អន្តរជាតិ
រដ្ឋាភិបាល​អ៊ីតាលី​ថ្មី​ថា ខ្លួន​មិនមែនជា​រដ្ឋាភិបាល​«​បាទ​ទាន​» ចាំតែ​ស្តាប់​រាល់​បញ្ជា​របស់​រដ្ឋ​អឺរ៉ុប​ឡើយ
08, Jun 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អ៊ីតាលី​ថ្មី​ដែលមាន​និន្នាការ​ប្រឆាំង​អឺរ៉ុប​នោះបាន​បញ្ជាក់ថា ខ្លួន​មិនមែន​ចាំតែ​ស្តាប់​បញ្ជា​ប្រទេស​អឺរ៉ុប​ណាមួយ​ឡើយ​ជុំវិញ​ការដាក់ទណ្ឌកម្ម​រុស្ស៊ី  ហើយ​ខ្លួន​ក៏​ចង់​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​រុស្ស៊ី​ដែរ​។ នេះ​ជាការ​ឆ្លើយតប​ចំពោះ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែល​ទាមទារ​ឲ្យ​អ៊ីតាលី​រក្សា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​កន្លងមកនេះ​។​


«​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីតាលី​មិនមែន​អនុវត្ត​គោលនយោបាយ បាទ​ទាន ដូច​មុន​ឡើយ​»​។  នេះ​ជាស​ម្តី​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​អភិវឌ្ឍ​សេដ្ឋកិច្ច Luigi Di Maio នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ឆ្លើយតប​នឹង​ការព្រមាន​របស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ចំពោះ​អ៊ីតាលី​ជុំវិញ​ការដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី RT  មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​រ៉ូម​ថ្មី​នេះ បាន​ថ្លែងថា រដ្ឋបាល​ថ្មី​នឹងមិន​កំសាក​ស្តាប់​បញ្ជា​របស់​រដ្ឋ​ដទៃ​ឡើយ ហើយក៏​គ្មាន​ចេតនា​ណាមួយ​ប្រើប្រាស់​គោលនយោបាយ​ការទូត​រណប​តាម​គេ​រហូត​ដែរ​។​

​តាមពិតទៅ​រដ្ឋាភិបាល​ថ្មី​របស់​អ៊ីតាលី​នេះ​បង្ហាញ​ការជំទាស់​ចំពោះ​ឥរិយាបថ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ចំពោះ​រុស្ស៊ី​កន្លងមក ហើយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី Giuseppe Conte ក៏​បង្ហាញ​ជំហរ​ផ្សា​ចង់ភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី និង​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ផងដែរ ។​

​ម្យ៉ាងទៀត​ការប្រកាស​បែបនេះ​ក៏​ជាការ​ឆ្លើយតប​នឹង​សម្តី​របស់​ប្រមុខ​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​អាមេរិក​ដែល​ព្រមាន​អ៊ីតាលី​ជុំវិញ​ការឈាន​ទៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែរ​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jens Stoltenberg បាន​ថ្លែង​ដូច្នេះ​៖« យើង​ត្រូវ​រក្សា​កិច្ចសន្ទនា​នយោបាយ​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ទណ្ឌកម្មសេដ្ឋកិច្ច​នៅតែ​សំខាន់​»​។ ចំណែក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​ណា​តូ​លោក Kay Bailey វិញ​បាន​ព្រមាន​អ៊ីតាលី​ចំៗ​ថា ក្នុងនាម​ជា​សមាជិក​ណា​តូ ប្រទេស​នេះ​ត្រូវ​រក្សា​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​រហូតដល់​ប្រទេស​នេះ​ប្តូរ​ឥរិយាបទ​។ បើ​មិន​ដូច្នោះ​ទេ វា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​។

​ត្រឡប់មកវិញ​លោក Luigi Di Maio បានបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​លោក​នឹង​បន្ត​កិច្ចពិភាក្សា​នយោបាយ​ជាមួយ​រុស្ស៊ី ហើយ​ទោះ​ក្នុងនាម​ជា​សមាជិក​របស់​ណា​តូ​ក៏ដោយ អ៊ីតាលី​គ្មាន​ចេតនា​ធ្វើ​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើយ​។​

 មន្ត្រីជាន់ខ្ពស់​រូបនេះ​ក៏​ពន្យល់​បន្ថែមថា អ៊ីតាលី​ក៏​បន្តធ្វើ​យ៉ាងណា​រក្សា​ប្រយោជន៍​ជាតិ​ខ្លួន រាល់​ការចរចា និង​កិច្ចសហប្រតិបត្តិការ​នៅពេល​អនាគត​ជាមួយ​សហភាព​អឺរ៉ុប​ផងដែរ​។ លោក​សង្កត់ធ្ងន់ថា ប​ច្ច​ប្បន្ន​នេះ អ៊ីតាលី​បានឃើញ​លទ្ធផល​ខ្លះ​ហើយ ក្រោយ​ពេលដែល​រដ្ឋាភិបាល​ចម្រុះ​របស់លោក​រក្សា​ជំហរ​រឹងត្អឹង និង​ជំទាស់​សហភាព​អឺរ៉ុប​នោះ​៕



Tag:
 ​រុស្ស៊ី​
  អ៊ីតាលី​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com