អន្តរជាតិ
វីរៈបុរស​ឯករាជ្យ​ជាតិ​ទី​ម័​រ​ខាងកើត រំពឹង​ខ្ពស់​ក្នុងការ​ត្រឡប់មក​ដឹកនាំ​ប្រទេស​វិញ
15, May 2018 , 4:58 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១២ ខែឧសភា កន្លងទៅ ទី​ម័​រ​ខាងកើត បានរៀបចំ​ការបោះឆ្នោត​ជាតិ​ជា​លើក​ទី​ពីរ ក្នុង​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។ តាម​លទ្ធផល​បឋម សម្ព័ន្ធ​បក្សប្រឆាំង​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​វីរៈបុរស​ឯករាជ្យ​ជាតិ​លោក Xanana Gusmao បាន​ដឹកមុខ ហើយ​វា​អាច​នឹង​ផ្តល់ឱកាស​ឲ្យ​លោក វិលត្រឡប់​មក​កាច់​ច​ង្កូ​ច​នា​វាទី​ម័​រ​ខាងកើត​ជាថ្មី​ដែរ ។


​គិត​ត្រឹម​ថ្ងៃ​១៤ ខែឧសភា តាម​លទ្ធផល​បឋម នៃ​ការរាប់​សន្លឹកឆ្នោត​ជាង​៩៩​ភាគរយ នៃ​សន្លឹកឆ្នោត​ស​រុ សម្ព័ន្ធ​បក្សប្រឆាំង​ការផ្លាស់ប្តូរ​សម្រាប់​ការអភិវឌ្ឍ​ទី​ម័​រ​ខាងកើត ដែលមាន​លោក Xanana Gusmao ជា​ប្រមុខ បាន​នាំមុខ​បក្ស​កាន់អំណាច​ក្នុង​សំឡេង ៤៩,៥៩ ភាគរយ​។ លទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​នៅ​ចុងខែ​នេះ​ផងដែរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់  Asia Pacific Report ។

​តាម​ប្រភពព័ត៌មាន​ដដែល តាមរយៈ​លទ្ធផល​នេះ​មានន័យថា សម្ព័ន្ធ​បក្សប្រឆាំង​ដែល​រួមមាន បក្ស​សមាជជាតិ​សម្រាប់​ការកសាង​ទី​ម័​រ​ខាងកើត​ឡើងវិញ​របស់​លោក Xanana Gusmao , បក្ស​រំដោះប្រជាជន និង​បក្ស​យុវជន Khunto អាច​ទទួលបាន​អាសនៈ ៣៤ នៃ អាសនៈ​សភា​សរុប ៦៥ ខណៈ​បក្ស​កំពុងកាន់​អំណាច​ទទួល​បាន​ត្រឹម ២៣ អាសនៈ​ប៉ុណ្ណោះ​។ អាសនៈ​នៅ​សេសសល់​បាន​ទៅលើ​បក្ស​តូចៗ ។

​គួរ​ជម្រាប​ផងដែរ​ថា ការបោះឆ្នោត​របស់​ទី​ម័​រ​ខាងកើត​នេះ​ធ្វើឡើង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ជិត​អស់តំណែង លោក Mari Alkatiri បានប្រកាស​រំលាយ​សភា​នៅ​ខែមករា បន្ទាប់ពី​រដ្ឋាភិបាល​ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ​២០១៧ បន្ត​ជាប់គាំង​នយោបាយ ដ្បិត​មានការ​ជំទាស់​ពី​បក្សប្រឆាំង​ក្នុងការ​អនុវត្ត​ច្បាប់​សំខាន់​មួយចំនួន​។ កាល​បោះឆ្នោត​ឆ្នាំ​២០១៧ បក្ស Fretilin របស់លោក​នាយករដ្ឋមន្ត្រី Mari Alkatiri ក៏បាន​អាសនៈ ២៣ ដូច​ឆ្នាំ​នេះដែរ ។

​បើ​យើង​ក្រឡេក​ទៅ​មើល​ស្ថានភាព​នយោបាយ​របស់រ​ដ្ឋ​ដែល​ទើប​ទទួលបាន​ឯករាជ្យ​ពេញលេញ​ក្នុង​ឆ្នាំ​២០០២​មួយ​នេះ ក៏​មិនសូវ​ខុសពី​ការវិវត្ត​ចុងក្រោយ​នៃ​នយោបាយ​ពិភពលោក​ផងដែរ ។ មិនសូវ​ខុស​នោះ​គឺ គ្មាន​បក្សនយោបាយ​ណាមួយ អាច​ទទួលបាន​សំឡេង​ច្រើន​លើសលុប​ដោយ​ឯកឯង​បានឡើយ​។ បក្សនយោបាយ​នីមួយៗ​អាច​ទទួលបាន​សំឡេង​ច្រើន  ក៏​ដោយសារតែ​ការ​បង្កើតជា​បក្សសម្ព័ន្ធ  ។

​បើ​និយាយ​ពី​ប្រមុខ​បក្ស​ដែល​កំពុងតែ​ក្តោប​ក្តាប់​សន្លឹកឆ្នោត​សម្រាប់​ការបង្កើត​រដ្ឋាភិបាល​ថ្មី​គឺ លោក Xanana Gusmao ។ លោក Xanana Gusmao ធ្លាប់​ធ្វើជា​ប្រធានាធិបតី​ទីមួយ​របស់​ទី​ម័​រ​ខាងកើត នៅក្នុង​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៧ និង​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥ ។ លោក Xanana Gusmao ក៏​ជា​វីរៈជន​ដែល​នាំ​ទី​ម័​រ​ខាងកើត​ឲ្យ​ទទួលបាន​ឯករាជ្យ​ពី​គ្រប់គ្រង​របស់​ម្ចាស់​អាណានិគម ដែលមាន​ទាំង​ឥណ្ឌូណេស៊ី​ផងដែរ​នោះ​៕


Tag:
 ទី​ម័​រ​ខាងកើត​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com