កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ U22 ម៉ាឡេស៊ី ថា ម៉ាឡេស៊ី វៀតណាម និងថៃ ពិតជាស្អាតស្អំ 12, Sep 2017 , 9:48 am
![](https://image.thmeythmey.com/pictures/2017/09/12/thumb2/kim_swe.jpg)
×![]()
លោក Ong Kim Swee គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ (U-22) បានទទួលស្គាល់ពីឥរិយាបថកំណត់លទ្ធផលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរកន្លងទៅនេះ។ ប៉ុន្តែលោកក៏បានបដិសេធដែរថា ម៉ាឡេស៊ី វៀតណាម និងថៃ មិនមានពាក់ព័ន្ធនឹងករណីនេះទេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រោយកាសែតសិង្ហបុរី The Straits Times ចុះផ្សាយថាជំនួបរវាង ម្ចាស់ផ្ទះម៉ាឡេស៊ីជាមួយឡាវ វៀតណាមជាមួយកម្ពុជា និង ថៃជាមួយកម្ពុជា ត្រូវបានក្រុមអ្នកជំនាញវិភាគលើការភ្នាល់បាល់ វាយតម្លៃថា ទំនងជាមានការកំណត់លទ្ធផលទុកមុននោះ ឥឡូវនេះគ្រូបង្វឹកឈុតស៊ីហ្គេមរបស់ម៉ាឡេស៊ីបានចេញមកបដិសេធថា ក្រុមខ្លួនម៉ាឡេស៊ី ក៏ដូចជាវៀតណាម និងថៃ មិនពាក់ព័ន្ធការកំណត់លទ្ធផលទុកមុននោះឡើយ។
ក្នុងអំឡុងធ្វើបទសម្ភាសជាមួយកាសែតវៀតណាម Thanh Nien លោក Ong Kim Swee បាននិយាយថាប្រព័ន្ធផ្សព្វផ្សាយមានសិទិ្ធឆ្លើយសំណួរជាពិសេសនៅពេលដែលទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានយកមកភ្នាល់បាល់នៅមុនពេលការប្រកួតចាប់ផ្តើម។
![](https://image.thmeythmey.com/pictures/2017/09/12/thumb2/red.jpg)
ជំនួបរវាង U22 កម្ពុជា (ក្រហម) និង U22 ថៃ។ រូបថត NOCC
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ី វ័យ ៤៥ឆ្នាំរូបនេះ ជឿជាក់ថាកីឡាកររបស់លោក ក៏ដូចជាក្រុមកីឡាកររបស់វៀតណាម និងថៃមិនបានធ្វើរឿងល្ងង់ខ្លៅបែបនេះនោះទេ ព្រោះក្រុមទាំងនោះសុទ្ធតែមានគោលដៅឈ្នះមេដាយមាសរៀងៗខ្លួន។
«ខ្ញុំអាចនិយាយបានថា U-22 ម៉ាឡេស៊ី មិនបានចូលរួមរឿងគិតលទ្ធផលទុកមុននៅមុនការប្រកួតទល់នឹងក្រុមណាមួយនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ។ ជ័យជម្នះ ៣-១ របស់ម៉ាឡេស៊ី លើក្រុមឡាវគឺច្បាស់ណាស់កីឡាកររបស់យើងបានខិតខំយ៉ាងខ្លាំងដើម្បីរកគ្រាប់បាល់បញ្ចូលទី»។ នេះជាការបញ្ចាក់បន្ថែមរបស់លោក Ong Kim Swee។
![](https://image.thmeythmey.com/pictures/2017/09/12/thumb2/blue.jpg)
ជំនួបរវាង U22 កម្ពុជា (ខៀវ) និង U22 វៀតណាមនៅស៊ីហ្គេម
សម្រាប់ខាងគ្រូវបង្វឹក U-22 ថៃ លោក Worrawoot Srimakha ឯណោះវិញក៏បានបដិសេធករណីខាងលើនេះដែរ។ លោកថា «ខ្ញុំទើបតែបានឮព័ត៌មាននេះ វាគ្រាន់តែជាការសង្កេតពីបណ្តាញសារព័ត៌មានបរទេសប៉ុណ្ណោះ ខ្ញុំធានាចំពោះអ្នកទាំងអស់គ្នាថា ថៃមិនមានអ្វីពាក់ព័ន្ធនឹងករណីនេះទេ។ គោលដៅរបស់យើងនៅ SEA Games គឺការឈ្នះ ហើយយើងមានបំណងឈ្នះរាល់ការប្រកួតនៅទីនោះ និងចង់រកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះខ្ញុំជឿជាក់លើកីឡាកររបស់ខ្ញុំថាពួកគេក៏មិនធ្វើបែបនេះដែរ»។
ចំណែកភាគីកម្ពុជាវិញ លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអះអាងផងដែរថា សហព័ន្ធបានធ្វើការប្រជុំជាមួយក្រុមគ្រូបង្វឹកលើករណីនេះរួចហើយ ប៉ុន្តែមិនមានភស្តុតាងណាមួយដែលនាំឲ្យមានការស៊ើបអង្កេតពាក់ព័ន្ធការកំណត់លទ្ធផលនេះនោះឡើយ ៕
Tag:
បាល់ទាត់
Sea Games 2017
ថៃ
កម្ពុជា
ម៉ាឡេស៊ី
កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com