កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp ស្ថិតក្នុងបញ្ជីបេក្ខភាពជំនួសតំណែងលោក Ancelotti នៅ Bayern 29, Sep 2017 , 10:28 am
× លោក Carlo Ancelotti ត្រូវបាន Bayern Munich បញ្ឈប់ពីតំណែងជាអ្នកចាត់ការទូទៅបន្ទាប់ពីដឹកនាំក្រុមចាញ់ Paris Saint Germain ៣-០ នាការប្រកួតពានរង្វាន់ UEFA Champion League កាលពីរាត្រីថ្ងៃអង្គារកន្លងទៅ។ ក្រោយដកតំណែងនេះ ម្ចាស់ជើងឯក Bundesliga បានដាក់គោលដៅលើអ្នកចាត់ការពីររូបគឺលោក Thomas Tuchel និង Jurgen Klopp ដើម្បីមកដឹកនាំក្រុម។
Foxsports បានចុះផ្សាយថា ក្រោយរងបរាជ័យធ្ងន់ធ្ងរក្នុងក្របខណ្ឌ Champions League រហូត ៣ទល់នឹង០ ក្រោមថ្វីជើងរបស់ Paris St-Germain ក្រុមប្រឹក្សាភិបាលក្លិប Bayern Munich បានសម្រេចចិត្តដកតំណែងអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ដែលបានជំនួសតំណែងលោក Pep Guardiola នៅដើមរដូវកាលមុន។
Ancelotti មានវ័យ ៥៨ ឆ្នាំធ្លាប់ជួយឲ្យ Bayern ឈ្នះពានរង្វាន់ Bundesliga ប៉ុន្តែអតីតអ្នកចាត់ការ Chelsea, Real Madrid រូបនេះ ដឹកនាំក្រុមបានត្រឹមវគ្គ៨ក្រុមចុងក្រោយពាន Champions League និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ប៉ុណ្ណោះកាលពីរដូវកាលមុន។
ក្លិបយក្សរបស់អាល្លឺម៉ង់មួយនេះ កំពុងចាប់អារម្មណ៍អ្នកចាត់ការរបស់ Liverpool បច្ចុប្បន្នគឺលោក Jurgen Klopp និងអតីតអ្នកចាត់ការ Borussia Dortmund លោក Thomas Tuchel មកដឹកនាំក្រុមផងដែរ។ ចំណែកបច្ចុប្បន្ន គ្រូជំនួយលោក Willy Sagnol ត្រូវទទួលបន្ទុកភារកិច្ចដឹកនាំក្រុមនេះបណ្ដោះអាសន្ន៕
Tag:
បាល់ទាត់
Jurgen Klopp
Carlo Ancelotti
Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com