កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រទស្សនា World Cup នៅរុស្ស៊ីមានតម្លៃចាប់ពី១០៥ ទៅ ១១០០ដុល្លារ 15, Sep 2017 , 5:59 pm
× សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ីចាប់ដាក់លក់ហើយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ក្នុងតម្លៃទាបបំផុត ១០៥ ដុល្លារ និងថ្លៃបំផុត ១១០០ដុល្លារ។ នេះបើតាមការផ្សាយរបស់ Telegraph។
រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ដែលចាប់ផ្ដើមពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំក្រោយ។ អ្នកគាំទ្រទាំងអស់ដែលចង់ទៅទស្សនាការប្រកួតដោយផ្ទាល់អាចដាក់ពាក្យសុំទិញសំបុត្រតាមរយៈគេហទំព័រផ្លូវការរបស់ FIFA ពីពេលនេះតទៅ។
តម្លៃសំបុត្រមានចាប់ពី ១០៥ដុល្លារសម្រាប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុតាមពូល រហូតដល់ ១១០០ដុល្លារ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងម៉ូស្គូ។
សំបុត្រដែលមានតម្លៃថ្លៃជាងគេរហូតដល់ ១១០០ដុល្លារសម្រាប់ការប្រកួត World Cup នៅរុស្ស៊ីនេះ គឺថ្លៃជាងតម្លៃសំបុត្រនៅវគ្គផ្តាច់ព្រ័ត្រនៅប្រេស៊ីលកាលពីឆ្នាំ២០១៤ រហូតដល់ទៅ ២០០ដុល្លារឯណោះ។
តម្លៃសំបុត្រចែកចេញជា៤ប្រភេទ ដែលប្រភេទទី១ជាកន្លែងល្អ និងថ្លៃជាងគេ ហើយប្រភេទទី៤ជាកៅអីពិសេសនិងមានតម្លៃថោកជាងគេក្នុងព្រឹត្តិការណ៍នេះសម្រាប់តែអ្នកគាំទ្ររបស់ម្ចាស់ផ្ទះរុស្ស៊ីប៉ុណ្ណោះ ដែលមានតម្លៃចាប់ពី២៣ដុល្លារ រហូតដល់ ១២៣ដុល្លារ។
សូមបញ្ជាក់ថា បើទោះជាសំបុត្រចាប់ផ្តើមលក់ជាបណ្តើរៗហើយក្តី តែក្រុមមួយចំនួននៅមិនទាន់ដឹងច្បាស់ថា បានកៅអីឆ្ពោះទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ីឆ្នាំក្រោយនៅឡើយនោះទេ។ ដោយឡែក ក្រុមដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះរួចស្រេចហើយ រួមមាន ប្រេស៊ីល ម៉ិកស៊ិក អ៊ីរ៉ង់ បែលហ្ស៊ិក ជប៉ុន កូរ៉េខាងត្បូង អារ៉ាបីសាអូឌីត និងម្ចាស់ផ្ទះរុស្ស៊ី៕
Tag:
បាល់ទាត់
World Cup
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com