​ត្រូវបាន​គេ​រកឃើញថា មាន​ជាប់ទាក់ទង​នឹង​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង នៅពេលដែល​ទទួលទាន​វា​ច្រើនពេក​។ ប៉ុន្តែ​ក្នុងនោះ​ជា​ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​ជំងឺមហារីក​ក្រពះ​ផងដែរ​។​

​តាមពិតទៅ បើ​យោងទៅតាម​ក្បួន​ណែនាំ​របប​អាហារ​សម្រាប់​ជនជាតិ​អាមេរិក (Dietary Guideline for Americans) បាន​ណែនាំ​ថា យើង​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ ឬ​សូ​ដ្យូ​ម​ឲ្យ​នៅក្រោម ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ចូរ​ចាំ​ថា អំបិល​៦​ក្រាម ឬមួយ​ស្លាបព្រា គឺមាន​ជាតិ​សូ​ដ្យូ​ម​តែ ៤០​ភាគរយ​ប៉ុណ្ណោះ​។​

​ដោយយោង​ទៅតាម​អំណះអំណាង​មួយចំនួន​និយាយថា ការ​ញ៉ាំ​អំបិល ឬ​ប្រៃ​ច្រើន​អាច​ជាប់ទាក់ទង​ប្រឈម​ខ្ពស់​នឹង​មហារីកក្រពះ​។ រឿងនេះ​ប្រហែលជា​ដោយសារតែ​វា​ធ្វើ​ឲ្យ​កើន​ឡើងដល់​បាក់តេរី​បង្ក​ដំបៅ​ក្រពះ H.pylori ក្នុង​ក្រពះ​ហើយ​។​

​ការសិក្សា​មួយ​កាលពី​ឆ្នាំ ២០១១ ដែល​ធ្វើ​ទៅលើ​មនុស្ស​ប្រមាណ ១០០០​នាក់ បាន​ឲ្យ​ដឹងថា អ្នក​ដែល​ញ៉ាំ​ប្រៃ​ច្រើន​គឺ​ប្រឈម​ខ្ពស់​នឹង​មហារីកក្រពះ​។ ហើយ​ការសិក្សា​ដ៏​ធំ​មួយទៀត​ដែលមាន​មនុស្ស​ចូលរួម ២៦៨៧១៨​នាក់ បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ប្រៃ​គឺ​ប្រឈម​នឹង​មហារីកក្រពះ​ច្រើនជាង​អ្នក​ញ៉ាំ​មិន​ប្រៃ​ប្រមាណ ៦៨​ភាគរយ​ឯណោះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ យក​ល្អ​គួរតែ​សម្គាល់ថា ការសិក្សា​ទាំងនេះ​គឺ​បង្ហាញ​តែ​ទំនាក់ទំនង​រវាង​មហារីកក្រពះ និង​ការ​ញ៉ាំ​ប្រៃ​ខ្លាំង​ប៉ុណ្ណោះ​។ ដូច្នេះ​វា​ត្រូវតែមាន​ការស្រាវជ្រាវ​បន្ថែម​ច្រើន​ទៀត​ដើម្បី​កំណត់​ឲ្យ​ដឹងថា តើ​របប​អាហារ​ប្រៃ​ប៉ុណ្ណា​ទើប​អាច​វិ​វត្ត​ទៅជា​ជំងឺ​នេះ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com