កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា គួរ​បន្ត​ផែនការ​បណ្តេញ​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​៤​ម៉ឺន​នាក់​»​ទៅ​មី​យ៉ាន់​ម៉ា​ក្នុង​ពេលនេះ​ឬ​យ៉ាងណា​?
03, Sep 2017 , 7:59 am        
រូបភាព
ដោយ:
​ 
​ហិង្សា​ប្រដាប់អាវុធ​នៅ​រដ្ឋ Rakhine នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ច្រើន​នាក់​ស្លាប់ និង​ភៀសខ្លួន បាននិងកំពុង​តែ​ក្លាយជា​ក្តីបារម្ភ​មួយ​នៅក្នុង​តំបន់ និង​អន្តរជាតិ ។ តែ​អ្វីដែល​សហគមន៍​អន្តរជាតិ កាន់តែ​ចាប់អារម្មណ៍​នោះ​គឺ ផែនការ​នៃ​ការបណ្តេញចេញ​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​ជាង​៤​ម៉ឺន​នាក់ ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ស្រប​ពេលដែល​ស្ថានភាព​ទីនោះ មិនទាន់​ល្អប្រសើរ​ផង ។
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ឥណ្ឌា នៅ​ខែសីហា​កន្លងទៅ បាន​ឲ្យ​ដឹងថា ឥណ្ឌា​បាន​ពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស​ស្តីពី​ការបញ្ជូន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​បួន​ម៉ឺន​នាក់ ដែល​កំពុងតែ​រស់នៅ​ខុសច្បាប់​នៅ​ឥណ្ឌា​ត្រលប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់  សារព័ត៌មាន Bangkok Post ។​
 
​តាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​ញូ​វ​ដេលី​នៅពេល​នោះដែរ មានតែ​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​១៤០០០​នាក់​ប៉ុណ្ណោះ ដែល​រស់នៅ​ប្រទេស​ឥណ្ឌា ដោយបាន​ចុះឈ្មោះ​ស្របច្បាប់​តាមរយៈ​ភា្ន​ក់​ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ ដែល​បញ្ហា​នេះហើយ​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ត្រូវបញ្ជូន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដទៃទៀត​ដែល​មិនបាន​ចុះឈ្មោះ ត្រូវ​ត្រលប់​ទៅ​ប្រទេស​ដើម​វិញ​។​
 
​មកទល់​នេះ មិនទាន់មាន​សេចក្តីជូនដំណឹង​ផ្លូវ​ណាមួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ថា​តើ​ការបណ្តេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​វិញ នឹងត្រូវ​ធ្វើ​ពេលណា​មួយ​ជាក់លាក់ ឬក៏​ត្រូវ​ពន្យារពេល​វិញ​យ៉ាងណា​ឡើយ ។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ស្ថានភាព​សន្តិសុខ​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​អាច​ធានា​បានឡើយ ពោលគឺ ការបាញ់ប្រហារ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​ឧទ្ទាម​នៅ​បន្ត​នៅក្នុង​រដ្ឋ Rakhine ។ 
 
​សូម​រម្លឹក​ផងដែរ​ថា ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ជាមួយនឹង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ Rakhine ដែល​កន្លែង​សម្បូរ​ទៅដោយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រស់នៅ មិនមែន​ទើបតែ​ផ្ទុះឡើង​ថ្មីៗ​នេះ​នោះទេ ហេតុការណ៍​នេះ បានចាប់ផ្តើម​តាំងពី​ខែតុលា​ឆ្នាំមុន​មកម្ល៉េះ ។ ក៏ប៉ុន្តែ ដំណោះស្រាយ​នៅតែ​មិនទាន់មាន ដែល​បាន​បណ្តាល​ឲ្យ​មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ពាន់ បាន​បន្ត​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង ។ 
 
​យ៉ាងណាក៏ដោយ ជុំវិញ​នៃ​ផែនការ​បណ្តេញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៤​ម៉ឺន​នាក់​របស់​រដ្ឋាភិបាល ឥណ្ឌា អាច​នឹងមាន​ការវិវត្ត​ថ្មី​នៅ​សបា្តហ៍​ក្រោយ ។ នៅ​សប្តាហ៍​ក្រោយនេះ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា និង​ជួបពិភាក្សា​ស្តីពី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាមួយនឹង​មេដឹកនាំ​កំពូល de facto មី​យ៉ាន់​ម៉ា លោកស្រី Aung San Suu Kyi ។ បើតាម​ភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​ការបរទេស​ឥណ្ឌា លោកនាយក​រដ្ឋមន្ត្រី Modi ក៏​នឹង​លើក​ពី​លទ្ធភាព​អ្វីខ្លះ​ដែល​ឥណ្ឌា​អាចជួយ​ធ្វើ​ឲ្យ​ស្ថានភាព​មី​យ៉ាន់​ម៉ា​ល្អប្រសើរ​ផងដែរ ៕   

Tag:
 ឥណ្ឌា
  Rohingya
© រក្សាសិទ្ធិដោយ thmeythmey.com