ពីនេះ ពីនោះ
ខ្មែរប្រើ «វ៉ែនតា» ដែលមិនមែនជាពាក្យខ្មែរ 26, Jul 2018 , 7:39 am
× ទោះបីពាក្យ«វ៉ែនតា»មាននៅក្នុងវចនានុក្រមខ្មែរពិតមែនក្តី តែក៏មិនមែនជាពាក្យខ្មែរដែរ។ ហើយពលរដ្ឋខ្មែរស្ទើរតែប្រើពាក្យ «វ៉ែនតា» នេះជាពាក្យខ្មែរទៅហើយ។ តាមការពិតពាក្យនេះ ជាកម្ចីពីសៀម។ មែនទែនទៅពាក្យ«វ៉ែនតា» ខ្មែរពីបុរាណ ហៅថា «កែវស្នងភ្នែក» ជាកែវសម្រាប់ពាក់ជាជំនួយភ្នែក ដែលស្រវាំងឲ្យឃើញច្បាស់។
បើហៅតាម បាលី ថា «ចក្ខុបត្ថម្ភក»(ច័ក ខុ ប៉ាត់ ថ័ម ភក់) កែវជាជំនួយភ្នែក។ ខ្មែរយើងឥឡូវ មិនបានប្រើពាក្យនេះឲ្យត្រឹមត្រូវទៅតាមពាក្យខ្មែរពីបុរាណឡើយ ភាគច្រើនគេចូលចិត្តប្រើជាពាក្យកម្ចីពីបរទេសជាង ពីព្រោះវាជាសម័យកាលពេញនិយមភាសាបរទេស។
ភាគតិចណាស់ ដែលពួកគេប្រើជាភាសាខ្មែរពីបុរាណ ខណៈដែលភាសាបរទេសកំពុងរីកខ្ចរខ្ចាយទូទាំងប្រទេស។ ឧទាហរណ៍៖ «ហេង» ជាពាក្យកម្ចីពីចិន ចំណែកពាក្យខ្មែរ «លាភ», «ស៊យ» ជាពាក្យកម្ចីពីចិន ចំណែកពាក្យខ្មែរ «ឧបទ្រព»,«កម្ម៉ង់»ជាកម្ចីពីបារាំង,«អឌ័រ»ជាពាក្យអង់គ្លេស ពាក្យខ្មែរ «បញ្ជា», «ផ្លាក» ជាពាក្យកម្ចីពីបារាំង ពាក្យខ្មែរ «ស្លាក», «ព្រីយ៉ុង»ជាពាក្យកម្ចីពីបរទេស ពាក្យខ្មែរ «សំណៅឯកសារ»។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com