ភ្នំពេញ៖ ដើមឈើ២ប្រភេទ គឺដើមសាលព្រឹក្ស និងដើមពោធិព្រឹក្ស ដែលជាប់ពាក់ព័ន្ធនឹងជីវិតរបស់ព្រះសម្មាសម្ពុទ្ធ។ ព្រះពុទ្ធ ទ្រង់ប្រសូត និងទ្រង់បរិនិព្វាន នៅក្រោមដើមសាលព្រឹក្ស ដែលប្រជាពលរដ្ឋខ្មែរ ទម្លាប់ហៅថា ដើមរាំងប្រសូត ហើយទ្រង់ត្រាស់ដឹង នៅក្រោមដើមពោធិព្រឹក្ស។
នៅមុនគ្រិស្តសករាជ៦២៤ឆ្នាំ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតឡើងក្នុងលោក។ ព្រះអង្គ ទ្រង់ចាប់បដិសន្ធិក្នុងផ្ទៃនៃព្រះនាងសិរិមហាមាយា ជាព្រះអគ្គមហេសីនៃព្រះបាទសុទ្ធោទនៈ ដែលគ្រងរាជ្យនៅនគរកបិលវត្ថុ ក្នុងប្រទេសឥណ្ឌា។ ថ្វីដ្បិតបដិសន្ធិក្នុងត្រកូលក្សត្រមែន តែព្រះអង្គ ទ្រង់មិនប្រសូតក្នុងព្រះរាជវាំងនោះទេ គឺព្រះអង្គ ទ្រង់ប្រសូតនៅក្រោមដើមសាលព្រឹក្ស។
លុះដល់ព្រះជន្ម២៩ព្រះវស្សា ព្រះអង្គ ក៏លួចចេញទៅសាងព្រះផ្នួស។ ក្រោយសាងព្រះផ្នួស បាន៦ព្រះវស្សា ព្រះអង្គ ទ្រង់ត្រាស់ជាព្រះពុទ្ធ នៅក្រោមដើមឈើមួយប្រភេទ ដែលហៅថា ដើមពោធិព្រឹក្ស។ បន្ទាប់ពីត្រាស់ដឹងអស់រយៈពេល៤៥ព្រះវស្សា ព្រះអង្គ ក៏ឈានដល់ព្រះជន្ម៨០ព្រះវស្សា ហើយក៏បរិនិព្វាន (ស្លាប់) នៅក្រោមដើមសាលព្រឹក្ស។
ដោយសារតែដើមសាលព្រឹក្ស និងដើមពោធិព្រឹក្ស ជាប់ពាក់ព័ន្ធនឹងជីវិតព្រះពុទ្ធ ទើបប្រជាពលរដ្ឋខ្មែរ មានជំនឿ និងគោរពចំពោះដើមឈើទាំង២នេះ ជាពិសេសដើមពោធិព្រឹក្ស។ ប្រជាពលរដ្ឋខ្មែរទូទៅ មិនសូវហ៊ានកាប់ ឬកាច់មែកឈើទាំង២ប្រភេទនេះ ផ្តេសផ្តាស់នោះទេ។
បើទោះបីជាប្រជាពលរដ្ឋខ្មែរ មានជំនឿលើដើមសាលព្រឹក្ស និងដើមពោធិព្រឹក្សក៏ពិតមែន តែដើមឈើទាំង២ប្រភេទនេះ មិនសូវមានដាំដុះកុះករច្រើនកន្លែងដូចដើមឈើដទៃឡើយ។
មានមូលហេតុមួយចំនួន ដែលដើមឈើទាំង២នេះ មិនសូវមានដាំដេរដាស់ដូចដើមឈើដទៃ៖
ទី១. កាលពីបុរាណសម័យ ដើមឈើទាំង២នេះ មានដើមកំណើត នៅឯប្រទេសឥណ្ឌា មិនមានក្នុងប្រទេសកម្ពុជាទេ។ លុះសម័យក្រោយៗមក ទើបដើមឈើទាំង២នេះ ត្រូវបាននាំមកកម្ពុជា។
ទី២. ដើមឈើទាំង២នេះ ច្រើនតែដាំក្នុងវត្តអារាម មិនសូវដាំពោរពាសតាមកន្លែងផ្សេងៗនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរ មានជំនឿថា ដើមឈើនេះ ទាល់តែដាំក្នុងវត្ត ទើបពូកែសក្តិសិទ្ធិ។ ផ្កាដើមរាំងប្រសូត អាចយកធ្វើថ្នាំសម្រាប់ស្ត្រីកូនខ្ចីដ៏មានប្រសិទ្ធភាព។ ចំណែក ដើមពោធិព្រឹក្ស នាំឲ្យមានបារមីកាន់ ព្រោះមានពពួកទេវតាទាំងឡាយស្នាក់អាស្រ័យ។
ប្រសិនបើដាំនៅក្រៅទីវត្តអារាម ផ្ការាំងប្រសូតនេះ មិនសូវពូកែសក្ដិសិទ្ធិឡើយ ហើយដើមពោធិព្រឹក្ស អាចមានព្រាយបិសាចស្នាក់អាស្រ័យ ដែលជាហេតុនាំឲ្យកើតមានរឿងអពមង្គលដល់អ្នកស្រុកទៀតផង។
ទី៣. មិនថានៅកម្ពុជានោះទេ សូម្បីតែនៅប្រទេសឥណ្ឌា និងប្រទេសនានានៅអាស៊ីអាគ្នេយ៍ ក៏គេ និយមដាំតែក្នុងវត្តអារាមដែរ ព្រោះដើមឈើទាំង២នេះ ទាក់ទងនឹងពុទ្ធសាសនា។ ដើមពោធិព្រឹក្ស គឺជាវត្ថុ១ ក្នុងចំណោមវត្ថុទាំង៥ ដែលតំណាងឲ្យព្រះពុទ្ធសាសនា។ វត្ថុទាំង៤ទៀត គឺ ព្រះពុទ្ធប្បដិមា ព្រះចេតិយ ព្រះធម៌ និង ព្រះសារីរិកធាតុ។
មូលហេតុទាំងនេះហើយ បានជាដើមឈើទាំង២ប្រភេទ មិនសូវឃើញមាននៅតាមទីដទៃដូចដើមឈើផ្សេងៗ។ សូម្បីតែក្នុងព្រៃ ក៏មិនសូវមានដើមឈើនេះដែរ ជាពិសេសនៅកម្ពុជា តែម្តង៕