អន្តរជាតិ
ក្រុម​រដ្ឋ​ឥស្លាម​មាន​វត្តមាន​កាន់​តែ​ច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
14, Sep 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​Marawi នៅ​ប្រទេស​ហ្វីលីពីន បានធ្វើការ​វាយ​ប្រយុទ្ធ​អស់​រយៈពេល​បី​ខែ​មកហើយ ដើម្បី​ប​ង្រា្ក​ប​ក្រុម​សកម្មប្រយុទ្ធ​ដែល​ត្រូវបាន​សង្ស័យថា​មាន​ទំនាក់​ទំនងជា​មួយក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ក្នុង​តំបន់​នេះ​។​


​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ខែឧសភា​បានប្រកាសថា​តំបន់​ភាគខាងត្បូង​ដែល​កំពុងមាន​ភាពចលាចល​នឹង​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក​ចំនួន​៦០​ថ្ងៃ​។ ហើយ​កាលពី​ខែកក្កដា ច្បាប់​នេះ​ត្រូវបាន​បន្ត​អនុវត្ត​រហូតដល់​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​ការប៉ុនប៉ង​មួយ​ដោយ​កងកម្លាំង​សន្តិសុខ​ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​សកម្មប្រយុទ្ធ​ម្នាក់​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុម​រដ្ឋ​ឥស្លាម​បាន​បរាជ័យ​។ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ស្ថិតក្រោម​ការឡោមព័ទ្ធ​។​

​ភ្នាក់ងារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ជាច្រើន​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ចូលក្នុង​ប្រទេស​ហ្វីលីពីន​ដើម្បី​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​យោធា​ហ្វីលីពីន​ក្នុង​ទីក្រុង Marawi​។​

​អ្នកវិភាគ​និយាយថា ខណៈ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​កំពុង​បាត់បង់​ឥទ្ធិពល ក្រុម​ភេរវកម្ម​នេះ​កំពុង​ព្យាយាម​ពង្រីក​ខ្លួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​ទីតាំង​របស់​ក្រុម​បំបែក​ខ្លួន​និង​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងៗ​ជាច្រើន​។​

​លោក Ridwan Habib អ្នកវិភាគ​ភេរវកម្ម​នៅ​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី បាន​ថ្លែងប្រាប់ VOA ថា​៖ «​មាន​ភស្តុតាង​មួយ​បង្ហាញថា ប្រជាជន​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​សកម្មប្រយុទ្ធ Jamaah Islamiyah ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ឥឡូវនេះ​មាន​ទង់ជាតិ​ថ្មី​មួយ​ដែល​ប្រតិបត្តិការ​ក្រោម​ក្រុម​រដ្ឋ​ឥស្លាម ក្នុងករណីនេះ គឺ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​ហ្វីលីពីន​»​។ រឿង​ធ្ងន់ធ្ងរ​កំពុងតែ​កើតឡើង ហើយ​រដ្ឋាភិបាល​ត្រូវតែ​រំពឹងទុក​ជាមុន​ថា នឹង​អាចមាន​អ្វី​ផ្សេង​កើតឡើង​បន្តទៀត​។ យើង​បារម្ភ​ថា​អត្តសញ្ញាណ​ថ្មី​នេះ​គឺ​មានន័យថា​ពួកគេ​កំពុង​ប្រឹងប្រែង​កាន់កាប់​ទីតាំង​ថ្មី​»​។​

​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​


​ក្រុម Jammah Islamiyah គឺជា​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម អាល់​កៃ​ដា ហើយ​ក្រុម​នេះ​បានធ្វើការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​ដង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​និង​កន្លែង​ផ្សេងទៀត​ក្នុង​តំបន់​នេះ ដែល​រួមមាន​ទាំង​ការវាយប្រហារ​នៅ​កោះ​បាលី កាលពី​ឆ្នាំ​២០០២ ដែល​បានសម្លាប់​មនុស្ស​ជាង​២០០​នាក់​ផងដែរ​។​

​ក្រុម​រដ្ឋ​ឥស្លាម​បានបង្ហាញ​សញ្ញា​រួចទៅហើយ​ក្នុងការ​ពង្រីក​ខ្លួន​ក្នុង​តំបន់​នេះ តាមរយៈ​ក្រុម​ជា​សមាជិក​ក្នុង​តំបន់​និង​អ្នកគាំទ្រ​។​

​ក្រុម​នេះ​កំពុង​រើស​សមាជិក​ថ្មី​បន្ថែមទៀត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដោយមាន​មនុស្ស​ជាង​៣៨០​នាក់​ចូលរួម​ក្នុង​ក្រុម​ភេរវកម្ម​នេះ​ត្រឹម​ខែមករា​កន្លងទៅនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​របស់​ប្រទេស​ឥណ្ឌូណេស៊ី​។ សមាជិក​ថ្មី​ដែល​ត្រូវបាន​គេ​ជ្រើសរើស​ភាគច្រើន គឺជា​អ្នក​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។​

​លោក Greg Fealy សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Australian National University ដែល​សិក្សា​ពី​អំពើ​ភេរវកម្ម​ក្នុងប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយថា ការគំរាមកំហែង​ភេរវកម្ម​ពី​ក្រុម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​នេះ​បាន​កើនឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​មកម្ល៉េះ​។​

​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​រាយការណ៍​ថា បានតែងតាំង​មេដឹកនាំ​នៃ​ក្រុម Abu Sayyaf ជា​មេដឹកនាំ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុម Abu Sayyaf គឺជា​ក្រុម​សកម្មប្រយុទ្ធ​ជ្រុលនិយម​ក្នុង​តំបន់​នេះ ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារ​ការចាប់​ជំរិត​និង​ការ​កាត់​ក្បាល​ភ្ញៀវទេសចរ​បរទេស​។​

​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ក៏បាន​បញ្ជាក់ដែរថា​ក្រុម​រដ្ឋ​ឥស្លាម​ពិតជា​បាន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​របស់​ពួកគេ​។​

​ក្រុម​ភេរវកម្ម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​និង​ការវាយប្រហារ​ដោយ​ការបាញ់​កាំភ្លើង​នៅ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា​កាលពី​ខែមករា ដែល​បានសម្លាប់​មនុស្ស​អស់​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​ក៏មាន​អ្នក​វាយប្រហារ​៤​នាក់​ផងដែរ​។​

​ក្រុមមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​កាលពី​ខែមីនា​បាន​បញ្ចូល​ឈ្មោះ Bahrun Naim ដែលជា​ជន​សកម្មប្រយុទ្ធ​ឥណ្ឌូណេស៊ី​ដ៏​លេចធ្លោ​ម្នាក់ ទៅក្នុង​បញ្ជី​ឈ្មោះ​ភេរវ​ករ​សកល ដោយ​និយាយថា ជននេះ​បាន​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​និង​ការគាំទ្រ​ប្រតិបត្តិការ​សម្រាប់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​និង​បាន​ប្រមែប្រមូល​ថវិកា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​រក​សមាជិក​បន្ថែម​ឲ្យ​ចូលរួម​សមរភូមិ​រដ្ឋ​ឥស្លាម​។​

​ក្នុងប្រទេស​ហ្វីលីពីន ក្រុម​រដ្ឋ​ឥស្លាម​បាន​គាំទ្រ​ជន Isnilon Hapilon ឲ្យ​ធ្វើជា​មេដឹកនាំ​សមាគម​ពាក់ព័ន្ធ​មួយក្រុម​តូច​ដែល​បាន​រីកលូតលាស់​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​នៅ​ភាគ​កណ្តាល​និង​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​។ Isnilon Hapilon ជា​ជន​ដែល​គេ​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​យ៉ាងខ្លាំង​ក្នុងប្រទេស​នេះ ពីបទ​ភេរវកម្ម​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​អាមេរិកាំង​។ សហរដ្ឋអាមេរិក​នឹង​ជូន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​សម្រាប់​អ្នក​ដែល​អាច​កាត់​ក្បាល​របស់ Isnilon Hapilon បាន​។​

​ជន Hapilon បាន​សច្ចា​ថា​នឹង​ស្មោះស្ម័គ្រ​ចំពោះ​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម Abu Bakr al-Baghdadi នៅក្នុង​វីដេអូ​មួយ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួងការបរទេស​អាមេរិក​។​

​ហ្វីលីពីន​គឺជា​គោលដៅ​ថ្មី​

​អ្នកវិភាគ​មួយចំនួន​បាន​អះអាងថា​ជន​ជ្រុលនិយម​ជាច្រើន​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ដែលមាន​បំណង​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម សព្វថ្ងៃនេះ​កំពុងធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ជាជាង​ទៅ​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ ដោយសារតែ​ស្ថានភាព​នៅក្នុង​តំបន់​ដែល​ក្រុម​ភេរវកម្ម​បាន​កាន់កាប់​កាលពីមុន​បាន​ចុះថមថយ ដោយសារ​តែមាន​យុទ្ធនាការ​របស់​យោធា​ប្រឆាំងនឹង​ក្រុម​នេះ​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​។​

​លោក Ridwan Habib នៃ​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី​បាន​និយាយថា​៖ «​បើ​និយាយ​ពី​ការចំណាយ រយៈ​ចម្ងាយ និង​ការធ្វើដំណើរ​ចូលក្នុង​ប្រទេស​ហ្វីលីពីន​គឺមាន​លក្ខណៈ​ងាយស្រួល​ជាង​។ ដូច្នេះ​ក្រុម​រដ្ឋ​ឥស្លាម​មកពី​ឥណ្ឌូណេស៊ី​បានជ្រើសរើស​ទៅ​ទីក្រុង Marawi ជាជាង​ទៅ​ប្រទេស​ស៊ី​រី​»​។​

​លោក Habib បាន​ព្រមាន​ថា ស្ថានភាព​អាច​នឹង​កាន់តែ​អាក្រក់​បើសិនជា​ជម្លោះ​នៅក្នុង​ទីក្រុង Marawi នឹងមិន​ត្រូវបាន​ដោះស្រាយ​ឬ​គ្រប់គ្រង​បានល្អ​ទេនោះ​។​
​អ្នកវិភាគ​បាន​អះអាងថា​ជន Mahmud Ahmad ដែលជា​ជន​សកម្មប្រយុទ្ធ​ម៉ាឡេស៊ី​ម្នាក់​ក្នុងប្រទេស​ហ្វីលីពីន​និង​បាន​សិក្សា​នៅក្នុង​ទីក្រុង Islamabad ប្រទេស​ប៉ា​គី​ស្ថាន បាន​ព្យាយាម​ជួយ​បង្កើត​វត្តមាន​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ជន Ahmad ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​ក្នុង​ទីក្រុង Marawi កាលពី​ខែមិថុនា ប៉ុន្តែ​លោក Khalild Abu Bakar ស្នងការ​ប៉ូលិស​ម៉ាឡេស៊ី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា លោក​ជឿថា​ជន Ahmad នៅមាន​ជីវិត​នៅឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Eduardo Ano នាយសេនាធិការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ហ្វីលីពីន បាន​និយាយថា​ជន Ahmad បាន​បញ្ជូន​ថវិកា​ជាង​៦០០.០០០​ដុល្លារ​ពី​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​ទិញ​អាវុធ ចំណីអាហារ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ​សម្រាប់​ការវាយប្រហារ​ក្នុង​ទីក្រុង Marawi​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន The Associated Press​។​

​ការពិបាក​សម្រេចចិត្ត​ចំពោះ​យុទ្ធជន​រដ្ឋ​ឥស្លាម​ដែល​វិល​ត្រឡប់មកវិញ​

​យុទ្ធជន​ជាច្រើន​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​ទៅ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ កំពុងតែ​ត្រឡប់មក​លំនៅដ្ឋាន​រប​ស់​ពួកគេ​វិញ​នៅពេលដែល​ក្រុម​ភេរវកម្ម​កំពុង​បរាជ័យ​នៅ​មជ្ឈិមបូព៌ា​។​

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​រាយការណ៍​កាលពី​ឆ្នាំមុន​ថា ជនជាតិ​ឥណ្ឌូណេស៊ី​ចន្លោះ​ពី​១៦៩​នាក់​ទៅ​៣០០​នាក់​ដែល​បាន​ប្រយុទ្ធ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម បាន​ត្រឡប់​មកវិញហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Simandjuntak មេបញ្ជាការ​យោធា​ម្នាក់​នៅ​កោះ​បាលី បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ចុងខែ​សីហា​ថា​៖ «​ទោះបីជា​ខ្ញុំ​បាន​និយាយថា នៅ​បាលី​មាន​សាខា​ក្រុម​រដ្ឋ​ឥស្លាម​ចំនួន​៥០ និង ២៥ នៅ​ខេត្ត​East Nusa Tenggara និង ៦០០​នៅ​ខេត្ត Nusa Tenggara Barat យើង​ដឹងថា​ពួកគេ​នៅ​កន្លែង​ណា​ហើយ ហើយ​យើង​គ្រប់គ្រង​ស្ថានការណ៍​បាន​»​។​

​លោក​បាន​បន្ថែមថា​៖ «​ពួកគេ​កំពុង​ដេកលក់​ឬ​គ្មាន​សកម្មភាព​អ្វី​ទេ​»​។​
​លោក Abdul Haris Masyhari នាយក​នៃ​គណៈកម្មាធិការ​ស្តីពី​កិច្ចការពារ​និង​ទំនាក់ទំនង​បរទេស​នៅក្នុង​សភា​ឥណ្ឌូណេស៊ី បារម្ភ​ថា​ការវិល​ត្រឡប់មកវិញ​របស់​យុទ្ធជន​រដ្ឋ​ឥស្លាម​អាចបង្កើត​ក្រុម​តូចៗ​នៅ​ស្រុកកំណើត​របស់​ពួកគេ​។​

​លោក Masyhari បាន​និយាយថា​៖ «​ដោយយោង​តាម​កោះ​បាលី ខ្ញុំ​សង្ឃឹមថា​ការអនុវត្ត​ច្បាប់​នឹង​ចាត់វិធានការ​ការពារ​ដើម្បី​បង្អាក់​គម្រោង​សម្ងាត់​របស់​ភេរ​វករ​»​។​
​អ្នកប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​កំពុង​កើនឡើង​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ក្នុងចំណោម​សាធារណជន​។​

​កាលពី​ខែឧសភា ការស្ទង់មតិ​មួយ​ទៅលើ​មនុស្សពេញវ័យ​ចំនួន​១៣៥០​នាក់​បាន​បង្ហាញថា ស្ទើរតែ​៩០​ភាគរយ​នៃ​អ្នកចូលរួម​គិតថា​ក្រុម​រដ្ឋ​ឥស្លាម​គឺជា​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ប្រទេស​ពួកគេ​។ ក្នុងពេល​ជាមួយគ្នានេះដែរ ការស្ទង់មតិ​មួយចំនួនទៀត​ធ្វើឡើង​នៅក្នុង​ប្រទេស​បានបង្ហាញ​ពី​ការកើនឡើង​នៃ​មនោគមវិជ្ជា​ជ្រុលនិយម​ក្នុងចំណោម​យុវជន ដែល​ពេញ​ចិត្តនឹង​ជន​ជ្រុលនិយម​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com