កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Chelsea ៖ Messi ជាកីឡាករអស្ចារ្យដែលអាចឃើញរាល់៥០ឆ្នាំម្តងប៉ុណ្ណោះ 15, Mar 2018 , 11:44 am
រូបភាពពី AFP
× លោក Antonio Conte បានកោតសរសើរ Lionel Messi ថាជាកីឡាករមានទេពកោសល្យដាច់គេលើលោក ដែលយើងអាចឃើញក្នុងរយៈពេលតែ ៥០ឆ្នាំម្តងប៉ុណ្ណោះ។ អ្នកចាត់ការ Chelsea លើកឡើងបែបនេះ ក្រោយខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបញ្ចូលទី២គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូ១គ្រាប់ជួយ Barcelona យកឈ្នះក្រុមលោកក្នុងការប្រកួតជើងទី២ វគ្គ១/៨ផ្តាច់ព្រ័ត្រ ក្របខណ្ឌ EUFA Champions League នៅរាត្រីថ្ងៃទី ១៤ ខែមីនា។ នេះបើតាមការផ្សាយរបស់គេហទំព័រ Theguardian។
Messi ជាតួអង្គសំខាន់ជាងគេដែលនាំឲ្យ Barcelona អាចយកឈ្នះ Chelsea រហូតដល់ទៅ ៣-០ ក្នុងការប្រកួតជើងទី២ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយ។
២គ្រាប់របស់ខ្សែប្រយុទ្ធវ័យ៣០ សុទ្ធតែធ្វើបានដោយការស៊ុតតាមប្រលោះជើងអ្នកចាំទី Thibaut Courtois ហើយរូបគេក៏ជាអ្នកបញ្ជូនបាល់ (Asisst) ឲ្យ Ousmane Dembele ស៊ុតចូល១គ្រាប់ដែរ។
ការបង្ហាញទេពកោសល្យដ៏អស្ចារ្យនៅលើទីលានរបស់ Messi បានធ្វើឲ្យ លោក Conte មិនសរសើរមិនបាន។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះនិយាយថា៖«កីឡាករដ៏អស្ចារ្យម្នាក់បានផ្លាស់ប្តូរលទ្ធផលចុងក្រោយ និងប្តូរអ្វីគ្រប់យ៉ាងសម្រាប់ការប្រកូតទាំងពីរជើង»។
អតីតអ្នកចាត់ការ Juventus វ័យ៤៨ឆ្នាំរូបនេះ ក៏បានអរគុណកូនក្រុមរបស់ខ្លួនដែលបានខិតខំលេងបានយ៉ាងល្អក្នុងការប្រកួតទាំងពីរជើង ប៉ុន្តែពួកយើងគ្មានសំណាង ព្រោះ Messi បានផ្លាស់ប្តូរគ្រប់យ៉ាង។
Conte បានបន្ថែមថា៖«ខ្ញុំត្រូវតែសរសើរការប្តេជ្ញាចិត្តរបស់កីឡាកររបស់ខ្ញុំ ហើយខ្ញុំមានមោទនភាពព្រោះពួកគេបានផ្តល់អ្វីគ្រប់យ៉ាង។ ប៉ុន្តែ Messi បានធ្វើឲ្យមានភាពខុសប្លែកគ្នា ដែលធ្វើឲ្យខ្ញុំទ្រាំសរសើរគេមិនបាន។ ការសរសើរនរណាម្នាក់ដូចជា Messi គឺយើងត្រូវតែធ្វើ។ យើងកំពុងនិយាយពីកីឡាករដ៏អស្ចារ្យម្នាក់ដែលល្អបំផុតនៅលើលោក ហើយតែងតែរកគ្រាប់បាល់បាន ៦០គ្រាប់ក្នុង១រដូវកាល។ កំពូលកីឡាករប្រភេទនេះ គឺកើតមានឡើងតែក្នុងរយៈពេល ៥០ឆ្នាំម្តងប៉ុណ្ណោះ»។
២គ្រាប់របស់ Messi ក៏បានធ្វើឲ្យរូបគេក្លាយជាកីឡាករទី២ដែលអាចរកគ្រាប់បាល់បាន១០០គ្រាប់ក្នុងក្របខណ្ឌកំពូលអឺរ៉ុបនេះដែរ បន្ទាប់ពីគូរប្រជែង Cristiano Ronaldo ធ្វើបាន ១១៧គ្រាប់។
ក្រៅពី Barcelona ដែលអាចឈានទៅវគ្គបន្ត ក្រុមមកពីអាល្លឺម៉ង់ Bayern Munich ក៏បានកៅអីទៅវគ្គ១/៤ចុងក្រោយដែរ បន្ទាប់ពីយកឈ្នះ Besiktas ៣-១ ក្នុងជើងទី២។
៨ក្រុមដែលឆ្លងផុតវគ្គ១/៨ ពានរង្វាន់ Champions League រួមមាន Manchester City, Liverpool, Juventus, Real Madrid, Roma, Sevilla, Bayern Munich និង Barcelona៕
Tag:
បាល់ទាត់
EUFA Champions League
Lionel Messi
Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com