អន្តរជាតិ
កូរ៉េខាងត្បូងពន្យល់អាមេរិកនិងជប៉ុនរឿងបញ្ជូនជំនួយមនុស្សធម៌ឲ្យកូរ៉េខាងជើង 15, Sep 2017 , 10:00 am
× កូរ៉េខាងត្បូងបានពន្យល់សម្ព័ន្ធមិត្តរបស់ខ្លួនពីរ គឺអាមេរិក និងជប៉ុន រួចហើយជុំវិញផែនការបញ្ជូនជំនួយទៅឲ្យកូរ៉េខាងជើងតាមរយៈអង្គការអន្តរជាតិ។ ក្រសួងការបរទេសកូរ៉េខាងត្បូងអះអាងថា ជំនួយនេះមិនពាក់ព័ន្ធសេចក្ដីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ និងធ្វើឡើងក្រោមក្របខណ្ឌមនុស្សធម៌ប៉ុណ្ណោះ ហើយប្រទេសទាំងបីបន្តទាក់ទងគ្នាដដែលលើបញ្ហាកូរ៉េខាងជើង។
ក្រោមហេតុផលមនុស្សធម៌ កូរ៉េខាងត្បូងត្រៀមបញ្ជូនជំនួយតម្លៃ៨លានដុល្លារទៅឲ្យកូរ៉េខាងជើងតាមរយៈអង្គការមនុស្សធម៌អន្តរជាតិ។ គម្រោងនេះធ្វើឲ្យជប៉ុនមិនសូវសប្បាយចិត្តឡើយ។ នៅថ្ងៃទី១៤ ខែកញ្ញា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងតូក្យូនិយាយថា វាជារឿងចាំបាច់ដែលត្រូវចៀសវាងសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យសម្ពាធលើកូរ៉េខាងជើងចុះខ្សោយ ព្រោះក្រុមប្រឹក្សាសន្តិសុខទើបដាក់ទណ្ឌកម្មថ្មីផង។
យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ក្រុងសេអ៊ូលបានពន្យល់ជប៉ុន រួមទាំងអាមេរិកអស់ហើយលើបញ្ហាផ្ដល់ជំនួយនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Cho June-hyuck និយាយថា កូរ៉េខាងត្បូងបានទាក់ទងគ្នាជាមួយជប៉ុន និងអាមេរិកយ៉ាងជាប់លាប់លើបញ្ហាកូរ៉េខាងជើង ក៏ដូចជារឿងជំនួយនេះ។ អ្នកនាំពាក្យដដែលបន្តថា សេអ៊ូលក៏បានប្រាប់ប្រទេសទាំងពីរជាមុនដែរលើរឿងជំនួយនេះ។
ក្រសួងបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បញ្ជាក់ថា ជំនួយនេះត្រូវបញ្ជូនតាមរយៈអង្គការអន្តរជាតិ។ ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងប្រជុំសម្រេចជាចុងក្រោយម្ដងទៀតនៅសប្ដាហ៍ក្រោយថា ជំនួយនេះត្រូវបញ្ជូនទៅឲ្យជនរងគ្រោះនៅកូរ៉េខាងជើងឬយ៉ាងណា។ លោក Cho ពន្យល់ថា ជំនួយនេះមិនស្ថិតក្នុងបម្រាមរបស់សេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខទេ ព្រោះជារឿងមនុស្សធម៌។
តាមពិតទៅ ក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោន តែងបារម្ភជារឿយៗចំពោះសកម្មភាពមនុស្សធម៌របស់កូរ៉េខាងត្បូង ដែលអាចដើរផ្ទុយគ្នាពីជំហររបស់អន្តរជាតិ។ ពួកគេបារម្ភថា ជំនួយទាំងនេះអាចត្រូវបានប្រើប្រាស់ខុសគោលដៅ និងមិនបានដល់ប្រជាជនរងគ្រោះឡើយ។ នេះក៏ដោយសារតែកន្លងមក គេឃើញមានរបាយការណ៍ជាច្រើនបង្ហាញថា ក្រុងព្យុងយ៉ាងយកជំនួយអន្តរជាតិទៅប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរទៅវិញ ដោយទុកឲ្យប្រជាជនរងគ្រោះដដែល។
សូមបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងភាគច្រើនរស់នៅក្នុងភាពក្រីក្រ និងមិនទទួលបានការថែទាំត្រឹមត្រូវពីរដ្ឋាភិបាលឡើយ ព្រោះថវិកាជាតិស្ទើរទាំងស្រុងត្រូវបង្វែរទៅឲ្យវិស័យការពារជាតិ និងមហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរទៅវិញ។ ពេលមានគ្រោះទុរ្ភិក្សម្ដងៗ រដ្ឋាភិបាលប្រទេសនេះតែងតែប្រកាសសុំជំនួយពីអន្តរជាតិរហូត ហើយកូរ៉េខាងត្បូងនេះហើយដែលចេញមុខបញ្ជូនជំនួយច្រើនជាងគេផងដែរ៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
ជប៉ុន
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com