អន្តរជាតិ
ថៃ៖ របបយោធាយកពិធីរាជាភិសេកមហាក្សត្រថ្មី ជាលេសពន្យារពេលបោះឆ្នោតម្តងទៀត? 22, Jun 2018 , 6:59 pm
ប្រមុខរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា (រូបភាព AFP)
× នៅដើមសប្ដាហ៍នេះ មេដឹកនាំរបបយោធាថៃ ប្រាយុទ្ធ ចន្ទអូចា និយាយថា ការបោះឆ្នោតទូទៅនឹងធ្វើឡើងនៅបន្ទាប់ពីបញ្ចប់ពិធីរាជាភិសេកផ្លូវការរបស់មហាក្សត្រថ្មី មហា វជិរាលង្ករណ៍ (Maha Vajiralongkorn) ។ សម្ដីរបស់លោក ប្រាយុទ្ធ បង្កើតការសង្ស័យថា ការបោះឆ្នោតដែលគ្រោងធ្វើនៅដើមឆ្នាំ២០១៩ អាចត្រូវបានលើកពេលម្ដងទៀត ខណៈគេមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៃពិធីឡើងគ្រងរាជ្យសម្បត្តិនេះនៅឡើយ។
អាចថារឿងគួរឲ្យភ្ញាក់ផ្អើល នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ស្រាប់លើកឡើងពីការរៀបចំពិធីឡើងគ្រោងរាជ្យផ្លូវការរបស់មហាក្សត្រ មហា វជិរាលង្ករណ៍ ខណៈកន្លងមក រឿងរ៉ាវទាក់ទងរាជវង្សមិនងាយបែកធ្លាយទៅខាងក្រៅឡើយ។ លោក ប្រាយុទ្ធ និយាយថា រដ្ឋាភិបាលលោកនឹងរៀបចំការបោះឆ្នោតនៅក្រោយពិធីរាជាភិសេករបស់មហាក្សត្រថ្មីប៉ុណ្ណោះ ព្រោះវាជារឿងសំខាន់សម្រាប់ប្រទេសជាងបញ្ហាអ្វីផ្សេងទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន AP លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មាននៅដើមសប្ដាហ៍នេះថា បញ្ហាសំខាន់បំផុតដែលក្រុមប្រឹក្សាសន្តិភាពសណ្ដាប់ធ្នាប់ (NCPO) កំពុងពិចារណា គឺការប្រុងប្រៀបខ្លួនរៀបចំពិធីឡើងគ្រងរាជ្យ។ លោកបានប្រាប់ប្រជាជនថៃ មិនត្រូវភ្លេចពីបញ្ហានេះឡើយ ព្រោះជាបញ្ហាសំខាន់បំផុត។
មេដឹកនាំរបបយោធាថៃ ក៏បានលើកឡើងពីបញ្ហានេះម្ដងទៀតក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេស។ នាជំនួបទ្វេភាគីក្នុងទីក្រុងឡុងដ៏ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េយ៍ បានស្នើឲ្យលោក ប្រាយុទ្ធ រៀបចំការបោះឆ្នោតឲ្យសេរី និងយុត្តិធម៌។ លោក ប្រាយុទ្ធ ក៏ឆ្លើយវិញថា៖ «ខ្ញុំធានាថា ការបោះឆ្នោតនឹងរៀបចំនៅឆ្នាំ២០១៩ ព្រោះច្បាប់បម្រើការបោះឆ្នោតកំពុងត្រូវបានអនុម័តហើយ។ ប៉ុន្តែយើងមានបេសកកម្មសំខាន់មួយទៀត គឺការរៀបចំពិធីរាជាភិសេក»។
កាលបរិច្ឆេទគ្រងរាជ្យផ្លូវការ អាស្រ័យលើមហាក្សត្រ
ពីវិមានរដ្ឋាភិបាលថៃមុនចេញទៅអឺរ៉ុប លោក ប្រាយុទ្ធ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ដើម្បីរៀបចំពិធីគ្រងរាជ្យឡើយ តែបានប្រាប់ទុកមុនថា កុំព្យាយាមរិះគន់លោកមានលេសអ្វីឲ្យសោះ។ ក្រោយកិច្ចប្រជុំរបស់រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីថៃ Wissanu Krea-ngam បានប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋាភិបាលមិនទាន់កំណត់កាលបរិច្ឆេទឡើយ ហើយវាស្ថិតក្រោមការសម្រេចព្រះទ័យរបសព្រះចៅ មហា វជិរាលង្ករណ៍ អង្គឯងប៉ុណ្ណោះ។
ដំណើរការរៀបចំពិធីគ្រងរាជ្យផ្លូវការ នឹងត្រូវចំណាយពេលរាប់ខែព្រោះជាព្រឹត្តការណ៍ដ៏ធំក្នុងប្រវត្តិសាស្ត្រ។ ប្រមុខរដ្ឋ និងមេដឹកនាំពិភពលោកជាច្រើន រំពឹងថា នឹងត្រូវបានអញ្ជើញចូលរួមពិធីនេះ។ កាលពីពិធីឡើងរាជាភិសេករបស់ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ក្នុងឆ្នាំ១៩៥០ ហើយមានភ្ញៀវសំខាន់ៗចំនួន៤២ប្រទេសចូលរួម។ ដោយសារបញ្ហានេះ ពិធីគ្រងរាជ្យរបស់ព្រះចៅ មហា វជិរាលង្ករណ៍ ក៏ទំនងជាមានទ្រង់ទ្រាយធំដុំអធិកអធមដូចគ្នា។
របបយោធាប្រើពិធីរាជាភិសេក ជាលេសពន្យារពេលបោះឆ្នោត?
ខណៈដែលកាលបរិច្ឆេទនៃពិធីឡើងគ្រងរាជ្យមិនទាន់កំណត់ ការព្រួយបារម្ភក៏កើតឡើងជាថ្មីម្ដងទៀតជុំវិញអនាគតប្រជាធិបតេយ្យនៅថៃ ជាពិសេសការបោះឆ្នោតតែម្ដង។ ដូចបានរៀបរាប់ខាងលើ លោក ប្រាយុទ្ធ បញ្ជាក់ច្បាស់ថា ការបោះឆ្នោតនឹងកើតក្រោយពិធីរបស់មហាក្សត្រប៉ុណ្ណោះ។ ព្រោះតែហេតុនេះ សំណួរដដែលមួយក៏លេចឡើងម្ដងទៀត។ តើរបបយោធាចង់អូសបន្លាយពេលបោះឆ្នោតជាថ្មីទៀតឬយ៉ាងណា?
តាំងពីរដ្ឋប្រហារខែឧសភា ឆ្នាំ២០១៤ របបសឹកថៃបានលើកពេលបោះឆ្នោតម្ដងហើយម្ដងទៀត។ ម្ដងថានៅខែតុលា ឆ្នាំ២០១៥ ម្ដងថានៅខែវិច្ឆិកា ឆ្នាំ២០១៨ និងចុងក្រោយនេះបានពន្យារពេលដល់ខែកុម្ភៈ ឆ្នាំ២០១៩ ទៅទៀត។ ការងើបតវ៉ាប្រឆាំងការដឹកនាំរបស់យោធាក៏បានលេចជាបន្តបន្ទាប់ ព្រោះតែការមិនពេញចិត្តនឹងការអូសបន្លាយការក្តោបក្តាប់អំណាចរបស់ក្រុមយោធា។
ជាមួយនឹងព្រឹត្តការណ៍ចុងក្រោយ ក្នុងករណីការបោះឆ្នោតពន្យារពេលមែននោះ លោក ប្រាយុទ្ធ អាចមិនសូវរងការរិះគន់ឡើយ ព្រោះវាជាប់ពាក់ព័ន្ធនឹងមហាក្សត្រដែលត្រូវបានប្រជាជនថៃគោរពខ្លាំង និងត្រូវបានការពារដោយច្បាប់។ ការឡើងគ្រងរាជ្យនេះ ក៏ជាការចង់បានរបស់សង្គមថៃដែលបែកបាក់ដោយសាររឿងនយោបាយនេះ៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com