សិល្បៈអន្តរជាតិ
អន្តរជាតិ
ថៃអនុញ្ញាតឲ្យអ្នកទោសមើលរឿងភាគ «បុព្វេសន្និវាស» ព្រោះវាផ្តល់ការអប់រំច្រើន 04, Apr 2018 , 10:19 pm
![](https://image.thmeythmey.com/pictures/2018/04/04/thumb2/4420181745front.jpg)
×![]()
រឿងភាគទូរទស្សន៍ថៃដ៏មានប្រជាប្រិយបំផុត «បុព្វេសន្និវាស» (Love Destiny) ដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា សរសើរមិនដាច់ពីមាត់ រហូតដល់ហៅតារាសម្តែងទាំងអស់ទៅជួបថែមទៀតផង។ បន្ថែមពីនេះ ប្រធានពន្ធនាគារនៅក្រុងបាងកក បានអនុញ្ញាតឲ្យអ្នកទោសទាំងអស់មានឱកាសទស្សនារឿងភាគដែលតាក់តែងពីប្រវត្តិសាស្ត្រមួយនេះ។
«អ្នកទោសខ្លះ មិនទទួលបានការអប់រំ ប៉ុន្តែពួកគេអាចរៀនសូត្រពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ហេតុដូច្នេះហើយបានជាងយើងផ្តល់ការអនុញ្ញាតឲ្យពួកគេទស្សនារឿងនេះរហូតដល់ម៉ោង៩យប់»។ នេះបើតាមបញ្ជាក់របស់លោក Krit Krasaethip ប្រធានពន្ធនាគារ Bangkok Remand Prison ។
យោងតាម The Nations លោក Krit បានអះអាងថា រឿង «បុព្វេសន្និវាស» ដែលរៀបរាប់ពីដំណើរផ្សងព្រេងរបស់នារីបុរាណវិទូម្នាក់ ដែលបានជួបគ្រោះថ្នាក់រថយន្ត ហើយព្រលឹងរបស់នាង បានចូលទៅក្នុងខ្លួននារីម្នាក់ទៀត ឈ្មោះ ការ៉ាកេត (Karakket) ក្នុងសម័យកាលអាយុធ្យា ក្រោមរាជស្តេច Narai ពីឆ្នាំ១៦៣២ ដល់ឆ្នាំ១៦៨៨ នោះ មិនមានខ្លឹមសារអវិជ្ជមានឡើយ។
![](https://image.thmeythmey.com/pictures/2018/04/04/thumb2/1.jpg)
លោកបានគូសបញ្ជាក់ថា រឿងនេះ លើកទឹកចិត្តឲ្យពលរដ្ឋស្រឡាញ់ប្រពៃណីវប្បធម៌ និងលើកតម្កើងសម័យកាលដ៏រុងរឿងរបស់ខ្លួន ហើយវានឹងផ្តល់ប្រយោជន៍ច្រើនដល់អ្នកទោសក្នុងការពិចារណា។ លោកបានប្រៀបធៀបថា ទស្សនារឿងប្រវត្តិសាស្ត្រ ប្រសើរជាងទស្សនាបាល់ទាត់ ដែលជំរុញឲ្យមានការចាក់ភ្នាល់នៅក្នុងពន្ធនាគារ។
លោក ប្រាយុទ្ធ ចាន់អូចា បានសរសើរមិនដាច់ពីមាត់ចំពោះរឿងនេះ ដែលជាផ្នែកមួយនៃការទាក់ទាញទេសចរណ៍ទៅកាន់តំបន់នៃអតីតសម័យកាលអាយុធ្យា។ លោកបានស្នើទៅក្រសួងវប្បធម៌ ផ្តល់ការគាំទ្រគ្រប់បែបយ៉ាងចំពោះរឿងនេះ។
![](https://image.thmeythmey.com/pictures/2018/04/04/thumb2/2.jpg)
ជាមួយគ្នានេះផងដែរ លោក ប្រាយុទ្ធ បានរៀបចំពិធីជួបជុំមួយជាមួយតារាសម្តែងទាំងអស់នៅក្នុងរឿង «បុព្វសន្និវាស» ដោយស្លៀកសម្លៀកបំពាក់តាមសម័យកាលអាយុធ្យា។ ទាក់ទងនឹងសម្លៀកបំពាក់ប្រពៃណីនៅក្នុងរឿង លោកនាយករដ្ឋមន្ត្រីថៃ បានលើកទឹកចិត្តថា៖ «ខ្ញុំចង់ឃើញទិដ្ឋភាពបែបនេះ នាពិធីសំខាន់ៗរបស់ជាតិ ក៏ដូចជានៅតំបន់ទេសចរណ៍នានា។ យើងគួរតែរួមគ្នាអភិរក្សប្រពៃណីថៃ តាមរយៈការស្លៀកពាក់ប្រពៃណី ដើម្បីជាគំរូដល់យុវជនជំនាន់ក្រោយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com