អន្តរជាតិ
​សណ្ឋាគារ​មួយ​នៅ​បែលហ្ស៊ិក​ផ្តល់​សេវា​ជួល​ត្រី​កំដរ​សម្រាប់​ភ្ញៀវ​ដែល​គេង​ម្នាក់ឯង​
10, Sep 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​សណ្ឋាគារ​មួយ​នៅ​ក្រុង Charleroi ប្រទេស​បែលហ្ស៊ិក បានដាក់​សេវាកម្ម​ជួល​ត្រី​ក្រហម ដើម្បី​ជួយ​កំដរ​ការ​អផ្សុក​របស់​ភ្ញៀវ​ដែល​គេង​ក្នុង​បន្ទប់​តែម្នាក់ឯង​។​


​ស្ត្រី​នូ​វែ​ស​សេ​ឡង់​ម្នាក់ មាន​អារម្មណ៍​តប់ប្រមល់​យ៉ាងខ្លាំង​នៅពេល​ទៅ​ប្រទេស​បែលហ្ស៊ិក​តែម្នាក់ឯង​។ នៅ​សណ្ឋាគារ Charleroi Airport គាត់​បាន​សាកសួរ​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ដើម្បី​ស្វែងរក​សត្វ​លេង​កំដរ​។ ពេលនោះ បុគ្គលិក​សណ្ឋាគារ​បាន​បង្ហាញ​ដប​ដែល​ដាក់​ត្រី​ក្រហម ជាមួយ​តារាង​តម្លៃ ៣.៥០​អឺរ៉ូ​ក្នុង​១​យប់​។​

​មិនគួរ​ឲ្យ​ជឿ តែ​ជា​រឿង​ពិត​។ អ្នកស្រី David Dillen អ្នកគ្រប់គ្រង​សណ្ឋាគារ Charleroi Airport បាន​អះអាង​ពី​ព័ត៌មាន​ប្រាប់​សារព័ត៌មាន Mashable ហើយ​វា​ក៏​មិនមែនជា​រឿង​ថ្មី​នោះដែរ​។ យោងតាម​ការបញ្ចេញ​យោបល់​នៅលើ​គេហទំព័រ Trip Advisor សេវា​កម្មនេះ មាន​តាំងពី​ឆ្នាំ​២០១៣ មកម្ល៉េះ ប៉ុន្តែ​ទើបនឹង​ល្បីល្បាញ​នៅតាម​បណ្តាញ​ព័ត៌មាន​។​



​សម្រាប់​អ្នកស្រី David Dillen ការ​គិតពី​សុខភាព​ត្រី ពិតជា​រឿង​ដ៏​សំខាន់ ដោយ​សណ្ឋាគារ​មិន​ចេះតែ​ធ្វើតាម​តម្រូវ​ចិត្ត​អតិថិជន​នោះឡើយ​។ អ្នកស្រី​លើកឡើងថា មុន​សម្រេចចិត្ត​ជួល​ត្រី​ក្រហម​ឲ្យ​អតិថិជន បុគ្គលិក​សណ្ឋាគារ​មានការ​ត្រួតពិនិត្យ និង​សិក្សា​យ៉ាង​ដិតដល់​។​

​ឆ្លើយតប​នឹង​មតិ​មួយចំនួន ដែល​បង្ហាញ​ពី​ការ​អាណិត​ដល់​សត្វ​ត្រី អ្នកគ្រប់គ្រង​សណ្ឋាគារ Charleroi Airport បាន​បញ្ជាក់ថា​៖ «​ត្រី​ទាំងនោះ រស់នៅក្នុង​សណ្ឋាគារ​ប្រមាណ​៤​ឆ្នាំ​មកហើយ ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់​ពួកវា​ទេនោះ ពួកវា​ប្រហែលជា​ងាប់​ជា​យូរ​មកហើយ​»៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com