អន្តរជាតិ
គីម ជុង​អ៊ុន តែងតាំង​ប្អូនស្រី​ខ្លួន​ឲ្យ​ធ្វើការ​ក្នុង​«​ការិយាល័យ​នយោបាយ​»​ដើម្បី​ពង្រឹង​អំណាច​
09, Oct 2017 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
​លោក គីម ជុង​អ៊ុន បានសម្រេច​តែងតាំង​ប្អូនស្រី​របស់ខ្លួន គីម យូ​ចុង  (Kim Yo-jong)​ជា​សមាជិក​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៃ​បក្ស​ពលករ​កូរ៉េខាងជើង​ចុង​សប្តាហ៍​កន្លងទៅ​។ ការសម្រេច​ដាក់​ប្អូនស្រី​ខ្លួន​កៀក​នឹង​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​បែបនេះ​ជា​ជំហាន​មួយ​ក្នុងការ​ពង្រឹង និង​ក្តោប​ក្តាប់​អំណាច​នៃ​ក្រុមគ្រួសារ​ត្រកូល​គីម​នេះដែរ​។​


​អ្នកស្រី គីម យូ​ចុង វ័យ ៣០​ឆ្នាំ​ជា​ប្អូនស្រី​បង្កើត​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ត្រូវបានតែងតាំង​ឲ្យ​ក្លាយជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង​កាលពី​ចុង​សប្តាហ៍​មុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក Washington Post​។

​ការសម្រេច​តែងតាំង​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការមកដល់​នៃ​ពិធី​ខួប​លើក​ទី ៧២ នៃ​ការបង្កើត​គណបក្ស​ពលករ​ដែល​កើតចេញពី​ក្រុមគ្រួសារ​ត្រកូល​គីម​នោះ​។ អ្នកវិភាគ​ស្ថានការណ៍​បាន​វាយតម្លៃថា ការសម្រេច​តែងតាំង​ប្អូនស្រី​បង្កើត​របស់ខ្លួន​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល និង​កៀក​ក្បាលម៉ាស៊ីន​ដឹកនាំ​នេះ​ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​គ្រប់គ្រង​រដ្ឋ​រប​ស់​គ្រួសារ​ត្រកូល​គីម​នេះ​ផង​។​

​អ្នកស្រី គីម យូ​ចុង ចេញមុខ​ចេញ​មាត់ច្រើន​ក្នុង​បរិបទ​នយោបាយ​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ លោកស្រី​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការផ្ទេ​អំណាច​មក​លោក គីម ជុង​អ៊ុន បន្ទាប់ពី​ការស្លាប់​របស់លោក គីម ជុង អ៊ី​ល ជា​ឪពុក​របស់ខ្លួន​ផង​។ ក្នុង​ឆ្នាំ ២០១៤ លោកស្រី​បានក្លាយ​ជា​អនុប្រធាននាយកដ្ឋាន​ឃោសនាការ​នៃ​បក្ស​ពលករ​ផងដែរ​។

​ដោយឡែក មកដល់​ពេលបច្ចុប្បន្ន​នេះ​គេ​បារម្ភ​ថា នៅក្នុង​ពិធី​រម្លឹក​ខួប​នៃ​ការបង្កើត​គណបក្ស​ពលករ​នៅ​ថ្ងៃ​អង្គារ ទី ១០ ខែតុលា កូរ៉េខាងជើង​នឹង​ចាប់ផ្តើម​បង្ករឿង​ដោយ​បាញ់​បង្ហោះ​មី​ស៊ី​ល​ទៀតផង​។ ជាធម្មតា​កូរ៉េខាងជើង​តែ​បាញ់​សាកល្បង​អាវុធ​របស់ខ្លួន​នៅពេលដែល​មានកម្ម​វិធី​ធំៗ ដូចជា​ខួបកំណើត​បក្ស​និង​មេដឹកនាំ​ជាដើម​ផងដែរ​។​

​នៅ​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ  បាន​ព្រមាន​កូរ៉េខាងជើង​ជាថ្មី​ម្តងទៀត​តាមរយៈ​សារ​បង្ហោះ​តាម​គណនី Twitter របស់ខ្លួន​។ លោក​សង្កត់ធ្ងន់ថា ការប្រើប្រាស់​ការចរចា​ការទូត និង​ព្រមព្រៀងគ្នា​ជាមួយ​កូរ៉េខាងជើង​មិនបាន​បង្កើត​អ្វី​ជា​ផ្លែផ្កា​សោះ ហើយ​វា​មាន​វិធី​តែមួយគត់​ដែល​អាច​ដោះស្រាយបាន​។ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​មិនបាន​បកស្រាយ​ឲ្យ​អស់​សង្ស័យ​ឡើយ​ថា តើ​វិធី​តែមួយគត់​នោះ​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​។

​ដល់​ថ្ងៃអាទិត្យ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏បាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ថា កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​ដើម្បី​ការពារ​អធិបតេយ្យ និង​ជោគវាសនា​របស់​កូរ៉េខាងជើង​ដើម្បី​ទប់​ទល់នឹង​ក្រុម​ចក្រ​ព័​ត្ត​អាមេរិក​ផង​។​

Tag:
 គីម ជុង​អ៊ុន​
  គីម យូ​ចុង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com