អន្តរជាតិ
តារា​បង្ហាញ​ម៉ូដ​រុស្ស៊ី​ដែលមាន​ជើង​ប្រវែង​ជាង​១​ម៉ែត្រ បាន​ជាប់​កំណត់ត្រា​ពិភពលោក​
16, Sep 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​តារា​បង្ហាញ​ម៉ូដ​រុស្ស៊ី Ekaterina Lisina បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records ក្នុងនាម​ជា​ស្ត្រី​ដែលមាន​ជើងវែង​ជាងគេ​។ ស្រី​ស្អាត​វ័យ​២៩​ឆ្នាំ​រូបនេះ មាន​ជើង​ប្រវែង​ជាង​១​ម៉ែត្រ និង​កម្ពស់​សរុប​ជាង​២​ម៉ែត្រ​។​


Guinness World Records បាន​បញ្ចូល​ឈ្មោះ​នាង Ekaterina Lisina សម្រាប់​ការចេញផ្សាយ​នៅ​ឆ្នាំ​២០១៨ (#GWR2018) ខាងមុខ ក្នុងនាម​ជាតា​រា​បង្ហាញ​ម៉ូត​ដែល​ជើងវែង​ជាងគេ និង​កម្ពស់​ខ្ពស់​ជាងគេ (Longest Legs and Tallest Model) ។​

​តារា​បង្ហាញ​ម៉ូដ​រុស្ស៊ី និង​ជា​អតីត​កីឡាការិនី​បាល់បោះ​ឈុត​អូឡាំពិក​ផងដែរ​នោះ មាន​ជើងឆ្វេង​ប្រវែង ១៣២.៨​សង់ទីម៉ែត្រ និង​ជើង​ស្តាំ​១៣២.២​សង់ទីម៉ែត្រ និង​មាន​កម្ពស់​សរុប ២០៥.១៦​សង់ទីម៉ែត្រ ពោលគឺ​ជាង​២​ម៉ែត្រ​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ Guinness World Records នាង Lisina បាន​លើកឡើងថា នាង​តែងតែ​ទទួលបាន​នូវ​ការ​បង្អាប់​ជាច្រើន​ទាក់ទង​នឹង​កម្ពស់​ដ៏​ខ្ពស់​របស់ខ្លួន ប៉ុន្តែ​នាង​ចង់​ផ្តល់​គំរូ​ដែល​ក្មេងស្រី​ទូទៅ​ដែល​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួន​។​


Lisina ទទួលស្គាល់ថា នាង​ពិតជា​មានការ​ពិបាក​ក្នុង​ស្វែងរក​សម្លៀកបំពាក់​នៅលើ​ទីផ្សារ​ដែល​សម​នឹង​រូបរាង​ខ្លួន រួមទាំង​មានការ​ពិបាក​អង្គុយ​ទាំង​ក្នុង​យន្តហោះ និង​រថយន្ត​។ ជាមួយគ្នានេះ នាង​ត្រូវ​ពាក់​ស្បែកជើង​លេខ​៤៧ ដែល​ពិបាក​រក​ខ្លាំងណាស់​សម្រាប់​មនុស្ស​ស្រី​។​

​ទោះបីជា​យ៉ាងណា កម្ពស់​ដ៏​វែង​របស់ Lisina ក៏បាន​នាំ​ជីវិត​នាង​ឲ្យ​ជោគជ័យ​ផងដែរ​។ នា​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០០៨ នាង​បាន​ជួយ​ឲ្យ​បាល់បោះ​នារី​ជម្រើសជាតិ​រុស្ស៊ី ទទួលបាន​មេដាយ​សំរឹទ្ធ​។ ប៉ុន្តែ​១​ឆ្នាំ​ចុង​ក្រោយនេះ នាង​សុខចិត្ត​បោះបង់​កីឡា ហើយ​ប្តូរ​អាជីព​ទៅជា​អ្នក​បង្ហាញ​ម៉ូដ​ដែលជា​ក្តី​សុបិន​ពី​ក្មេង​របស់ខ្លួន​។​

Lisina បាន​បំបាក់​កំណត់ត្រា​មិត្ត​រួម​ជាតិ​ខ្លួន​ក្នុងនាម​ជា​ស្ត្រី​ដែលមាន​ជើងវែង​ជាងគេ​លើ​លោក​។ ម្ចាស់​កំណត់ត្រា​ចាស់ គឺ​នាង Svetlana Pankratova មាន​ជើង​ប្រវែង ១៣២​សង់ទីម៉ែត្រ ពោលគឺ​ខ្លី​ជាង Lisina តែ​បន្តិច​ប៉ុណ្ណោះ​៕






Tag:
 តារា​បង្ហាញ​ម៉ូដ​
  Guinness World Records
© រក្សាសិទ្ធិដោយ thmeythmey.com