ពីនេះ ពីនោះ
អ្វី​ទៅជា «​យន្តការ​ក្យូ​តូ​» និង «​យន្តការ​អភិវឌ្ឍន៍​ស្អាត​»?
11, Mar 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ «​យន្តការ​ក្យូ​តូ​» និង «​យន្តការ​អភិវឌ្ឍន៍​ស្អាត​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​


​ពាក្យ «​យន្តការ​ក្យូ​តូ​» Kyoto Mechanisms (KM) យន្តការ​សេដ្ឋកិច្ច​ផ្អែកលើ​គោលការណ៍​ទីផ្សារ ដែល​បណ្ដា​ភាគី​ក្នុង​ពិធីសារ​ក្យូ​តូ អាច​ប្រើប្រាស់​ក្នុង​បំណង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សក្តានុពល​សេដ្ឋកិច្ច ដែល​តម្រូវឱ្យ​មានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ យន្តការ​ទាំងនេះ​រួមមាន​ការអនុវត្ត​រួមគ្នា​(​មាត្រា​៦)​យន្តការ​អភិវឌ្ឍន៍​ស្អាត​(​មាត្រា​១២) និង​ពាណិជ្ជកម្ម​ការបញ្ចេញ​ឧស្ម័ន​(​មាត្រា​១៧)​។​
 
​រីឯ «​យន្តការ​អភិវឌ្ឍន៍​ស្អាត​» Clean Development Mechanism (CDM)​យន្ដការ​មួយ​ដែល​បានកំណត់​ក្នុង​មាត្រា​១២​នៃ​ពិធីសារ​ក្យូ​តូ​ដែល​នៅ​ក្នុងនោះ​វិនិយោគិន​(​រដ្ឋាភិបាល​ឬ​ក្រុមហ៊ុន​នានា​)​របស់​បណ្តា​ប្រទេស​អភិវឌ្ឍ​(​ក្នុង​ឧបសម្ព័ន្ធ B) អាច​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គម្រោង​កាត់បន្ថយ​ឬ​ស្រូបយក​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​(​ប្រទេស​មិន​ស្ថិតក្នុង​ឧបសម្ព័ន្ធ B) និង​ទទួលបាន​បរិមាណ​(​គិត​ជា​ឯក​តា​)​នៃ​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ដែល​កំណត់ដោយ​លិខិត​ប្រកាស​ជា​ផ្លូវការ ហើយ​ជា​លទ្ធផល វា​អាច​គិត​ជា​ឥណទាន​សម្រាប់​ទូទាត់​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់​បណ្តា​ប្រទេស​អភិវឌ្ឍ​។ 
 
​យន្តការ​អភិវឌ្ឍន៍​ស្អាត មាន​វត្ថុបំណង​២ គឺ​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ជួយ​ដល់​បណ្តា​ប្រទេស​ឧស្សាហកម្ម ដើម្បី​សម្រេចបាន​នូវ​ការប្តេជ្ញាចិត្ត​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​របស់​ពួកគេ ក្នុង​មធ្យោបាយ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com