កីឡាអន្តរជាតិ
អន្តរជាតិ
Ainsley ជាកីឡាករ Arsenal ប៉ុន្តែម្តាយរបស់គេជាមនុស្សដែលគ្មានផ្ទះសម្បែង 11, Mar 2018 , 4:39 pm
× ម្តាយរបស់កីឡាករ Ainsley Maitland-Niles ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal បានបង្ហាញពីទុក្ខលំបាករបស់អ្នកស្រីក្នុងការរស់នៅដោយគ្មានផ្ទះសម្បែង និងស្នាក់នៅក្នុងទូដាក់ឥវ៉ាន់ទំហំ ៣ម៉ែត្រប៉ុណ្ណោះ ខណៈកូនរបស់ខ្លួនរស់នៅក្នុងផ្ទះល្វែងតម្លៃជិត១លានដុល្លារ។
អ្នកស្រី Jule Niles អាយុ ៣៨ឆ្នាំ ដែលជាម្តាយ Maitland-Niles បានរៀបរាប់ថាអ្នកស្រីត្រូវវែកកន្លែងគេងនៅក្នុងឃ្លាំងផ្ទុកធុងធំៗដែលជាកន្លែងទុកឥវ៉ាន់មួយនៃក្រុមហ៊ុន Big Yellow Storage ក្នុងក្រុង Hertfordshire។ អ្នកស្រីគេងក្នុងធុងដែកគ្មានបង្អូច គ្មានបង្គន់ និងគ្មានកន្លែងលាងសម្អាតនោះទេ។ ហើយអ្នកស្រីក៏កំពុងប្រឈមនឹងការដេញចេញពីទីនោះថែមទៀត។
ដោយឡែកកូនប្រុសរបស់អ្នកស្រី Maitland-Niles ដែលបច្ចុប្បន្នជាសមាជិកក្រុម Arsenal កំពុងរស់នៅក្នុងផ្ទះតម្លៃ ៧០០០០០ផោន ប្រហែល ៩៦៧០០០ដុល្លារអាមេរិកជាមួយបងប្រុសរបស់គេ Cordi ក្នុងតំបន់ Finchley ភាគខាងជើងក្រុងឡុងដ៏។
Maitland-Niles មានកិច្ចសន្យាជាមួយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Arsene Wenger ដោយទទួលបានប្រាក់បៀវត្ស ៣ម៉ឺនផោន (ជាង៤ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២០ឆ្នាំនេះ បានបង្ហាញខ្លួន ២១ លើកឲ្យក្រុមរហស្សនាមកាំភ្លើងធំនៅរដូវកាលនេះ។
អ្នកស្រី Jule Niles ដែលជាបុគ្គលិកថែទាំកុមារបានប្រាប់កាសែត The Sun កាលពីថ្ងៃអាទិត្យទី៤ ខែមីនាថា៖«កូនប្រុសខ្ញុំ Ainsley Maitland-Nile អាចទិញផ្ទះឲ្យខ្ញុំបានដោយគ្រាន់តែចំណាយប្រាក់ដែលទទួលបានពីថ្លៃឈ្នួលពីរសប្តាហ៍ ឬពីរខែប៉ុណ្ណោះ។ កូនប្រុសខ្ញុំលេងឲ្យក្លិប Arsenal ហើយខ្ញុំគ្មានផ្ទះសម្បែង និងនៅក្នុងបន្ទប់ដាក់ឥវ៉ាន់»។
យ៉ាងណាក៏ដោយ រឿងរ៉ាវបែកបាក់រវាងអ្នកស្រី និងកូនគឺមានពាក់ព័ន្ធបញ្ហាមួយចំនួន។ បើតាមប្រភពដរដែល Jule បានជាប់ពាក់ព័ន្ធនឹងការរិះគន់ជាមួយលោក Dick Law ប្រធានក្រុមចរចារបស់ Arsenal នៅឯកិច្ចប្រជុំមួយស្តីពីអនាគតរបស់ Maitland-Niles កាលពីខែមីនា ឆ្នាំ២០១៥។
អ្នកស្រី ក៏ធ្លាប់ត្រូវបានគេចោទប្រកាន់ពីបទប៉ះទង្គិចគ្នាជាមួយលោក Mick McCarthy ដែលជាអ្នកចាត់ការក្រុម Ipswich Town អំឡុងពេលខ្ចីជើងកីឡាករបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំរូបេនះ កាលពីរដូវកាល ២០១៥-២០១៦៕
Ainsley Maitland (ឆ្វេង) រូមជាមួយម្តាយ និងបង
© រក្សាសិទ្ធិដោយ thmeythmey.com