អន្តរជាតិ
ពលរដ្ឋ​អ៊ីរ៉ាក់​ទៅ​បោះឆ្នោត​មាន​ចំនួន​ទាប​នៅក្នុង​ការបោះឆ្នោត​ដំបូងបង្អស់​ក្រោយ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​
14, May 2018 , 7:59 pm        
រូបភាព
ស្ត្រី​ម្នាក់​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ខ្មៅ​របស់​គាត់ បន្ទាប់​ពី​មាន​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ខ្មៅ​របស់​គាត់ បន្ទាប់​ពី​មាន​បោះឆ្នោត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Khazir ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
ដោយ: VOA
​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​មិន​ដល់​ពាក់កណ្តាល​ផង​បាននាំគ្នា​ទៅ​បោះឆ្នោតជាតិ​។ នេះ​បើ​យោងតាម​មន្ត្រី​រាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោតជាតិ​ដំបូងបង្អស់ ចាប់តាំងពី​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​មក​។


​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​អ៊ីរ៉ាក់​បាន​និយាយថា លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុងការ​បំពេញ​អាសនៈ​នៅក្នុង​សភា​ដែលមាន​៣២៩​អាសនៈ​នោះ​ត្រូវបាន​គេ​រំពឹងថា នឹង​ចេញ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ខាងមុខនេះ​។

​ក្រុមមន្ត្រី​បាន​និយាយថា មាន​ប្រជាពលរដ្ឋ​តែ​៤៤​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ ដែល​នេះ​ជា​តួលេខ​អ្នក​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​ទាប​ចាប់តាំងពី Saddam Hussein ត្រូវបាន​ទម្លាក់​ពី​តំណែង​កាលពី​ឆ្នាំ​២០០៣​មក​។ មន្ត្រី​បោះឆ្នោត​បាន​បន្ទោស​តួលេខ​អ្នកបោះឆ្នោត​ទាប​នេះ ទៅលើ​ការបង្កើន​ការពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​មណ្ឌលបោះឆ្នោត ការមិន​ខ្វល់ខ្វាយ​របស់​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត និង​ភាពមិនប្រក្រតី​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បោះឆ្នោត​អេ​ឡិច​ត្រូ​និ​ច​ថ្មី​។

​ខណៈដែល​ពលរដ្ឋ​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍ អាកាសយានដ្ឋាន​និង​ដងផ្លូវ​នានា​ត្រូវបាន​បិទ​ដើម្បី​ការពារ​សន្តិសុខ​។ កាលពី​ខែ​មុន សមាជិក​ក្រុម​រដ្ឋ​ឥស្លាម​ដែល​នៅ​ប្រតិបត្តិការ​ក្នុងប្រទេស​អ៊ីរ៉ាក់ បាន​គំរាម​វាយប្រហារ​ទៅលើ​អ្នកណា​ដែល​ទៅ​បោះឆ្នោត បើទោះជា​ក្រុម​នេះ​បាន​ចាញ់​នៅក្នុង​ការប្រយុទ្ធ​យោធា​ហើយក៏​ដោយ​។​

​ខណៈដែល​មណ្ឌលបោះឆ្នោត​ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស​នៅតែមាន​សុវត្ថិភាព កាលពី​ព្រឹក​ថ្ងៃ​បោះឆ្នោត​មានការ​រាយការណ៍​ថា​មានការ​វាយប្រហារ​មួយ​នៅ​ខាងត្បូង​ទីក្រុង Kirkuk ដែលជា​ទីក្រុង​មួយ​សម្បូរ​ទៅដោយ​ប្រេង​។ គ្រាប់បែក​មួយគ្រា​ប់​ត្រូវបាន​រកឃើញ​នៅ​មណ្ឌលបោះឆ្នោត​មួយកន្លែង​ក្នុង​ទីក្រុង បា​កដាដ ហើយ​មាន​សេចក្តីរាយការណ៍​ផ្សេងទៀត​អំពី​ការប៉ុនប៉ង​វាយប្រហារ​នានា​។​

​លោកនាយក​រដ្ឋមន្ត្រី Haider al-Abadi បច្ចុប្បន្ន កំពុងតែ​ឈរឈ្មោះ​សម្រាប់​អាណត្តិ​ថ្មី​ទៀត​។ គូប្រជែង​នាំមុខ​របស់លោក រួមមាន​លោក​អតីត​នាយករដ្ឋមន្ត្រី Nuri al-Maliki ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com