កីឡាអន្តរជាតិ
អន្តរជាតិ
ព្យុងឆាង៖ អត្តពលិករុស្ស៊ីដែលមានផ្ទុកសារធាតុហាមឃាត់ ត្រូវដកហូតមេដាយវិញ 22, Feb 2018 , 3:18 pm
× អត្តពលិករុស្ស៊ី Alexander Krushelnitsky ដែលបានឈ្នះមេដាយសំរិទ្ធក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្រុងព្យុងឆាង (Pyeong Chang 2018) ប្រទេសកូរ៉េខាងត្បូង ត្រូវបានដកហូតមេដាយវិញ ក្រោយធ្វើតេស្តរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសហព័ន្ធកីឡា Curling រុស្ស៊ី។
កីឡាករ Alexander Krushelnytsky ដែលបានប្រកួតប្រជែងលើវិញ្ញាសារ Curling ជាគូជាមួយប្រពន្ធខ្លួននាង Anastasia Bryzgalova គឺជាអត្តពលិករុស្ស៊ីដំបូងបង្អស់ដែលត្រូវបានស៊ើបអង្កេតរកឃើញថាមានផ្ទុកសារធាតុហាមឃាត់ Meldonium នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០១៨នេះ។
ក្រោយការពនិត្យលើកទី២ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថា Krushelnytsky ពិតជាបានប្រើសារធាតុហាមឃាត់ Meldonium ដែលជាថ្នាំបេះដូងដើម្បីបង្កើនលំហូរឈាម និងសមត្ថភាពលំហាត់ប្រាណនោះ គណៈកម្មកាអូឡាំពិកបានសម្រេចដកហូតយកមេដាយដែលប្តីប្រពន្ធទាំងពីរប្រជែងឈ្នះត្រឡប់ទៅវិញ។
Krushelnytsky ជាអត្តពលិកទី២ហើយដែលជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុប៉ូវកំលាំង បន្ទាប់ពីកីឡាករប្រណាំងស្គីលើទឹកកក (short-track speed skater) របស់ជប៉ុន Kei Saito ត្រូវបានអាជ្ញាធរត្រួតពិនិត្យរកឃើញថារូបគេបានប្រើថ្នាំបញ្ចុះទឹកនោម Acetalozamide ហើយត្រូវក្រុមភ្នាក់ងារហាមឃាត់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី២៣នេះតែម្តង។
សូមបញ្ជាក់ថា តុលាការមជ្ឈត្តកម្មកីឡា (CAS) ដាក់ពិន័យអត្តពលិករុស្ស៊ីចំនួន៤៣នាក់ពីបទប្រើប្រាស់សារធាតុហាមឃាត់ (Doping) របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ ក្រោយការប្តឹងឧទ្ធរណ៍ CAS បានលុបចោលការសម្រេចចិត្តរបស់ខ្លួនលើអត្តពលិកចំនួន២៨នាក់ ប៉ុន្តែពួកគេមិនមានសិទ្ធិប្រើប្រាស់ទង់ជាតិរបស់រុស្ស៊ីឡើយ។ អត្តពលិកទាំងនោះ ត្រូវបានហៅថាជា អត្តពលិកអូឡាំពិកពីរុស្ស៊ី (Olympic Athlete from Russia/OAR) ដែលជំនួសឲ្យការហៅថា អត្តពលិកជម្រើសជាតិរុស្ស៊ី។
ពេលទទួលបានមេដាយ ឬការអបអរផ្សេងៗ ពួកគេត្រូវប្រើទង់អូឡាំពិកជំនួសទង់ជាតិរុស្ស៊ី។ គិតត្រឹមការប្រកួតបាន៩ថ្ងៃ អត្តពលិក OAR ដណ្តើមបានមេដាយប្រាក់៣ និងសំរឹទ្ធ៨៕
Tag:
កីឡាអូឡាំពិក
Curling
Alexander Krushelnitsky
© រក្សាសិទ្ធិដោយ thmeythmey.com