ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ដល់ ១០​នាទី​ឡើយ អ្នក​នឹងមាន​កម្លាំង​ឡើងវិញ​នៅពេល​ធ្វើ​រឿង​ទាំងនេះ​
20, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ភ្នែក​អ្នក​ចេះតែ​ទន់ ហើយ​ងងុយគេង​នៅពេល​រសៀល​មែន​ទេ​? នៅពេលដែល​ថាមពល​ក្នុង​រាងកាយ​ថយចុះ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ស្ករ​គ្រាប់ ផឹក​កាហ្វេ ឬ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អី​។ ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​ប្រ​ហេ​ល​ជា​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​ភ្លាមៗ​មែន តែ​វា​នឹង​បាត់​ទៅវិញ​លឿន​ដែរ ហើយក៏​នាំ​ឲ្យ​អស់កម្លាំង​កាន់តែខ្លាំង​ថែមទៀត​។


​ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អាចជួយ​ឲ្យ​អ្នកមាន​កម្លាំង​វិញ​យ៉ាង​លឿន​មិន​ដល់ ១០​នាទី​ផង​៖

​ញ៉ាំ​អាហារ​ពេលព្រឹក
​អញ​នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ​ប្រាប់ថា ពួកគេ​មិនសូវ​អ់សកម្លាំង និង​ស្ត្រេ​ស​ដូច​អ្នក​ដែល​តម​អាហារ​ពេលព្រឹក​ឡើយ​។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​។ វា​នឹង​ជួយ​ការពារ​កុំ​ឲ្យ​អ្នក​ឆាប់​ឃ្លាន ហើយ​មាន​កម្លាំង​បានយូរ​ទៀត​។

​ហាត់​យូ​ហ្គា​
​ការសិក្សា​ខ្លះ​បាន​រកឃើញថា ក្បាច់​ហាត់​យូ​ហ្គា​ដែលមាន​ជំហរ​ជាច្រើន និង​ការដកដង្ហើម​ជ្រៅៗ​នៅពេល​ហាត់ប្រាណ និង​តាំងសមាធិ អាចជា​រឿង​ដ៏​ល្អ​ក្នុងការ​ប្រឆាំង​ការ​អស់កម្លាំង​។

​បើក​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​
​ការ​ច្រៀង​ចម្រៀង​អាច​ផ្តល់​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ខណៈពេលដែល​វា​អាច​បន្ថយ​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​រាងកាយ​ផង​។ ដូច្នេះ យក​ល្អ​មុន​នឹងធ្វើ​អ្វីមួយ គួរតែ​ចាក់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​ជាមួយ​ផង​ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​នឿយហត់​។

​ញ៉ាំ​ទឹក​
​ការ​ខ្សោះ​ជាតិ​ទឹក​អាចធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​បាន​លឿន​។ អ្នក​មិនចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​មួយថ្ងៃ​ឲ្យ​បាន ៨​កែវ​ឡើយ តែ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ អ្នក​អាច​និយាយបានថា ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​នៅពេល​អ្នក​មិនមាន​អារម្មណ៍​ស្រេកទឹក និង​ទឹកនោម​ពណ៌​ថ្លា​។

​ញ៉ាំ​សណ្តែកដី ឬ​គ្រាប់​ផ្លែឈើ​
​ចូរ​ញ៉ាំ​គ្រាប់​ផ្លែ​អាល​ម៉ុ​ន ឬ​សណ្តែកដី​មួយ​ក្តាប់ដៃ ព្រោះ​វា​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម និង​អាស៊ីត​ហ្វូ​លិ​ក​។ ជីវជាតិ​មួយ​នេះ​សំខាន់​សម្រាប់​ថាមពល និង​ការផលិត​របស់​កោសិកា​។ ការ​កង្វះ​ជីវជាតិ​ទាំងនេះ​អាចធ្វើ​ឲ្យ​រាងកាយ​ឆាប់​អស់កម្លាំង​បាន​។

​ធ្វើ​ចលនា​រាងកាយ​
​ការហាត់​ប្រាណ​គឺជា​វិធី​បង្កើន​ថាមពល​រាងកាយ​បែប​ធម្មជាតិ ព្រោះ​មិន​ខ្វល់​ថា​អ្នកធ្វើ​អ្វី​ឡើយ ឈាម​ដែល​សម្បូរ​អុកស៊ីសែន​នឹង​ជួយ​ផ្គត់ផ្គង់​បេះដូង សាច់ដុំ និង​ខួរក្បាល​បាន​យ៉ាង​ល្អ​។ ការហាត់​ប្រាណ​ទៀងទាត់​ក្នុង​មួយថ្ងៃៗ ទោ​បី​ជា​បានតែ ១០​នាទី​ក៏ដោយ ក៏​នឹង​ជួយ​ឲ្យ​មាន​ថាមពល​កម្រិត​ខ្ពស់​បានដែរ​។

​ប៉ះ​ពន្លឺព្រះអាទិត្យ​
​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា គ្រាន់តែ​ដើរ​ខាងក្រៅ​ផ្ទះ​ពីរ​បី​នាទី ក៏​អាចជួយ​សម្រួល​អារម្មណ៍ល្អ បង្កើន​ការចងចាំ និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ​ដែរ​។ ការដែល​ដើរ​ខាងក្រៅ​ផ្ទះ​អាច​បង្កើន​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង​។​

​ទៅ​ក្រៅ​ជួប​មិត្តភក្តិ​
​អារម្មណ៍​មនុស្ស​យើង​ត្រូវបាន​គេ​រកឃើញថា​មាន​ភាព​ឆ្លង​គ្នា​ទៅវិញទៅមក​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ អ្នក​ដែលមាន​អារម្មណ៍​អវិជ្ជមាន​ជាប់ ព្រមទាំង​មិនសូវមាន​កម្លាំងកំហែង​ក្នុង​ខ្លួន​ទៀត​នោះ អាចនឹងទទួល​បា​នភា​ព​ធូរស្រាល​វិញ​នៅពេល​បាន​ជួប​មិត្តភក្តិ​ដែល​រីករាយ​ច្រើន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com