Manchester United ជាក្លិបកីឡាបាល់ទាត់ដែលមានតម្លៃថ្លៃជាងគេលើលើកនាពេលបច្ចុប្បន្ននេះ ពោលគឺមានតម្លៃរហូតដល់ទៅជាង៣ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែបើគិតទាំងក្លិបកីឡាផ្សេងទៀតនៅជុំវិញពិភពលោកវិញ ក្លិបដែលមានរហស្សនាមបិសាចក្រហមនេះ ស្ថិតនៅចំណាត់ថ្នាក់ទី៣ប៉ុណ្ណោះ ខណៈក្លិបកីឡាដែលថ្លៃជាងគេបំផុតលើលោកគឺក្លិបបាល់អោប Dallas Cowboys នៅសហរដ្ឋអាមេរិកឯណោះទេ។
ទស្សនាវដ្តី Forbes បានសិក្សាស្រាវជ្រាវចុងក្រោយបំផុត ដោយបង្ហាញពីតម្លៃរបស់ក្លិបកីឡាចំនួន១០ដែលមានតម្លៃថ្លៃជាងគេលើលោកប្រចាំឆ្នាំ២០១៧នេះ។
ក្នុងចំណោមក្លិបទាំង១០ខាងលើ មានក្លិបបាល់ទាត់ល្បីឈ្មោះនៅអឺរ៉ុបចំនួន៣ ដែលស្ថិតនៅក្នុងបញ្ចីនេះដែរ រួមមាន Manchester United, Barcelona និង Real Madrid។
Forbes នឹងបង្ហាញពីតម្លៃរបស់ក្លិបកីឡាទាំង១០ដែលមានតម្លៃថ្លៃដូចខាងក្រោម៖
១. ក្លិបកីឡាបាល់អោប Dallas Cowboys មានតម្លៃ ៤.២០ពាន់លានដុល្លារ ដែលមានម្ចាស់ជាអ្នកជំនួញអាមេរិក លោក Jerry Jones។
២. ក្លិបកីឡាប៊េសប៊ល (Baseball) New York Yankees មានតម្លៃ ៣.៧០ពាន់លានដុល្លារ ដែលកាន់កាប់ដោយគ្រួសាររបស់អ្នកជំនួញ Steinbrenner។
៣. ក្លិបបាល់ទាត់ Manchester United មានតម្លៃ ៣.៦៩ពាន់លានដុល្លារ ដែលគ្រួសាររបស់ត្រកូល Glazer ជាអ្នកកាន់កាប់។
៤. ក្លិបបាល់ទាត់ Barcelona មានតម្លៃ ៣.៦៤ពាន់លានដុល្លារ កាន់កាន់ដោយម្ចាស់ភាគហ៊ុនច្រើន។
៥. ក្លិបបាល់ទាត់ Real Mardrid មានតម្លៃ ៣.៦៤ពាន់លានដុល្លារ កាន់កាន់ដោយម្ចាស់ភាគហ៊ុនច្រើន។
៦. ក្លិបបាល់អោប New England Patriots
មានតម្លៃ ៣.៤០ពាន់លានដុល្លារ ដែលមានម្ចាស់ជាអ្នកជំនួញអាមេរិកលោក Robert Kraft
៧. ក្លិបបាល់បោះ New York Knicks នៃក្របខណ្ឌ NBA មានតម្លៃ ៣.៣០ពាន់លានដុល្លារ ដែលកាន់កាប់ដោយក្រុមហ៊ុនរបស់អាមេរិក Madison Square Garden Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
៨. ក្លិបកីឡាបាល់អោប New York Giants
មានតម្លៃ ៣.១០ពាន់លានដុល្លារ កាន់កាប់ដោយអ្នកជំនួញអាមេរិកពីររូបគឺលោក Steven Tisch និង John Mara។
៩. ក្លិបបាល់អោប San Francisco 49ers
មានតម្លៃ ៣ពាន់លានដុល្លារ ដែលមានអ្នកជំនួញស្ត្រីជនជាតិអាមេរិកអ្នកស្រី Denise DeBartolo York ជាម្ចាស់។
១០. ក្លិបបាល់បោះ Los Angeles Lakers នៃក្របខណ្ឌ NBA មានតម្លៃ ៣ពាន់លានដុល្លារ ដែលកាន់កាប់ដោយលោក Philip Anschutz អ្នកជំនួញជនជាតិអាមេរិក និងគ្រួសារ Jerry Buss៕