កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ថាស្រលាញ់ Kane ពេកដល់ថ្នាក់ប្រពន្ធប្រចណ្ឌ 27, Sep 2017 , 2:42 pm
× Mauricio Pochettino អ្នកចាត់ការទូទៅក្រុម Tottenham Hotspur បានសារភាពថាលោកស្រឡាញ់ Harry Kane ខ្លាំងពេកដល់ថ្នាក់ប្រពន្ធច្រណែន និងប្រចណ្ឌទៀតផង ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនេះអាចស៊ុតបញ្ចូលទី៣គ្រាប់ (Hat-trick) ជួយក្រុមយកជ័យជម្នះលើ Apoel Nicosia ៣-០ ពាន UEFA Champions League។
«ពេលនេះប្រពន្ធខ្ញុំកំពុងប្រចណ្ឌខ្លាំងណាស់ ហើយប្រពន្ធរបស់ Kane ក៏អ៊ីចឹងដែរ។ ទេខ្ញុំគិតថាវាមិនគួរឲ្យជឿ។ អ្នកដឹងទេថានោះគឺមកពី Harry Kane»។ នេះជាសម្តីរបស់ Pochettino ដែលបាននិយាយដោយស្នាមញញឹម ហើយបន្ថែមថា៖« Kane មានជំនាញមិនគួរឲ្យជឿនៅពេលគាត់នៅពីមុខបង្គោលទីដើម្បីសម្រេចគ្រាប់បាល់។ គាត់មានអ្វីពិសេស។ នោះហើយជាមូលហេតុដែលគាត់គឺជាខ្សែប្រយុទ្ធម្នាក់ល្អបំផុត»។
បើតាមការចុះផ្សាយរបស់ DailyMail អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៥ឆ្នាំ សារភាពថាលោកពិតជាស្រឡាញ់ Kane ខ្លាំងណាស់បន្ទាប់ពីរូបគេអាចស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ក្នុងរយៈពេលចុងក្រោយ ពោលគឺតាំងពីរកបាន២គ្រាប់នាជំនួបក្នុងលីកជាមួយ West Ham និងធ្វើបានហ៊េតទ្រីកលើកនេះទៀត។
៣គ្រាប់ដ៏អស្ចារ្យរបស់ Kane ទល់នឹងក្រុម Apoel ធ្វើបានដោយជើងឆ្វេង ស្តាំ និងក្បាលរបស់គេគឺបានក្លាយជាកីឡាករដំបូងបំផុតរបស់ Spurs ដែលអាចធ្វើបាននៅក្នុងក្របខណ្ឌ Champions League។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ២៤ឆ្នាំនេះអាចរកបាន១១គ្រាប់ហើយ ក្នុងការប្រកួត៧លើកចុងក្រោយសម្រាប់ក្រុម និងជម្រើសជាតិនៅឆ្នាំ២០១៧នេះ។ លើសពីនេះទៀត ម្ចាស់ស្បែកជើងមាសនៅ Premier League រដូវកាលមុន ក៏បានក្លាយជាកីឡាកររបស់អង់គ្លេសទី ៧ ផងដែរដែលអាចធ្វើបាន Hat-trick ក្នុងពានរង្វាន់ Champions League បន្ទាប់ពី Andy Cole, Mike Newell, Michael Owen, Wayne Rooney, Alan Shearer និង Danny Welbeck ធ្វើបានរួចមកហើយ៕
Tag:
បាល់ទាត់
Mauricio Pochettino
Harry Kane
Tottenham
© រក្សាសិទ្ធិដោយ thmeythmey.com