កីឡាអន្តរជាតិ
អន្តរជាតិ
លោក Graham Arnold នឹងដឹកនាំជម្រើសជាតិអូស្ត្រាលីរហូតដល់ចប់ World Cup 09, Mar 2018 , 5:39 pm
លោក Graham Arnold នឹងកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី នៅក្រោយពេលបញ្ចប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨។ រូបថត AFP
× លោក Graham Arnold នឹងកាន់តំណែងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី នៅក្រោយពេលបញ្ចប់ការប្រកួត FIFA World Cup ឆ្នាំ២០១៨។ បច្ចុប្បន្នអ្នកចាត់ការសញ្ជាតិហូឡង់ Bert van Marwijk ជាអ្នកដឹកនាំក្រុមរហស្សនាម Socceroos បណ្តោះអាសន្នរហូតដល់បញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរុស្ស៊ី។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា អ្នកចាត់ការទូទៅក្រុម Sydney FC លោក Graham Arnold គឺជាបេក្ខជនដ៏សំខាន់ម្នាក់ក្នុងការជំនួសតំណែងលោក Ange Postecoglou ដែលបានលាឈប់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីនាំជម្រើសជាតិអូស្ត្រាលី បានកៅអីទៅរុស្ស៊ីឆ្នាំ ២០១៨ ក្រោយផ្តួលហុងឌូរ៉ាសក្នុងការប្រកួតវគ្គ Play-off។
«Arnold ជាមនុស្សច្បាស់លាស់ និងល្អបំផុតសម្រាប់ការងារនេះ»។ នេះជាការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់អូស្ត្រាលីលោក Steven Lowy ជាមួយនឹងការប្រកាសលើកិច្ចសន្យារយៈពេលបួ៤ឆ្នាំ ដល់អ្នកចាត់ការសញ្ជាតិអូស្ត្រាលី វ័យ ៥៤ឆ្នាំដើម្បីឡើងដឹកនាំគិតចាប់ពីក្រោយបញ្ចប់ World Cup។
អតីតអ្នកចាត់ការក្រុម Central Coast Mariners នេះមានបទពិសោធន៍កម្រិតអន្តរជាតិ ដោយធ្លាប់ធ្វើជាជំនួយការលោក Frank Farina កាលពីនៅដឹកនាំអូស្ត្រាលីចន្លោះឆ្នាំ ២០០០- ២០០៥ បន្ទាប់មកជាមួយលោក Guus Hiddink និង Pim Verbeek។
រហូតដល់ឆ្នាំ ២០១៤ Arnold បានឡើងដឹកនាំក្រុម Sydney FC និងជួយក្រុមនេះឈ្នះជើងឯកលីកកំពូលអូស្ត្រាលី A-League កាលពីរដូវកាលមុខទៀតផង។
សូមបញ្ជាក់ថា អូស្ត្រាលីជាក្រុមមកពីទ្វីបអាស៊ីដែលបានកៅអីទៅ World Cup នៅរុស្ស៊ីដែលចាប់ផ្តើមការប្រកួតក្នុងខែមិថុនាខាងមុខនេះ ស្ថិតក្នុងពូល C ត្រូវជួបបារាំង ប៉េរូ និងដាណឺម៉ាក៕
Tag:
បាល់ទាត់
FIFA World Cup
អូស្ត្រាលី
Graham Arnold
Ange Postecoglou
© រក្សាសិទ្ធិដោយ thmeythmey.com