កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប៉ះសម្តីជាមួយប្រធានក្លិប Man Utd ខណៈ PSG ចំហទ្វារស្វាគមន៍ 15, Mar 2018 , 10:39 pm
× ក្លិប Paris Saint-Germain បានត្រៀមខ្លួនរួចស្រេចដើម្បីនាំយកលោក Jose Mourinho មកដឹកនាំក្រុម ប្រសិនបើ Manchester United មិនគាំទ្រអ្នកចាត់ការរូបនេះក្នុងការផ្តល់ទឹកប្រាក់បន្ថែមដើម្បីទិញចូលកីឡាករមកពង្រឹងក្រុមនៅពេលទីផ្សាយដូរដោះកីឡាករបើកទ្វាររដូវកាលក្រោយ។
ក្លិបដែលមានមូលដ្ឋានក្នុងក្រុងប៉ារីសនិយាយដូច្នេះបន្ទាប់ពីលឺដំណឹងថាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប៉ះទង្គិចសម្តីគ្នាជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លិបរហស្សនាមបិសាចក្រហមអំពីចំនួនថវិការដែលត្រូវចំណាយលើការផ្ទេកីឡាករនៅរដូវក្តៅខាងមុខ។
បន្ទាប់ពីធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៃពានរង្វាន់ UEFA Champions League ក្រោមថ្វៃជើង Sevilla យ៉ាងអាម៉ាសនោះ Mourinho បានទទូចទៅកាន់ក្លិបថាលោកត្រូវការលុយច្រើនទៀតដើម្បីចំណាយសម្រាប់ការប្រកួតប្រជែងទាំងពានក្នុងស្រុក និងអឺរ៉ុបរដូវកាលក្រោយ។
ប៉ុន្តែបើតាមការផ្សាយរបស់ The Mirror ក្រុមប្រឹក្សា Man Utd មានការស្ទាក់ស្ទើរក្នុងការបំពេញតាមការទាមទាររបស់អ្នកចាត់ការរហស្សនាម Special One ត្បិតធ្លាប់ផ្តល់ការចំណាយរហូតដល់ ៣០០លានផោន (ជិត៤២០លានដុល្លារ) រួចមកហើយ ចាប់តាំងពីលោកឡើងដឹកនាំក្នុងឆ្នាំ២០១៦មក។
ដំណឹងខាងលើនេះបានធ្វើឲ្យខាងភាគី PSG មានសង្ឃឹមក្នុងការនាំយកអ្នកចាត់ការវ័យ ៥៤ឆ្នាំមកដឹកនាំក្រុមជំនួសលោក Unai Emery ដែលកំពុងដឹកនាំបច្ចុប្បន្ន ស្របពេល Mourinho និង Man Utd កំពុងប្រេះឆា។
មួយវិញទៀតកាលពីខែតុលាកន្លងទៅ អតីតអ្នកចាត់ការ Real Madrid និងCheslea រូបនេះ ធ្លាប់បានផ្តល់កិច្ចសម្ភាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញការចាប់អារម្មណ៍ជាមួយក្រុមកំពុងនាំមុខគេនៃលីកកំពូបារាំងនេះដែរ។ តែយ៉ាងណា Mourinho ក៏បានបន្តកិច្ចសន្យាថ្មីជាមួយក្រុមមានមួលដ្ឋានក្នុងក្រុង Manchester នេះរហូតដល់ឆ្នាំ ២០២០ រួចទៅហើយ៕
Tag:
បាល់ទាត់
Manchester United
Paris Saint-Germain
Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com