កីឡាអន្តរជាតិ
អន្តរជាតិ
Champions League៖ Yedder និង Dzeko នាំក្រុមរៀងៗខ្លួនឡើងទៅកាន់វគ្គ១/៤ 14, Mar 2018 , 9:52 am
ខ្សែប្រយុទ្ធ Ben Yedder របស់ Sevilla អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួននៅ Old Trafford។ រូបថត AFP
× កីឡាករបម្រុង Wissam Ben Yedder បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ២-១ លើ ម្ចាស់ផ្ទះManchester United ដែលនាំឲ្យ Sevilla កក់កៅអីនៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ Champions League។ នាជំនួបកាលពីថ្ងៃអង្គារផងដែរ Edin Dzeko បានជួយឲ្យ Roma ឈ្នះ Shakhtar Donetsk ១-០ ។
បន្ទាប់ពីការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីនៅក្នុងប្រទេសអេស្ប៉ាញ Ben Yedder បានរង់ចាំរហូតដល់ទៅ៧២នាទី នាជំនួបជើងទីពីរនៅ Old Trafford។ ២នាទីក្រោយមក ខ្សែប្រយុទ្ធបារាំង វ័យ២៧ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១ ហើយបន្ថែម១គ្រាប់ទៀតនៅនាទី៧៨ មុនពេល Romelu Lukaku តាមពីក្រោយបង្គ្រប់កិច្ចឲ្យក្រុមលោក Jose Mourinho។
ជាមួយនឹងការនាំ Sevilla ឡើងទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ Ben Yedder បានក្លាយជាកីឡាករបម្រុងដែលស៊ុតបាល់បញ្ចូលទីលឿនបំផុតក្នុងក្របខណ្ឌ Champions League នារដូវកាលនេះ ដោយប្រើពេល៨៧វិនាទី។ កីឡាកររូបនេះ ក៏ជាប់ជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើន (៨គ្រាប់) នៅ Champions League ដោយគ្មានការបញ្ជូនពីមិត្តរួមក្រុមផងដែរ។
នៅរាត្រីថ្ងៃអង្គារដដែល ខ្សែប្រយុទ្ធ Edin Dzenko បានជួយឲ្យ Roma ឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០០៨មក។ អតីតកីឡាករ Manchester City រូបនេះ ធ្វើបានសម្រេចនៅនាទី៥២ មុនពេលដែល Ivan Ordets របស់ Shakhtar Donetsk ត្រូវបានបណ្តេញចេញនៅនាទី៧៩ ។
នាជំនួបនៅទឹកដីអ៊ុយក្រែន Shakhtar បានយកឈ្នះ ២-១ តែការស៊ុតបាល់បញ្ចូលទីរបស់ Dzenko នៅអ៊ីតាលី ជួយឲ្យ Roma មានប្រៀបលើរូបមន្ត Away Goals។
Roma និង Sevilla រួមដំណើរជាមួយ Manchester City, Juventus និង Real Madrid ទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ រីឯពីរក្រុមទៀត ត្រូវរង់ចាំជំនួបជើងទីពីររវាង Besiktas និង Bayern Munich នៅម៉ោង១២អាធ្រាត្រ និងការប៉ះគ្នារវាង Barcelona និង Chelsea នៅម៉ោង២ និង៤៥ទៀបភ្លឺ។
កាលជើងទីមួយ Chelsea និង Barcelona បញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ខណៈ Bayern Munich បំបាក់ Besiktas ៥-០៕
Tag:
បាល់ទាត់
Champions League
© រក្សាសិទ្ធិដោយ thmeythmey.com