FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាលពី៨០ឆ្នាំមុន ឥណ្ឌូណេស៊ីជាក្រុមអាស៊ីទីមួយដែលបានលេង World Cup 05, Jun 2018 , 4:26 pm
ក្រមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី (Dutch East Indies) ពេលប៉ះហុងគ្រី នៅ FIFA Word Cup 1938
× ថ្ងៃនេះ កាលពី៨០ឆ្នាំមុន ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាក្រុមទីមួយតំណាងអាស៊ី ដែលបានចូលលេងក្នុងព្រឹត្តិការណ៍ World Cup។ កាលណោះ ឥណ្ឌូណេស៊ី ស្ថិតនៅក្រោមអាណានិគមហូឡង់ ក្រោមឈ្មោះថា Dutch East Indies។
សារព័ត៌មាន ThmeyThmey សូមបង្ហាញលោកអ្នកអានអំពីសមិទ្ធផលរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី (Dutch East Indies) ដែលជួយបង្កើតប្រវត្តិសាស្ត្របាល់ទាត់ដើម្បីតំណាងឲ្យក្រុមអាស៊ីទៅកាន់ពិភពលោក។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៣៨ Dutch East Indies បានប្រកួតជុំផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកដែលរៀបចំនៅបារាំង ដោយមាន១៦ក្រុមចូលរួម។ ក្រុមនៃប្រទេសដែលស្ថិតក្រោមអាណានិគមហូឡង់មួយនេះ បានតទល់ជាមួយក្រុមជម្រើសជាតិហុងគ្រី។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Stade Auguste-Delaune ក្នុងក្រុង Reims ប្រទេសបារាំង ក្រុមមកពីអឺរ៉ុបបានយកឈ្នះក្នុងលទ្ធផល ៦-០ ដែលធ្វើបានដោយកីឡាករ Kohut នៅនាទី ១៤, Toldi (១៦), Sárosi (២៥, ៨៨) និង Zsengellér (៣០, ៦៧)។
បើទោះបីចាញ់ត្រឹមប្រកួតដំបូងក៏ដោយ ប៉ុន្តែឥណ្ឌូណេស៊ីបានតំណាងឲ្យប្រទេសនៅតំបន់អាស៊ីទាំងមូលដែលបានបង្ហាញខ្លួនដំបូងគេបង្អស់ក្នុងឆាកអន្តរជាតិ។
World Cup លើកទី៣ ឆ្នាំ១៩៣៨ មានក្រុមចូលរួមទាំងអស់១៦ រួមមានម្ចាស់ផ្ទះបារាំង អ៊ីតាលី ន័រវេស បែលហ្ស៊ិក ប្រេស៊ីល ប៉ូឡូញ ឆេកូស្លូវ៉ាគី (បច្ចុប្បន្នចែកជាសាធារណរដ្ឋឆេក និងស្លូវ៉ាគី) ហូឡង់ ហុងគ្រី Dutch East Indies (ឥណ្ឌូណេស៊ី) ស្វីស អាល្លឺម៉ង់ ស៊ុយអែត អូទ្រីស គុយបា និងរូម៉ានី។
អ៊ីតាលីដែលជាក្រុមការពារតំណែងជើងឯកចាស់ (ឆ្នាំ១៩៣៤) បានលើកពានជាលើកទី២ បន្ទាប់ពីយកឈ្នះហុងគ្រីនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៤-២ នាការប្រកួតនៅកីឡដ្ឋាន Stade Olympique de Colombes ក្នុងក្រុងប៉ារីស ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៣៨។ ចំណាត់ថ្នាក់លេខ៣ បានទៅប្រេស៊ីល និងលេខ៤ ស៊ុយអែត៕
Tag:
បាល់ទាត់
FIFA World Cup
Dutch East Indies
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com