កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ និងឥណ្ឌូណេស៊ី ចង់រួមដៃគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ 29, Sep 2017 , 8:59 am
× ថៃ និងឥណ្ឌូណេស៊ីគ្រោងចាប់ដៃគ្នាប្រជែងធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។ នេះបើតាមការផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍។
លោក Somyot Poompunmuang ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) និងសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានបញ្ជាក់កាលពីថ្ងៃពុធទី២៧ ខែកញ្ញានេះ ថាចង់ស្នើរដាក់ដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។ សំណើរនេះក៏បានទទួលការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ផងដែរ។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AFF នៅកោះបាលីកាលពីសប្តាហ៍មុន អគ្គលេខាធិការ AFF លោក Dato 'Sri Azzuddin Ahmad បាននិយាយថា៖«ទាំង PSSI និង FAT មានការគាំទ្រពីរដ្ឋាភិបាលរៀងៗខ្លួនហើយដូច្នេះយើង [AFF] គឺគាំទ្រពេញទំហឹងសម្រាប់ការចូលរួមដេញថ្លៃនេះ»។
បន្ថែមពីលើនេះ លោក Somyot ក៏បានលើកឡើងដែរថា៖«វាជាការពិតដែលយើងកំពុងពិចារណាដេញថ្លៃរួមគ្នាដើម្បីរៀបចំការប្រកួត World Cup ឆ្នាំ ២០៣៤ ជាមួយខាងភាគីឥណ្ឌូណេស៊ី។ ទោះបីស្តង់ដារនៃកីឡដ្ឋានបាល់ទាត់នៅក្នុងប្រទេសថៃមិនអាចប្រៀបធៀបជាមួយប្រទេសឥណ្ឌូនេស៊ីបានក៏ដោយ តែខ្ញុំជឿជាក់ថានៅពេលយើងដេញថ្លៃជាផ្លូវការយើងនឹងទទួលបានថវិកា [ពីរដ្ឋាភិបាល] ដើម្បីសាងសង់កីឡដ្ឋានដែលបំពេញតាមបទដ្ឋានរបស់ FIFA បាន»។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ World Cup ធ្លាប់ប្រារព្ធធ្វើក្នុងប្រទេសនៅអាស៊ីតែម្តងប៉ុណ្ណោះ ពោលគឺក្នុងឆ្នាំ ២០០២ ដែលរៀបចំរួមគ្នាដោយជប៉ុន និងកូរ៉េខាងត្បូង។
ទោះជាយ៉ាងណាក៏ដោយ FIFA មិនសប្បាយចិត្តជាមួយនឹងការប្រកួតដែលធ្វើឡើងនៅជប៉ុន និងកូរ៉េខាងត្បូងកាលពីឆ្នាំ ២០០២នោះទេ ដ្បិតមានបញ្ហាច្រើននាការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដូចជាបញ្ហាដឹកជញ្ជូនជាដើម៕
Tag:
បាល់ទាត់
ថៃ
ឥណ្ឌូណេស៊ី
FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com