ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ធម្មជាតិ​ក្នុងការ​បន្ធូរ​អាកា​រៈ​ថប់​អារម្មណ៍​
19, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ថប់​អារម្មណ៍​គឺជា​ផ្នែក​មួយ​នៃ​ជីវិត ព្រោះ​មនុស្ស​យើង​តែងតែមាន​អារម្មណ៍​បែបនេះ​ដោយ​ចៀស​មិន​ផុត​ឡើយ​។ នៅពេល​យើង​មាន​អារម្មណ៍​ថប់​ក្នុង​អារម្មណ៍ មានរឿង​មួយចំនួន​តូច​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​អារម្មណ៍​មួយ​នេះ​។ បើសិនជា​អ្នកមាន​អារម្មណ៍​តក់ស្លុត​ជា​ញឹកញាប់ ហើយ​គ្មានអ្វី​អាចជួយ​បាន​នោះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​សាកល្បង​រឿង​ខាងក្រោម​នេះ​សិន​ដើម្បី​បន្ថយ​អារម្មណ៍​ថប់ៗ​ក្នុង​ទ្រូង​៖


​ហាត់ប្រាណ​

​អ្នក​មិនបាច់​ហ្វឹកហាត់​ឲ្យ​ដូច​ការលេង​កីឡា​អូឡាំពិក​ឡើយ គឺ​គ្រាន់តែ​ចំណាយពេល​ដើរ ១០​នាទី ក៏​អាចមាន​ប្រយោជន៍​ដូច​ការហាត់​ប្រាណ ៤៥​នាទី​ដែរ​។ អ្នក​នឹងមាន​អារម្មណ៍ល្អ​ឡើងវិញ​បាន​ពីរ​បី​ម៉ោង​ឯណោះ​ដូច​ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដែរ​។ បើសិនជា​អ្នក​ហាត់ប្រាណ​បាន​រាល់ថ្ងៃ យ៉ាងហោចណាស់ ៣​ដង​ក្នុង​មួយ​សប្តាហ៍ អ្នក​ក៏​មិនសូវមាន​អារម្មណ៍​តក់​ស្លុង​ទៀត​ដែរ​។

​ទៅខាង​ក្រៅ​ផ្ទះ​
​ទោះបី​ជាមាន​រុក្ខជាតិ​មួយ​ក្នុង​បន្ទប់ ឬ​រូបភាព​ធម្មជាតិ​ជាច្រើន ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​តានតឹង ខឹង ឬ​ស្ត្រេ​ស​របស់​អ្នក​ធូរស្រាល​មកវិញ​ដែរ​។ ប៉ុន្តែ​យក​ល្អ​គួរតែ​ដើរ​ចេញទៅ​មើល​ពិភព​ខាងក្រៅ​វិញ​។ អ្នកនឹង​ទទួលបាន​អារម្មណ៍ល្អ ហើយ​វា​ក៏​អាច​បន្ថយ​សម្ពាធ​ឈាម ចង្វាក់បេះដូង សម្ពាធ​សាច់ដុំ និង​ស្ត្រេ​ស​អ័រម៉ូន​ទៀត​។

​ការ​ថែ​សួន​
​យក​ល្អ​គួរតែ​ចេញទៅ​ខាងក្រៅ​ផ្ទះ ហើយ​ឲ្យ​ដៃ​ប្រឡាក់​ខ្លះទៅ​។ ការ​ថែ​សួន​ធ្វើ​ឲ្យ​ខួរក្បាល​បញ្ចេញ​សារធាតុ​គីមី​ដើម្បី​សម្រួល​ដល់​អារម្មណ៍ល្អ ហើយ​បន្ថយ​ភាព​ថប់​អារម្មណ៍​ទៀត​។ ជាមួយគ្នានេះដែរ អ្នកនឹង​ទទួលបាន​ការហាត់​ប្រាណ​មួយចំនួន និង​ចំណាយ​ពេលវេលា​ច្រើន​នៅ​ខាងក្រៅ​ផ្ទះ ដែល​វា​សុទ្ធសឹងតែ​ល្អ​សម្រាប់​អ្នក​។

​រួមភេទ​
​វា​អាចជា​រឿង​ចុងក្រោយ​មួយ​ក្នុង​ចិត្ត​អ្នក​នៅពេល​មាន​អារម្មណ៍​តក់ស្លុត ប៉ុន្តែ​ការរួម​ភេទ​អាច​បន្ថយ​ការឆ្លើយតប​នឹង​ភាព​ស្ត្រេ​ស​របស់​រាងកាយ​បាន​។ នៅពេល​ជីវិត​ផ្លូវភេទ​មាន​សុខភាព​ល្អ ជាពិសេស​ជាមួយនឹង​ដៃគូ​ដែល​ស្មោះត្រង់​នឹង​គ្នា​ទៀត​នោះ វា​ពិតជា​អាចជួយ​ឲ្យ​អ្នក​កាន់តែ​សប្បាយចិត្ត និង​សុខ​ភាពល្អ ព្រមទាំង​ចៀស​ផុតពី​ការ​ថប់​អារម្មណ៍​ផងដែរ​។

​ការតាំង​សមាធិ​
​វិធីសាស្ត្រ​មួយ​នេះ​នឹង​ជួយ​បន្ថយ​ការបារម្ភ​របស់​អ្នក​បាន ប៉ុន្តែ​វា​នឹងមិន​អាច​បំបាត់​អស់នោះ​ទេ​។ ការតាំង​សមាធិ​អាចជួយ​អ្នកបង្កើន​ការ​ផ្ចង់អារម្មណ៍​លើ​ការដកដង្ហើម និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​បាន​។ នៅពេល​ការបារម្ភ​កើតមាន អ្នក​អាច​លុបបំបាត់​វា​បាន​យ៉ាង​លឿន​។

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com