ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បាននិយាយថាពួកគេបានសម្រេចចិត្តប្រកួតជាមួយ Las Palmas ក្នុងក្របខណ្ឌ La Liga ដោយគ្មានអ្នកគាំទ្រកាលពីយប់ថ្ងៃអាទិត្យទី១ ខែតុលា គឺដើម្បីបញ្ជៀសអំពើហិង្សារបស់ប៉ូលីសមកលើក្រុមអ្នកប្រឆាំងទៅនឹងការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិទាមទារឯករាជ្យរបស់តំបន់ស្វយ័ត Catalonia ចេញពីប្រទេសអេស្ប៉ាញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាការប្រកួតសប្តាហ៍ទី៧ និងជាជ័យជម្នះទាំង៧លើកផងដែររបស់ក្រុមរហស្សនាមអ្នកមានបុណ្យ ក្រោយយកឈ្នះ Las Palmas ៣-០ ក្នុងលីកកំពូលអេស្ប៉ាញ។ ប៉ុន្តែការប្រកួតលើកនេះគ្មានអ្នកគាំទ្រសូម្បីតែម្នាក់នៅក្នុងទឹកដី Nou Camp ដោយសារវិបត្តិនយោបាយក្នុងប្រទេសនេះ។
ជុំវិញការបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញ មានមនុស្សច្រើនជាង ៧៦០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសនិងប្រជាជន ដែលរដ្ឋាភិបាលទីក្រុងម៉ាដ្រីតបានប្រកាសថាជាទង្វើខុសច្បាប់ និងបណ្តាលឲ្យការប្រកួតរវាង Barcelona និង Las Palmas ត្រូវធ្វើឡើងដោយគ្មានអ្នកចូលទស្សនាដែរ។
តាមពិតនៅមុនការប្រកួត Barcelona បានព្យាយាមសុំពន្យារពេលប្រកួតដែរដើម្បីកុំឲ្យមានអំពើហិង្សាកើតឡើងនៅទីនេះ ប៉ុន្តែយ៉ាងណាប្រធាន La Liga ថាគ្មានហេតុផលដើម្បីធ្វើដូច្នេះនោះទេ ដោយផ្តល់ជម្រើសពីរគឺ បោះបង់ការប្រកួតបានន័យថាចាញ់ដោយស្វ័យប្រវត្តិ និងលេងដោយគ្នានអ្នកគាំទ្រ។ ក្រុមដែលកំពុងឈរកំពូលតារាង La Liga បានសម្រេចយកជម្រើសទី២។