កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd អញ្ជើញអ្នករងគ្រោះក្នុងរូងភ្នំ រួមទាំងអ្នកជួយសង្គ្រោះ ទៅ Old Trafford 12, Jul 2018 , 6:59 am
× ក្លិបកីឡាបាល់ទាត់ Manchester United បានអញ្ជើញក្រុមកីឡាករបាល់ទាត់ Wild Boars ទាំង១២នាក់ រួមទាំងគ្រូរបស់ពួកគេម្នាក់ទៀត ដែលបានសង្គ្រោះចេញរួចពីរូងភ្នំដោយជោគជ័យ ទៅកាន់ទឹកដី Old Trafford ដើម្បីទស្សនាការប្រកួតពានរង្វាន់ Premier League រដូវកាលថ្មីនាពេលខាងមុខ។
សមាជិកក្រុមកីឡាបាល់ទាត់យុវជនទាំង១២នាក់ ដែលមានអាយុចន្លោះពី១១ ទៅ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់វ័យ២៥ឆ្នាំ បានចាកចេញពីក្នុងរូងភ្នំ Tham Luang ដែលមានទឹកជនលិចដោយសុវត្ថិភាពទាំងអស់គ្នាហើយកាលពីថ្ងៃទី១០ ខែកក្កដា បន្ទាប់ពីក្រុមអ្នករុករកបានចំណាយពេល១៨ថ្ងៃក្នុងបេសកកម្មជួយសង្គ្រោះ។
រឿងរ៉ាវបាត់ខ្លួនយ៉ាងអាថ៌កំបាំងនេះ បានធ្វើឲ្យពិភពលោករួមទាំងក្លិប និងអ្នកកីឡាបាល់ទាត់ភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងនោះ ក្លិបរហស្សនាមបិសាចក្រហមក៏ចាប់អារម្មណ៍ពីព្រឹត្តិការណ៍នោះដែរ ហើយបានសរសេរសារលើបណ្ដាញសង្គម twitter ផ្ទាល់របស់ពួកគេថា៖«ក្លិប Man Utd មានអារម្មណ៍ធូរស្រាលហើយ នៅពេលទទួលដំណឹងថា កីឡាករបាល់ទាត់យុវជនអាយុរក្រោម១៦ឆ្នាំ ទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលជាប់ក្នុងរូងភ្នំដ៏អាថ៌កំបាំងនៅប្រទេសថៃ មានសុវត្ថិភាពវិញពេលនេះ។ ពួកយើងសូមបួងសួងដល់ជនរងគ្រោះទាំងអស់ និងអ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍នោះ។ យើងសូមស្វាគមន៍ក្រុមកីឡាបាល់ទាត់ Wild Boars រួមទាំងក្រុមអ្នកជួយសង្គ្រោះទៅកាន់កីឡដ្ឋាន Old Trafford ដើម្បីទស្សនាការប្រកួត នារដូវកាលថ្មីជិតចូលមកដល់ខាងមុខនេះ»។
ដោយឡែកខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Kyle Walker បើទោះបីកំពុងជាប់ភារកិច្ចសំខាន់នៅ World Cup ក៏ដោយ តែរូបគេបានសរសេរលើ Twitter ដោយបង្ហាញអារម្មណ៍រីករាយពេលដឹងថាមនុស្សទាំង១៣នាក់បានចេញផុតពីរូងភ្នំ។ លើសពីនេះទៀត សមាជិកក្រុម Man City បានសន្យាថានឹងផ្ដល់អាវជម្រើសជាតិអង់គ្លេសដល់ពួកគេទាំងអស់គ្នាទៀតផង។
រីឯលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA កាលពីថ្ងៃទី៦ ខែកក្កដាក៏បានអញ្ជើញពួកគេទាំង១៣នាក់ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ីដែរ ប៉ុន្តែគ្រូពេទ្យថាក្មេងៗមិនទាន់អាចធ្វើដំណើរទៅកាន់ក្រុងមូស្គូបានទេព្រោះស្ថានភាពជំងឺមិនទាន់ល្អ៕
Tag:
បាល់ទាត់
ក្មេងប្រុសបាត់ខ្លួននៅថៃ
FIFA World Cup
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com