កីឡាអន្តរជាតិ
អន្តរជាតិ
អតីតខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិអេស្ប៉ាញ ស្លាប់ក្នុងអាយុ ៦៨ឆ្នាំ 28, Feb 2018 , 4:15 pm
![](https://image.thmeythmey.com/pictures/2018/02/28/thumb2/28220181619front.jpg)
×![]()
អតីតខ្សែប្រយុទ្ធ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញលោក Enrique Castro ហៅ Quini បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ ដោយសារជំងឺគាំងបេះដូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Quini ជាអតីតខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ ជាមួយនឹងកំណត់ត្រាស៊ុតបាល់បញ្ចូលទី ២៣១ នៅក្នុងលីកនាការបង្ហាញខ្លួន ៤៤៣ ប្រកួតសម្រាប់ Sporting Gijon និង ៥៤គ្រាប់សម្រាប់ការបង្ហាញខ្លួន១០០ប្រកួតឲ្យ Barcelona។
បើតាមព័ត៌មានចុះផ្សាយក្នុងស្រុក Enrique Castro បានគាំងបេះដូងហើយស្លាប់ភ្លាមៗនៅផ្ទះរបស់លោកផ្ទាល់នៅឯទីក្រុង Gijon ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារទី ២៧ ខែកុម្ភៈ។
![](https://image.thmeythmey.com/pictures/2018/02/28/thumb2/inside-barca.jpg)
លោក Castro ធ្លាប់ឈ្នះពានរង្វាន់ Pichichi Trophy ជាពានសម្រាប់ផ្តល់ឲ្យអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌ La Liga ចំនួន៥ដង ចន្លោះឆ្នាំ ១៩៧៤ និង ១៩៨២ ដែលច្រើនជាង Cristiano Ronaldo និង Lionel Messi ទៅទៀត។ សម្រាប់ក្រុមជម្រើសជាតិឲ្យអេស្ប៉ាញ លោកបានបង្ហាញខ្លួន ៣៥ប្រកួត និងស៊ុតបញ្ចូលទី៨គ្រាប់ និងលេងក្នុងពានរង្វាន់ World Cup ឆ្នាំ ១៩៧៨ និង១៩៨២ផង។
នៅក្នុងឆ្នាំ១៩៨១ លោកធ្លាប់ត្រូវបានគេចាប់ជំរិតម្តងដែរ បន្ទាប់ពីជ័យជម្នះ ៦-០ ក្នុងការប្រកួតរវាង Barcelona ទល់នឹង Hercules ដែលលោកបានស៊ុតបញ្ចូលទី២គ្រាប់។
![](https://image.thmeythmey.com/pictures/2018/02/28/thumb2/nint.jpg)
កាលនោះ Quini កំពុងធ្វើដំណើរទៅព្រលានយន្តហោះដើម្បីជួបប្រពន្ធនិងកូនៗ របស់លោកប៉ុន្តែគាត់មិនបានត្រលប់មកវិញទេ ហើយត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅថ្ងៃបន្ទាប់នោះតែម្តង។ លោកត្រូវបានគេឃុំខ្លួនអស់រយៈពេល ២៥ ថ្ងៃក្រោយការដោះលេង ប៉ុន្តែលោកនៅតែបន្តរកគ្រាប់បាល់ច្រើនជាងគេនៅ La Liga ក្នុងរដូវកាលនេះដដែល៕
Tag:
បាល់ទាត់
Barcelona
Enrique Castro
© រក្សាសិទ្ធិដោយ thmeythmey.com