កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ Man Utd ធ្លាក់ពី UCL ត្រឹមវគ្គ១៦ក្រុម ជារឿងធម្មតាទៅហើយ 14, Mar 2018 , 2:08 pm
× Manchester United បានធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ត្រឹមវគ្គ១៦ចុងក្រោយ បន្ទាប់ពីចាញ់ Sevilla ២-១ ក្នុងការប្រកួតជើងទី២ នៅរាត្រីថ្ងៃទី ១៣ ខែមិនា។ បរាជ័យលើទឹកដីខ្លួនឯងដ៏អាមាសនេះ លោក Jose Mourinho បាននិយាយបែបធម្មតាថា វាមិនមែនជារឿងថ្មីទេដែលក្រុមរហស្សនាមបិសាចក្រហមធ្លាក់ត្រឹមវគ្គនេះនោះ។
កាលពីជើងទី១ ក្នុងទឹកដីរបស់ Sevilla ក្រុមរបស់លោក Mourinho ធ្វើបានល្អទៅហើយដោយទទួលបានលទ្ធផល សូន្យស្មើ ប៉ុន្តែសម្រាប់ជើងទី២ ក្នុងទឹកដី Old Trafford នេះមិនត្រឹមតែមិនអាចឈ្នះទេ តែពួកគេបែជាចាញ់ទៅវិញ។
ខ្សែប្រយុទ្ធរបស់ក្រុមមកពីអេស្ប៉ាញ Wissam Ben Yedder ដែលទើបប្តូរចូល អាចរកបានដល់ទៅ២គ្រាប់យ៉ាងភ្ញាក់ផ្អើកក្នុងរយៈពេលតែ៤នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៧៤ និង ៧៨ មុនពេល Romelu Lukaku រកបាន១គ្រាប់វិញនៅនាទី ៨៤។
បន្ទាប់ពីមិនអាចនាំក្រុមឈានទៅបន្តបាន អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៥៤ឆ្នាំបាននិយាយថា៖« ខ្ញុំមិនគិតថាការលេងរបស់យើងអន់ទេ។ ខ្ញុំមិនសោកស្តាយឡើយ។ ខ្ញុំនិងកីឡាករទាំងអស់បានប្រឹងអស់ពីសមត្ថភាពហើយ។ យើងបានព្យាយាមហើយ តែយើងនៅតែចាញ់ នេះជាបាល់ទាត់»។
អតីតអ្នកចាត់ការ Real Madrid និងChelsea បន្ថែមទៀតថា៖«ខ្ញុំបានអង្គុយកៅអីនេះពីរលើកនៅក្នុងក្របខណ្ឌ Champions League បន្ទាប់ពីបានផ្តួលក្រុម Manchester United [នៅវគ្គ ១៦ ក្រុមចុងក្រោយ] នៅឯទឹកដី Old Trafford។ ខ្ញុំអង្គុយកៅអីនេះជាមួយ Porto (ឆ្នាំ ២០០៤) និង Real Madrid (ឆ្នាំ ២០១៣) ហើយវាមិនមានអ្វីថ្មីទេសម្រាប់ Man Utd»។
ក្រុមដែលមានមូលដ្ឋានក្នុងក្រុង Manchester នៅសល់ក្តីសង្ឃឹមតែ១ទៀតប៉ុណ្ណោះគឺត្រូវដណ្តើមពាន FA Cup ឲ្យបានសម្រាប់រដូវកានេះ បន្ទាប់ពីពានក្នុងស្រុកដ៏ទៃទៀតត្រូវខ្ទាតចេញអស់ទៅហើយ។
ចំណែកការប្រកួត១គូទៀត ក្រុម AS Roma បានវាយបកយកឈ្នះ Shakhtar Donetsk ១-០ នៅក្នុងទឹកដីខ្លួនឯងអាចឈានទៅវគ្គ ៨ក្រុមផ្តាច់ព្រ័ត្របន្តទៀត។ កាលពីជើងទី១ ក្រុមមកពីអ៊ុយក្រែនឈ្នះ ២-១ លើក្រុមពីអ៊ីតាលី ប៉ុន្តែបើគិតតាមលក្ខខណ្ឌ Away Goal ក្រុម Roma មានគ្រាប់បាល់ល្អជាង៕
Tag:
បាល់ទាត់
Champions League
Manchester United
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com